លោក យូតាម៉ា សាវណ្ណា យ៉ាណា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថៃ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមហ៊ុន Alibaba គ្រោងនឹងបង្កើតមជ្ឈមណ្ឌលភ័ស្តុភារ នៅក្នុងទីក្រុងឆាជឹងសៅ ដែលរាជរដ្ឋាភិបាលថៃ គ្រោងនឹងអភិវឌ្ឍន៍ទៅជា តំបន់សេដ្ឋកិច្ចឈានមុខ ដែលជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើតផងដែរ។
ក្រុមហ៊ុនចិនមួយនេះ បង្ហាញពីការចាប់អារម្មណ៍ពី តំបន់អាស៊ីអាគ្នេយ៍ ដោយសារតែ នៅឆ្នាំ ២០១៨ តំបន់នេះមានអ្នកប្រើប្រាស់អ៊ីនធើណេតជាង ៣៧០លាននាក់ ហើយភាគច្រើនពួកគេប្រើប្រាស់ស្មាតហ្វូន គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនចំណូលមធ្យម ដែលពេញវ័យនឹងចំណាយលុយលើ ប្រព័ន្ធអនឡាញ។
លោក យូតាម៉ា បន្តថា Alibaba គ្រោងនឹងប្រើប្រាស់ប្រទេសថៃ ជាមូលដ្ឋានភ័ស្តុភារ សម្រាប់បម្រើដល់ វិស័យពាណិជ្ជកម្មអនឡាញរបស់ខ្លួន ហើយមិនត្រឹមតែ ជួយលើកស្ទួយដល់ សហគ្រាសធុនតូច-មធ្យម ក្នុងប្រទេសថៃនោះទេ រួមមានទាំង សហគ្រាសក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីផ្សារភ្ជាប់ពួកគេ ទៅកាន់ទីផ្សារសកលលោក។
សូមបញ្ជាក់ថា ក្រុមហ៊ុន Alibaba កំពុងតែសំលឹងមើលលើ ការវិនិយោគទឹកប្រាក់ជាង ៣២០លានដុល្លារអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា ដែលផ្សារភ្ជាប់ផលិតករថៃ ទៅកាន់អតិថិជនអន្តរជាតិ រួមមានប្រទេសចិនផងដែរ ពោលគឺ អតិថិជន ជាជនជាតិចិនថ្នាក់កណ្តាលជាង ៣០០លាននាក់ ខណៈ ប្រទេសចិន នឹងក្លាយជា ប្រទេសអ្នកប្រើប្រាស់ធំជាងគេបង្អស់នៅលើពិភពលោក។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Alibaba Group នឹងផ្តល់ការបណ្តុះបណ្តាលដល់ សហគ្រាសថៃខ្នាតតូច និងមធ្យម ដើម្បីជួយពួកគេ បង្កើតទីផ្សារអនឡាញឲ្យអស់សក្តានុពល និងជួយប្រទេសថៃ បង្កើតវេទិកាអនឡាញថ្នាក់ជាតិមួយផងដែរ។
គួរជម្រាបដែរថា កាលពីខែមីនា ឆ្នាំ ២០១៨ ជាពេលចាប់ផ្តើមដំបូង ដែលក្រុមហ៊ុន Alibaba ផ្សារភ្ជាប់ទំនាក់ទំនងមកកាន់ តំបន់អាស៊ីអាគ្នេយ៍ តាមរយៈពាណិជ្ជកម្មអនឡាញ ដោយបានបង្កើត មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភ័ស្តុភារ ក្រោយកិច្ចសហការជាមួយ រដ្ឋាភិបាលម៉ាឡេស៊ី ហើយកាលពីពេលថ្មីៗនេះ ក៏បានបោះទុនប្រមាណ ៤ពាន់លានដុល្លារអាមេរិក វិនិយោគនៅក្នុងប្រទេសសិង្ហបុរីផងដែរ៕