អាកាសចរណ៍ជប៉ុន

កូវីដ-១៩ ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ខាតបង់ ១ពាន់លានដុល្លារ នៅត្រីមាសទី២


ព្យុះភ្លៀងនៃមេរោគរាតត្បាតកូវីដ-១៩ បាននិងកំពុងធ្វើឲ្យវិស័យឧស្សាហកម្មអាកាសចរណ៍សកលដាំក្បាលចុះយ៉ាងខ្លាំង។ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗជាច្រើនបានប្រកាសពីខាតបង់ និងបានកាត់បន្ថយចំនួនបុគ្គលិកយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្ដបន្ទាប់។ តួយ៉ាង ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ជប៉ុន ANA Holdings បានប្រកាសពីការខាតបង់ប្រចាំត្រីមាសក្នុងតម្លៃដល់ទៅប្រមាណ ១ពាន់លានដុល្លារអាមេរិកផងដែរ។
កូវីដ-១៩ ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ខាតបង់ ១ពាន់លានដុល្លារ នៅត្រីមាសទី២ (រូបភាព៖ Sky News)
ដោយ

ក្រុមហ៊ុន​អាកាសចរណ៍ជប៉ុន​ ANA បាន​បញ្ជាក់​ថា ប្រាក់ខាតបង់សុទ្ធ​របស់ក្រុមហ៊ុន​នៅអំឡុង​ត្រីមាសទី២ នៅឆ្នាំ២០២០នេះ ពោលគឺ ពីខែមេសា ដល់ខែមិថុនា មានតម្លៃជាទឹកប្រាក់​ដល់ទៅប្រមាណ​១ពាន់លាន​ដុល្លារអាមេរិក ដែល​ការខាតបង់នេះ គឺជាតួលេខ​ប្រចាំត្រីមាស​ដ៏អាក្រក់បំផុត​មួយ តាំងពីក្រុមហ៊ុន​នេះ ចាប់ផ្ដើម​ចេញ​តួលេខ​​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​កាលពីឆ្នាំ២០០៣មកម្ល៉េះ។

ការខាតបង់ប្រតិបត្តិការ​របស់ក្រុមហ៊ុនអាកាសចរណ៍​ជប៉ុនមួយនេះ បាន​កើនដល់ទៅ ជាង​១.៥០០ លាន​ដុល្លារអាមេរិក ធៀបនឹង​ប្រាក់ចំណេញ​ប្រតិបត្តិការកាលពីឆ្នាំមុន​​មានជាង​១៥០លាន​ដុល្លារ ជាមួយនឹង​ការលក់​មានតម្លៃជាង ១.១៥០ លាន​ដុល្លារអាមេរិក ធ្លាក់ចុះជិត ៧៦%។

នាយកប្រតិបត្តិ​ផ្នែកហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន ANA Holdings លោក អ៊ីឈីរ៉ូ ហ្វូកូហ្សាវ៉ា បាន​ថ្លែង​នៅក្នុងសេចក្ដីថ្លែងការណ៍ថា «តម្រូវការ​អ្នកដំណើរ​ទាំងជើងហោះហើរ​ក្នុងស្រុក និងអន្តរជាតិ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារតែ​រដ្ឋាភិបាល​នៃប្រទេស​ទូទាំង​ពិភពលោក​មានការ​រឹតបន្ដឹង​លើ​ការធ្វើដំណើរ និងការ​ប្រកាស​ដាក់ប្រទេស​ក្នុងគ្រាអាសន្ន​ពីសំណាក់​រាជរដ្ឋាភិបាល​ជប៉ុន​ជាដើម។» លោក  អ៊ីឈីរ៉ូ បន្ថែមថា ក្រុមហ៊ុន​ ANA នឹង​ព្យាយាម​ការបន្ថយ​​ថ្លៃដើម និង​ការចាត់វិធានការផ្សេងៗ​ដើម្បី​បន្ធូរបន្ថយ​ការខូចខាត​នៅអំឡុងពេលនេះ។

ទោះយ៉ាងណាក្រុមហ៊ុន​អាកាសចរណ៍ ANA ​មិនបាន​បញ្ជាក់ពីការ​ព្យាករ​ អំពី​ការខាតបង់​សរុប​នៅឡើយទេ ដោយសារតែ​ស្ថានភាព​នៃការរីករាល​ដាល​នៃមេរោគ​ស្ថិត​នៅក្នុង​ភាព​មិនច្បាស់លាស់​នៅឡើយ។

នៅក្នុងខែ​មិថុនាកន្លងទៅ ក្រុមហ៊ុន ANA បាន​បើកជើងហោះហើរ​ក្នុងស្រុក បានប្រមាណ​២៥% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ស្របពេលដែល​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ជំរុញ​ការបើកសេដ្ឋកិច្ចឡើងវិញ។

នៅខែ​កក្កដា នេះ ក្រុមហ៊ុននេះ ក៏បាន​បង្ហាញពីផែនការ​នឹង​ធ្វើឲ្យ​ប្រតិបត្តិការ​ជើងហោះហើរក្នុងស្រុក​មាន​ដល់ជាង​៤៣% នៃជើងហោះហើរ​ដែលធ្លាប់ទទួលបាន​កាលពីខែ​កក្កដា​ឆ្នាំមុន និងបន្ដ​ឲ្យបាន​ដល់ទៅជាង ៧២% នៅខែ​សីហា។

ដោយឡែក ចំពោះ​ប្រតិបត្តិការ​ដឹកទំនិញវិញ ក្រុមហ៊ុន ANA គឺរងផល​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ ដោយសារតែ​មាន​តម្រូវការ​ដឹកជញ្ជូន​នូវ​សម្ភារ​ផ្គត់ផ្គង់​បន្ទាន់នានា ដូចជា​ផលិតផល​ម៉ាស​ជាដើម ពោលគឺ ចំណូល​ពី​ប្រតិបត្តិការ​ដឹកជញ្ជូន​អន្តរជាតិ មានការ​ធ្លាក់ចុះ​តែ២,៧% ប៉ុណ្ណោះ ខណៈដែល​ការដឹកជញ្ជូន​ក្នុងស្រុក​ធ្លាក់ចុះ​ជាង​៤១%៕

None



អត្ថបទបន្ទាប់


មូលនិធិ ព្រូដិនស៍ បន្ត​ពង្រីក​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ​ មក​ដល់​ខេត្ត​កំពង់ចាមហើយ

ខេត្តកំពង់ចាម ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ - មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុន ព្រូដិនសល ក្នុងទ្វីបអាស៊ី និង…

រាជរដ្ឋាភិបាលត្រៀម៥០០លានដុល្លារបន្ថែមទៀត ជួយដល់ SME ឲ្យបន្ដ​ដង្ហើមរស់​ក្នុងវិបត្តិកូវីដ-១៩

សម្រាប់ជាជំហានបន្ទាប់ក្នុងការជួយឲ្យសហគ្រាសធុនតូច និងមធ្យម (SME) អាចបន្ដដង្ហើមលូតលាស់នៅក្នុងវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាកំពុងត្រៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ