

លោក សុខ កុសល ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា “វិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់ ដែលបានរៀបចំក្នុងការបណ្តុះបណ្តាល និងការបញ្ចេញធនធានមនុស្សដើម្បីបម្រើប្រទេសជាតិ ហើយដើម្បីឲ្យវិស័យអប់រំកាន់តែមានប្រសិទ្ធភាព យើងត្រូវផ្សារភ្ជាប់កម្មវិធីសិក្សា ជាមួយនឹងតម្រូវការការងារនៅលើទីផ្សារ។ អេ អឹម ខេ ពិតជាមានសេចក្ដីសោមនស្ស ដែលបានសហការជាមួយសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ដ ក្នុងការផ្ដល់ឱកាសដល់សិស្ស និស្សិត ឲ្យទទួលបានការបណ្ដុះបណ្ដាល ក៏ដូចជាហាត់ការនៅក្នុង អេ អឹម ខេ។

លោក Ian Findlay សាកលវិទ្យាធិការ និង អនុអធិការបតីនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ដ បានមានប្រសាសន៍ថា “មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅលើពិភពលោកទេ យើងសព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ជំងឺរាតត្បាត អតិផរណា អត្រាការប្រាក់កើនឡើង និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច។ ហេតុដូចនេះហើយ យើងកំពុងរង់ចាំមនុស្សជំនាន់ក្រោយ ដែលបានបញ្ចប់ការសិក្សាជាមួយនឹងចំណេះ និងជំនាញរបស់ពួកគេ មកជួយដោះស្រាយបញ្ហា និងធ្វើឲ្យពិភពលោកប្រសើរឡើង។ ហើយសិស្ស និស្សិតបញ្ចប់ការសិក្សារបស់យើង បានត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញនូវអ្វីដែលល្អបំផុតដែលយើងអាចធ្វើបាននៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ យើងពិតជារីករាយដែលបានសហការជាមួយ អេ អឹម ខេ ដែលមានទស្សនៈវិស័យវែងឆ្ងាយក្នុងការចូលរួមជាមួយយើង ដើម្បីសម្រេចនូវគោលដៅដ៏អស្ចារ្យជាមួយគ្នា”។
