ក្រុមហ៊ុនផលិតយន្តហោះអ៊ែបឺស!

ក្រុមហ៊ុនផលិតយន្តហោះអ៊ែបឺសកំពុងចរចាលើគម្រោងការបញ្ជាទិញយន្តហោះថ្មីជាមួយចិន


ការចរចាលើកិច្ចព្រមព្រៀងថ្មីប្រកបដោយសក្ដានុពលក្នុងការលក់យន្តហោះអឺរ៉ុបរាប់រយគ្រឿងទៅឱ្យប្រទេសចិន បាននិងកំពុងប្រព្រឹត្តទៅ បន្ទាប់ពីក្រុមហ៊ុនអ៊ែបឹសបានយល់ព្រមលក់យន្តហោះធុនតូចប្រហែល៤០០គ្រឿងឱ្យចិនកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមហ៊ុនផលិតយន្តហោះអ៊ែបឺសកំពុងចរចាលើគម្រោងការបញ្ជាទិញយន្តហោះថ្មីជាមួយចិន

កិច្ចចរចាថ្មីនេះបានកើតឡើងចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន កំពុងតែអាក្រក់ ហើយក៏ចំពេលដែលលោក អេម៉ាណូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង គ្រោងធ្វើទស្សនកិច្ចក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ចិននាពាក់កណ្ដាលសប្តាហ៍នេះដែរ។

ក្រុមហ៊ុនផលិតយន្តហោះអ៊ឺរ៉ុប អ៊ែបឺស (Airbus) កំពុងចរចាលើគម្រោងលក់យន្តហោះជុំថ្មីឱ្យប្រទេសចិន ស្របពេលដែលលោក អេម៉ាណូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង គ្រោងមកប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោកប្រទេសចិននៅកណ្ដាលសប្តាហ៍នេះ។

កិច្ចព្រមព្រៀងប្រកបដោយសក្ដានុពលក្នុងការលក់យន្តហោះអឺរ៉ុបរាប់រយគ្រឿងនេះ បានកើតឡើងចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន កំពុងតែអាក្រក់។ គេមើលឃើញថាចិនកំពុងតែព្យាយាមចាប់យកក្រុមហ៊ុនអ៊ែបឺស ដើម្បីរក្សាតុល្យភាពទីផ្សារសម្រាប់ការនាំចូលយន្តហោះ។

មន្ត្រីម្នាក់នៅក្នុងការិយាល័យរបស់លោកប្រធានាធិបតីបារាំង បាននិយាយថា «ការចរចាកំពុងដំណើរការ» ហើយបានបន្ថែមទៀតថា កិច្ចព្រមព្រៀងណាមួយដោយក្រុមហ៊ុនបារាំងនឹងមិនគ្រាន់តែជាការកែកុនកិច្ចព្រមព្រៀងមុនៗឡើងវិញទេ។

ជុំវិញការចរចារអំពីទីផ្សារយន្តហោះអ៊ែបឹសនេះ ប្រភពក្នុងសហគ្រាសយន្តហោះបានអះអាងដោយប្រយ័ត្នប្រយែងថា ការពិភាក្សាមានចំណុចជឿនលឿនច្រើន ប៉ុន្តែសេចក្តីលម្អិតនៅមិនទាន់បញ្ចប់នៅឡើយទេ។

ចាប់តាំងពីឆ្នាំ ២០០៨ ក្រុមហ៊ុនផលិតយន្តហោះអ៊ឺរ៉ុបមានសាខាដំឡើងយន្តហោះដឹកអ្នកដំណើរធុនតូចនៅទីក្រុងកំពង់ផែធានជីងក្នុងប្រទេសចិន។ កិច្ចចរចាប្រហែលជានឹងរួមបញ្ចូលទាំងការបង្កើតឱ្យមានវត្តមានឧស្សាហកម្មផលិតយន្តហោះអ៊ែបឹសក្នុងប្រទេសចិនដែរ។

លោក អេម៉ាណូអែល ម៉ាក្រុង គ្រោងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមេសា ជាមួយនឹងគណៈប្រតិភូប្រធានក្រុមហ៊ុននៅប្រទេសបារាំង ដែលអាចមាននាយកប្រតិបត្តិក្រុមហ៊ុន អ៊ែបឺស លោក ហ្គីយ៉ូម ហ្វូរី (Guillaume Faury) ផងដែរ។ ទោះបីជាយ៉ាងនេះក្ដី ក្រុមហ៊ុន អ៊ែបឺស មិនធ្វើអត្ថាធិប្បាយទេអំពីរឿងនេះទេ។

នៅលើផ្សារហ៊ុនឯណោះ ភាគហ៊ុនរបស់អ៊ែបឹសបានកើនឡើងជិត 2% លើសពីការរំពឹងទុក។

អ្នកការទូតនានានិយាយថា ជាញឹកញាប់ ដំណើរទស្សនកិច្ចកម្រិតខ្ពស់របស់មេដឹកនាំអឺរ៉ុប ឬរបស់មេដឹកនាំសហរដ្ឋអាមេរិក បង្កើតកិច្ចព្រមព្រៀងទិញនិងលក់យន្តហោះ ដែលទុកជារង្វាស់នៃទំនាក់ទំនងការទូត បើទោះបីជាកិច្ចព្រមព្រៀងនានាមានទំនោរស្ថិតក្រោមការត្រួតពិនិត្យថែមទៀត ចំពោះផលប៉ះពាល់បន្ថែមលើផ្នែកសេដ្ឋកិច្ច។

កាលពីខែកក្កដាឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍រដ្ឋ "Big Three" របស់ប្រទេសចិន បានសន្យាថានឹងទិញយន្តហោះ Airbus ធុនតូច សរុបចំនួន 292 គ្រឿង។ នោះជាការបញ្ជាទិញដ៏ធំបំផុតដោយក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសរបស់ចិន បើគិតចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត COVID-19 មក។ ក្នុងខែវិច្ឆិកាឆ្នាំដដែល ទីភ្នាក់ងាររដ្ឋចិនដែលទទួលបន្ទុកខាងការទិញ បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ Airbus ធុនតូច ចំនួន 140 គ្រឿង អំឡុងដំណើរទស្សនកិច្ចរបស់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កុលស៍ (Olaf Scholz)។

ក្រុមហ៊ុនផលិតយន្តហោះអ៊ែបឹសបាននិយាយថា សេចក្តីប្រកាសនេះបានគ្របដណ្តប់លើកិច្ចព្រមព្រៀងដែលមានចុះក្នុងសៀវភៅរបស់ខ្លួនរួចហើយ រួមទាំងលើផ្នែកខ្លះនៃកិច្ចព្រមព្រៀងកាលពីខែកក្កដាផងដែរ។

មកដល់ពេលនេះ ចិនគឺជាប្រទេសមួយដែលមានវិស័យដឹកជញ្ជូនផ្លូវអាកាសមមាញឹកបំផុតមួយនៅលើពិភពលោក។ ទោះបីជាវិស័យនេះបានរងសំពាធដោយការរីករាលដាលនៃមេរោគកូវីដ ១៩ ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏បណ្តាក្រុមហ៊ុនអាកាសចរណ៍ធំៗនៅក្នុងប្រទេសនេះ នៅតែបន្តបណ្តាក់ទុន និងពង្រីកសេវាកម្មដឹកជញ្ជូនផ្លូវអាកាសរបស់គេដដែល៕




អត្ថបទបន្ទាប់


តើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងតែឈឺក្បាលវិលមុខ ដោយសារនាវាមុជទឹកនុយក្លេអ៊ែរចិនក្នុងសមុទ្រចិនខាងត្បូងមែនឬយ៉ាងណា?

របាយការណ៍ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបង្ហាញថា នេះជាលើកដំបូងហើយដែលប្រទេសចិនបានរក្សាទុកនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរ យ៉ាងហោចណ…

តើតម្លៃប្រាក់ដុល្លារធ្លាក់ចុះបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចអ្វីខ្លះ?

តម្លៃប្រាក់ដុល្លារធ្លាក់ចុះ ដោយសារតែមូលដ្ឋានសេដ្ឋកិច្ចរបស់អាមេរិកចុះទន់ខ្សោយ ខណៈដែលផលប៉ះពាល់នៃការកាត់បន្ថយផលិតកម្មប្រេងរបស់ OPEC+ មិនសូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ