
ទោះបីជាចំនួនភោជនីយដ្ឋានដែលបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជា មានរាប់ពាន់ភោជនីយដ្ឋាននិងមានភោជនីយដ្ឋានមិនបានចុះបញ្ជីរាប់ពាន់ផ្សេងទៀត ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ក៏ដោយក្ដី ប៉ុន្ដែ បើតាមអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានអះអាងថា វិស័យមួយនេះនៅតែមានសក្ដានុពល។ មានសក្ដានុពល ព្រោះថា កំណើនទេសចរនៅតែមានការកើនឡើងជារៀងរាល់ឆ្នាំ។ យ៉ាងណាក៏ដោយ ភោជនីយដ្ឋានទាំងនោះ ចាំបាច់ត្រូវមានស្ដង់ដារគុណភាព អនាម័យ និងសេវាកម្មល្អ ទើបអាចប្រកួតប្រជែងទីផ្សារបាន។
បើតាមរបាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា គិតមកទល់ដើមឆ្នាំ២០១៨នេះ ក្រសួងទេសចរណ៍បានផ្ដល់អាជ្ញាប័ណ្ណប្រកបអាជីវកម្មដល់ភោជនីយដ្ឋានជាង ២ពាន់ភោជនីយដ្ឋានហើយ នៅទូទាំងប្រទេស ហើយភោជនីយដ្ឋានទាំងនោះ មិនត្រឹមតែបម្រើសេវាកម្មជូនដល់ប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ តែក៏បានបម្រើដល់ទេសចរបរទេស ប្រមាណ ៥លាននាក់ដែលបានធ្វើដំណើរមកកាន់កម្ពុជាក្នុងមួយឆ្នាំៗផងដែរ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា វិស័យភោជនីយដ្ឋានត្រូវបានមើលឃើញបានដើរតួនាទីយ៉ាងសំខាន់មួយ សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ច តាមរយៈការបង់ពន្ធជូនរដ្ឋ និងផ្ដល់ការងារជាច្រើនសម្រាប់ពលរដ្ឋខ្មែរ។ មិនតែប៉ុណ្ណោះ វិស័យនេះក៏ជាផ្នែកមួយជំរុញដល់ការលូតលាស់នៃវិស័យទេសចរណ៍ផងដែរ ហើយបច្ចុប្បន្ន វាក៏នៅតែមានសក្ដានុពលខ្ពស់ ពិសេស នៅតាមតំបន់ដែលជាទិសដៅទេសចរណ៍សំខាន់ៗ ខណៈដែលកំណើនភ្ញៀវទេសចរ ដែលបានចូលមកកម្ពុជា បាននិងកំពុងមានកាន់តែច្រើនឡើងជាលំដាប់។

លោកស្រីបន្ថែមថា បច្ចុប្បន្ន ភោជនីយដ្ឋានស្ដង់ដារដែលជាប្រភេទភោជនីយដ្ឋានបែប ហាឡាល់ សម្រាប់អ្នកកាន់សាសនាអ៊ីស្លាម គឺនៅមានសក្ដានុពលទីផ្សារធំណាស់ ខណៈដែលអ្នកបើកភោជនីយដ្ឋាននេះនៅមានតិចតួចនៅឡើយ។
ប្រធានសមាគមទេសចរណ៍រូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ន កំណើននៃភ្ញៀវទេសចរដែលមកពីប្រទេសប៉ែកអារ៉ាប់ កំពុងមាននិន្នាការចូលមកទស្សនាកម្ពុជាកាន់តែច្រើន ដូច្នេះ ភោជនីយដ្ឋានប្រភេទនេះ ចាំបាច់បំផុតសម្រាប់បម្រើដល់ពួកគេ ខណៈដែលទេសចរមកពីអារ៉ាប់ ច្រើនចំណាយលុយច្រើនសម្រាប់ការធ្វើដំណើរកម្សាន្ដ និងមកជាលក្ខណៈគ្រួសារ។ ក្នុងនាមជាប្រតិបត្តិករទេសចរណ៍ លោកស្រីសង្ឃឹមថា នឹងមានអ្នកវិនិយោគលើភោជនីយដ្ឋានហាឡាល់នេះ កាន់តែច្រើន ដើម្បីជាភាពទាក់ទាញមួយដល់ភ្ញៀវទេសចរមកពីបណ្ដាប្រទេសអ្នកមានទាំងនោះ។
លោកស្រី ឆាយ ស៊ីវលីន បានគូសបញ្ជាក់ទៀតថា ដ្បិតថា បច្ចុប្បន្ន ចំនួនភោជនីយដ្ឋានមានច្រើនក៏ពិតមែន ប៉ុន្ដែ ភោជនីយដ្ឋានដែលមានគុណភាពនិងសេវាកម្មបែបស្ដង់ដារ នៅមិនទាន់មានច្រើននៅឡើយទេ តួយ៉ាង នៅរាជធានីភ្នំពេញ មានប្រមាណតែ ៥០ ទៅ ៦០% ប៉ុណ្ណោះ ខណៈដែលភោជនីយដ្ឋានស្ដង់ដារ នៅតាមបណ្ដាខេត្តមួយចំនួន នៅមានតិចតួចនៅឡើយ និងខេត្តខ្លះទៀតមិនទាន់មានតែម្ដង។

លោក តាំង ខុន នាយកគ្រប់គ្រងទូទៅភោជនីយដ្ឋាន G7 Sin Ma Claypot Live Frog ដែលជាយីហោមានប្រភពដើមពីសាំងហ្គាពួរ បានលើកឡើងដែរថា ប្រជាពលរដ្ឋខ្មែរ ពីមួយថ្ងៃទៅមួយថ្ងៃ មានការយល់ដឹង និងឲ្យតម្លៃលើការទទួលទានចំណីអាហារដែលមានគុណភាពកាន់តែខ្លាំងឡើងៗ ពិសេស ភោជនីយដ្ឋានស្ដង់ដារតែម្ដង។ ដូច្នេះហើយ ទើបធ្វើឲ្យយីហោភោជនីយដ្ឋានល្បីៗ ទាំងក្នុងស្រុក និងមកពីក្រៅស្រុក បានបើកឡើងបន្តកន្ទុយគ្នាជាបន្តបន្ទាប់។ លោកបន្ថែមថា អំណាចនៃការចាយវាយលើម្ហូបអាហារដែលមានគុណភាពខ្ពស់ បានសបញ្ជាក់ឲ្យឃើញពីការលូតលាស់នៃសេដ្ឋកិច្ចក្នុងប្រទេស ក៏ដូចជា កំណើនជីវភាពរបស់ប្រជាជនផងដែរ។
បើតាមការអះអាងពីនាយកគ្រប់គ្រងទូទៅដដែលនេះ បានគូសបញ្ជាក់ដែរថា ភោជនីយដ្ឋាន G7 របស់លោកក៏គ្រោងនឹងពង្រីកសាខាបន្ថែមទៀតនៅរាជធានីភ្នំពេញ និងបន្តពង្រីកទៅខេត្តដែលជាទិសដៅទេសចរណ៍ផ្សេងទៀត ដូចជា ខេត្តព្រះសីហនុ និងសៀមរាប ជាដើម ខណៈដែលបច្ចុប្បន្ន ភោជនីយដ្ឋាននេះទើបតែមាន ២សាខាប៉ុណ្ណោះ។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរបរទេសសរុប ជាង ៥លាន៦សែននាក់ បានចូលមកទស្សនាកម្ពុជាក្នុងឆ្នាំ២០១៧ ពោលគឺបានកើនឡើងជាង ១១ភាគរយ ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះ ភ្ញៀវទេសចរបរទេសដែលនាំមុខគឺ ជាជនជាតិចិន មានជាង ១លាននាក់ ខណៈដែលត្រឹមឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទាញយកទេសចរបរទេសឲ្យបាន ៧លាននាក់៕