ក្រុមអ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ ដែលប្រតិបតិ្តការអាជីវកម្មក្នុងវិស័យនេះបានមើលឃើញយ៉ាងច្បាស់ថា នឹងធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យមួយនេះ ដែលបច្ចុប្បន្នពួកគេ មិនទាំងបានរើបម្រាស់រួចពីការកំណត់ពិដានអត្រាការប្រាក់ ១៨% នៅឡើយផង។
ជុំវិញនឹងបញ្ហាក្តៅមួយនេះដែរ ត្រូវបានខាងវិស័យឯកជនដែលជាអ្នករកស៊ីនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ជួបពិភាក្សាយ៉ាងផុលផុសជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា។
👉 គួរអាន ! គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងជួបវិបត្តិធ្ងន់ធ្ងរឈានទៅរកការក្ស័យធន?
លោកឧកញ៉ា លី ហួរ សហប្រធានក្រុមការងារបច្ចេកទេសទី២ ផ្នែកហិរញ្ញវត្ថុ និងធនាគារនៃសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា សេចក្តីប្រកាសនេះមិនអាចធ្វើឲ្យខាងធនាគារនិងមីក្រូហិរញ្ញវត្ថុ ទទួលយកបាន និងអនុវត្តបានភ្លាមនោះទេ ដូច្នេះ ទាមទារឲ្យខាងស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ត្រូវរៀបចំវិនិយោគលើប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងលើអាករបន្ថែមនេះ និងឯកសារសំខាន់ៗ ព្រមទាំងជាបន្ទុកបន្ថែមសម្រាប់អតិថិជនសិន។
លោកឧកញ៉ា លី ហួរ មានប្រសាសន៍ថា «អ្វីដែលខាងសមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចង់បានគឺចង់ឲ្យលុបប្រកាសនេះចោលដើម្បីចៀសវាងការប៉ះពាល់ច្រើនដល់បន្ទុករបស់ប្រជាពលរដ្ឋថែមទៀត»។
លោកឧកញ៉ា លី ហួរ បានបន្ថែមថា ខាងសមាគមធនាគារនិងសមាគមមីក្រូហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងកិច្ចប្រជុំថា ការយកពន្ធអាករលើតម្លៃបន្ថែមនេះ នឹងក្លាយជាបន្ទុករបស់អតិថិជន ហើយនឹងមានការប្រតិកម្មពីអតិថិជន ជាពិសេស អតិថិជនក្រីក្រដែលប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់មីក្រូហិរញ្ញវត្ថុ។
លោកឧកញ៉ាថា តំណាងសមាគមហិរញ្ញវត្ថុទាំងពីរនេះ ក៏បានលើកឡើងថា ពន្ធលើតម្លៃបន្ថែមនៃប្រកាសថ្មីនេះ ក៏ជាបន្ទុកនៃការកើនឡើងថ្លៃប្រតិបត្តិការនិងការវិនិយោគលើប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងលើអាករលើតម្លៃបន្ថែម ដែលដាក់លើសេវាហិរញ្ញវត្ថុនេះ។
លោក គាត បូរាណ អនុប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងក្នុងកិច្ចប្រជុំថា លោកសុំស្នើឲ្យលុបសេចក្តីប្រកាសស្តីពីការអនុវត្តពន្ធអាករបន្ថែមលើសេវាហិរញ្ញវត្ថុនេះ ដោយសារ នេះជាការដាក់បន្ទុកមួយបន្ថែមលើប្រជាជនក្រីក្រ ដែលមិនមែនជាគោលដៅរបស់រដ្ឋាភិបាលទេ ដែលគាត់ចង់ជួយប្រជាជនក្រីក្រ។
ពន្ធលើតម្លៃបន្ថែម (VAT) លើសេវាកម្មនេះហាក់ដូចជាបន្ថែមពន្ធមួយទៀតដល់ប្រជាជនក្រីក្រ។ ទីពីរ វានឹងបង្កើនបន្ទុកកាន់តែធ្ងន់សម្រាប់មីក្រូហិរញ្ញវត្ថុដោយសារតែកន្លងមក បានទទួលរងបន្ទុករួចមកហើយពីពិដានអត្រាការប្រាក់១៨%។
ជុំវិញនឹងការលើកឡើងខាងលើនេះដែរ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារពន្ធដារ និងវិស័យផ្សេងៗ ក៏បានសំណូមពរឲ្យខាងរដ្ឋាភិបាលពិភាក្សាជាមួយខាងវិស័យឯកជនមុនពេលចេញច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ពាក់ព័ន្ធនឹងវិស័យនេះ ដើម្បីជៀសវាងភាពមិនចុះសម្រុងនៅពេលអនុវត្ត។
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា «ខ្ញុំគិតថា រាល់ច្បាប់និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងវិស័យឯកជន ខ្ញុំសូមអំពាវនាវដល់ស្ថាប័នរដ្ឋាភិបាល ត្រូវជួបពិភាក្សាគ្នាជាមួយស្ថាប័នឯកជនជាមុនសិន ដើម្បីឲ្យមានផ្លូវរួមមួយ ចុះសម្រុងនឹងគ្នា ជៀសវាងការដាក់បន្ថែមលើគ្នា»។
សូមបញ្ជាក់ថា កាលពីដើមខែមិថុនានេះ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា អាករលើតម្លៃបន្ថែមត្រូវបានដាក់ឲ្យអនុវត្តតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ដួច្នេះ ការចេញប្រកាសពីអាករលើតម្លៃបន្ថែមនេះ គឺគ្រាន់តែដើម្បីពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមតែប៉ុណ្ណោះ មិនមែនជាការអនុវត្តថ្មីនោះឡើយ៕