ស្របពេលដែលកំណើនសេដ្ឋកិច្ចកម្ពុជានៅតែបន្តភាពវិជ្ជមានរបស់ខ្លួន បានធ្វើឲ្យប្រទេសដែលធ្លាប់ជាប់ឈ្មោះជាប្រទេសក្រីក្របំផុតនៃពិភពលោកមួយនេះបានក្លាយទៅជាដុំពេជ្រដ៏ភ្លឺត្រចះត្រចង់មួយនៅក្នុងក្រសែភ្នែកវិនិយោគិនធំៗពីប្រទេសអភិវឌ្ឍន៍។ ក្នុងនោះ ការវិនិយោគលើវិស័យអចលនទ្រព្យ ដែលទ្រទ្រង់ដល់កំណើននៃវិស័យទេសចរណ៍ ត្រូវបានកត់សម្គាល់ឃើញថា ក៏មានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ក្នុងរយៈចុងក្រោយនេះ តួយ៉ាង មានសណ្ឋាគារប្រណីតៗលំដាប់ពិភពលោកជាច្រើនបានបោះទុនរាប់រយលានដុល្លារមកវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ សណ្ឋាគារលំដាប់ថ្នាក់ខ្ពស់ថ្មីមួយទៀត ឈ្មោះ ហ្រ្គីនលែន ផ្លាទីនីម (Greenland Platinum) ដែលស្ថិតក្រោមគ្រប់គ្រងដោយក្រុមហ៊ុន Greenland Group ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិន បានសម្រេចចិត្តបោះទុនវិនិយោគយ៉ាងច្រើននៅកម្ពុជា ដោយគម្រោងសណ្ឋាគារនេះនឹងត្រូវសាងសង់ឡើងនៅលើអគារដ៏ធំស្កឹមស្កៃ នៃគម្រោង ឌីអាយ រីវើរ៉ា (D.I. Riviera) របស់ក្រុមហ៊ុនចិន ឈ្មោះ ជីហ្សាំង អ៊ីនវេសមិន ខេមបូឌា (Jixiang investment cambodia)។
យ៉ាងណាក៏ដោយ ក្រុមហ៊ុននេះមិនបានបញ្ជាក់ពីទុនវិនិយោគសរុបនិងរយៈពេលនៃការសាងសង់ ក៏ដូចជាការសម្រេចគម្រោងនៅពេលណាមួយជាក់លាក់នៅឡើយទេ។
លោក Yuliang Zhang ដែលជាអគ្គនាយកក្រុមហ៊ុន Greenland Group បានមានប្រសាសន៍ថា ប្រទេសចិននិងកម្ពុជាគឺជាអ្នកជិតខាងល្អ និងជាមិត្តភក្ដិដ៏ល្អ ដែលមានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ ជាពិសេស រយៈពេលចុងក្រោយនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែជិតស្និទ្ធផងដែរ។
អ្វីដែលពិសេសជាងនេះ គឺលោក Zhang មើលឃើញថា រាជធានីភ្នំពេញ ក៏ជាទីតាំងដ៏មានសក្តានុពលខ្លាំងបំផុតសម្រាប់ការវិនិយោគសម្រាប់បច្ចុប្បន្ននិងអនាគត ពិសេស គឺសក្ដានុពលនៃវិស័យទេសចរណ៍តែម្ដង ខណៈប្រជាជនចិនបានចូលមកវិនិយោគ ស្នាក់នៅ ក៏ដូចជាធ្វើដំណើរកម្សាន្ដមកកម្ពុជាកាន់តែច្រើនឡើងផងដែរ។
សូមបញ្ជាក់ថា ក្រៅពីសណ្ឋាគាររបស់ចិនដែលគ្រោងនឹងសាងសង់ថ្មីនេះ កន្លងមកក៏មានសណ្ឋាគារប្រណីតៗលំដាប់ខ្ពស់ជាច្រើនផ្សេងទៀត ក៏បាននិងកំពុងសម្រុកការសាងសង់របស់ខ្លួននៅកម្ពុជាផងដែរ។ តួយ៉ាង សណ្ឋាគារ Marriot របស់អាមេរិក ដែលបានបោះទុនជាច្រើនរយលានដុល្លារ និងកំពុងសាងសង់នៅខេត្តសៀមរាប ភ្នំពេញ ដែលត្រៀមនឹងរួចរាល់នៅចុងឆ្នាំនេះ។ សណ្ឋាគារមួយនេះ ក៏មានគម្រោងទៅបន្តសាងសង់សាខាបន្ថែមមួយទៀតនៅខេត្តព្រះសីហនុនៅឆ្នាំខាងមុខផងដែរ។
ជាមួយគ្នានេះ សណ្ឋាគារនិងរមណីយដ្ឋាន Rosewood ដែលមានទីតាំងនៅលើកំពូលនៃអគារវឌ្ឍនៈ ក៏នឹងបើកដំណើរការជាផ្លូវការឆាប់ៗខាងមុខនេះផងដែរ ខណៈដែលកន្លងមកសណ្ឋាគារមួយនេះ ធ្លាប់បានប្រកាសថា នឹងបើកជាផ្លូវការនៅត្រីមាសទី២ឆ្នាំនេះ។
ប៉ុន្ដែ គិតមកទល់ខែកញ្ញានេះ គេមិនទាន់ឃើញសណ្ឋាគារលំដាប់ពិភពលោកមួយនេះ បើកសម្ពោធជាផ្លូវការនៅឡើយទេ។ លើសពីនេះ បើតាមការលើកឡើងនៅលើគេហទំព័រផ្លូវការរបស់សណ្ឋាគារ Rosewood នេះ ក៏មានគម្រោងនឹងបើកសាខារបស់ខ្លួនថ្មីមួយទៀត នៅខេត្តសៀមរាបក្នុងឆ្នាំ២០១៩ខាងមុខផងដែរ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ កាលពីពេលថ្មីៗនេះ ក៏មានក្រុមហ៊ុនចិនមួយធ្លាប់បានអះអាងថា នៅក្នុងរយៈពេលតែកន្លះទសវត្សរ៍ប៉ុណ្ណោះ ក្រុមហ៊ុននេះនឹងសាងសង់សណ្ឋាគារនៅប្រទេសកម្ពុជាយ៉ាងហោចណាស់ឲ្យបាន ១០០សណ្ឋាគារ ដើម្បីបម្រើដល់កំណើនភ្ញៀវទេសចរ ដែលកំពុងតែមានការកើនឡើងខ្ពស់ ខណៈដែលរបាយការណ៍ពីក្រសួងទេសចរណ៍ បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០១៦ កម្ពុជាមានសណ្ឋាគារសរុបចំនួន ៦៤៧កន្លែង ស្មើនឹងជាង ៣៦.២៣៦បន្ទប់៕