លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា កំណើននាំចេញដ៏គំហុកនៃបន្ទះសូឡា កង់ គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តនៅក្នុងរយៈពេល៩ខែមកនេះ គឺជាសក្ខីភាពបញ្ជាក់ពីការពង្រីកសមត្ថភាពផលិតកម្ម និងភាពជោគជ័យ នៃការធ្វើពិពិធកម្មទំនិញនាំចេញរបស់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ កត្តាចម្បងៗដែលអូសទាញកំណើននេះរួមមានការកើនឡើង នៃតម្រូវការទីផ្សារសកល រំហូរនៃការវិនិយោគថ្មីៗ និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញរបស់រោងចក្រក្នុងតំបន់។ ទោះជាយ៉ាងណា ដើម្បីធានានិរន្តរភាព នៃការរីកចម្រើននេះ លោកបណ្ឌិត លើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធបន្តទាក់ទាញទុនវិនិយោគ ពង្រឹងការបណ្តុះបណ្តាលបច្ចេកទេសឱ្យស្របតាមតម្រូវការទីផ្សារ និងជំរុញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យបានកាន់តែទូលំទូលាយ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ថា ការវិវត្ត នៃវិស័យឧស្សាហកម្មកម្ពុជា បានបោះជំហានឆ្ពោះទៅរកឧស្សាហកម្មបច្ចេកវិទ្យាកម្រិតមធ្យម។ យ៉ាងណាមិញចំពោះការហក់ឡើង នៃការនាំចេញបន្ទះសូឡារហូតដល់ជាង៦៦០% លោកបណ្ឌិតយល់ថា គឺដោយសារតែកម្ពុជា បានផ្លាស់ប្តូរពីការត្រឹមតែវេចខ្ចប់ទំនិញនាំចេញពីប្រទេសចិន មកជាការបង្កើតរោងចក្រដំឡើងបន្ទះសូឡាដោយផ្ទាល់ក្នុងស្រុក ដែលធ្វើឱ្យទីផ្សារនាំចេញមានវិសាលភាពទូលំទូលាយឡើងវិញ។ ការកើនឡើងតម្រូវការថាមពលស្អាត និងថាមពលកកើតឡើងវិញនៅលើទីផ្សារអន្តរជាតិ ជាពិសេសក្នុងតំបន់អឺរ៉ុប ក៏កត្តារួមចំណែកជួយជំរុញកំណើនការនាំចេញបន្ទះសូឡារបស់កម្ពុជា ផងដែរ។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់កាលពីពេលថ្មីៗថា ការស្ទុះងើបឡើងវិញនៃកំណើននាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជា គឺដោយសារការបញ្ជាទិញពីអ្នកប្រើប្រាស់នៅអាម៉េរិក មានការកើនឡើងខ្ពស់មកវិញ បន្ទាប់ពីរបាំងពន្ធនាំចូលដែលអាម៉េរិក បានដាក់ទណ្ឌកម្មមកលើកម្ពុជា ត្រូវបានដកចេញ គួបផ្សំផលិតផលបន្ទះសូឡា គឺជាផ្នែកមួយ នៃការបង្កើតប្រភពថាមពលអគ្គិសនីជំនួសឱ្យការប្រើប្រាស់ប្រេងឥន្ធនៈ។
គួរជម្រាបថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៦ កម្ពុជា បាននាំចេញបន្ទះសូឡាទៅកាន់ទីផ្សារអន្តរជាតិក្នុងទំហំទឹកប្រាក់ជាង៤៦លានដុល្លារកើនឡើងជាង៦៦០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងរយៈពេលដូចគ្នានេះ កម្ពុជា នាំចេញកង់សម្រេចបានទឹកប្រាក់ជាង៥៥២លានដុល្លារកើនឡើងជាង២៣%, គ្រឿងអេឡិចត្រូនិក និងភាគបំណែកសម្រេចបានទឹកប្រាក់ជាង៩១១លានដុល្លារកើនឡើងជាង៣៨%, ខ្សែភ្លើង និងបង្គុំខ្សែភ្លើងសម្រេចបានទឹកប្រាក់ជាង៥៨៣កើនឡើងជាង៣៧%, គ្រឿងបន្លាស់រថយន្តមានទឹកប្រាក់ជាង២៩៣លានដុល្លារកើនឡើងជាង ៣៩% និងសំបកកង់រថយន្តមានទឹកប្រាក់ជាង១,៧២៣លានដុល្លារកើនឡើងជាង៧៧%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕