បើតាមអគ្គនាយកធនាគារជប៉ុនដ៏ធំមួយ J Trust បានអះអាងថា ធនាគារ ANZ Royal នឹងផ្លាស់ប្តូរឈ្មោះថ្មី ទៅជាធនាគារ ចេត្រាស់ រ៉ូយ៉ាល់ (JTrust Royal Bank) វិញ ក្រោយពីបានឈានដល់ ការសម្រេចទិញលក់ភាគហ៊ុន អស់រយៈពេលជាង ១ឆ្នាំទៅហើយ ហើយក្រោយការប្តូរឈ្មោះ ភាគីជប៉ុន ក៏បានបង្ហាញពី យុទ្ធសាស្រ្តថ្មី ដែលផ្តោតទៅលើ ការផ្តល់ឥណទានសម្រាប់ ក្រុមហ៊ុនខ្មែរ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រហ្វេសប៊ុកផ្លូវការ របស់ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា។
លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា ប្រធានធនាគារ ចេត្រាស់ធ៏ (JTrust) បានជម្រាបដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលសម្តេចតេជោ ចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពី អនាគតអាស៊ី កាលពីសប្តាហ៍មុននេះថា លោកបានទិញភាគហ៊ុនរបស់ធនាគារ ANZ Royal នៅកម្ពុជា ដូច្នេះនាពេលបច្ចុប្បន្ននេះ រូបលោក បាននិងកំពុងធ្វើកិច្ចសហការ ការងារជាមួយក្រុមហ៊ុន Royal Group របស់មហាសេដ្ឋី ឧកញ៉ា គិត ម៉េង ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
នៅក្នុងឱកាសនោះដែរ ប្រធានធនាគារ ចេត្រាស់ ក៏បានបង្ហាញថា កន្លងទៅខាងធនាគារ ANZ Royal មិនសូវបានផ្តល់ឥណទានទៅ ក្រុមហ៊ុនខ្មែរនោះទេ ប៉ុន្តែ ធនាគារ ចេត្រាស រ៉ូយ៉ាល់ នឹងផ្តល់ប្រាក់កម្ចី ឬឥណទានទៅ ក្រុមហ៊ុនខ្មែរ។
បើយោងទៅតាមសេចក្តីប្រកាសរបស់ ធនាគារជប៉ុន ចេត្រាស់ធ៏ ធនាគារជប៉ុនថ្មីមួយនេះ បានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការ ទិញភាគហ៊ុន ៥៥ភាគរយ របស់ធនាគារ ANZ Royal ពីធនាគារ ANZ Group របស់អូស្រ្តាលី តាំងពីខែឧសភា ឆ្នាំ ២០១៨មកម្លេះ ដែលមានទំហំជាង ៤១ម៉ឺនភាគហ៊ុន ស្មើនឹងជាង ៨២លានដុល្លារអាមេរិក។
បច្ចុប្បន្ន ធនាគារ ចេត្រាស់ធ៏ កំពុងតែសហការជាមួយ ធនាគារ ANZ Royal ដើម្បីបង្កើតប្រព័ន្ធបច្ចេកវិទ្យាថ្មី ផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិក មុននឹងឈានដល់ ការផ្លាស់ប្តូរទាំងស្រុង នៅចន្លោះខែ កក្កដា និងខែកញ្ញា ខាងមុខនេះ ដើម្បីចៀសវាងផលប៉ះពាល់ដល់ សេវាកម្មបម្រើអតិថិជន។
គួរបញ្ជាក់ថា ធនាគារជប៉ុន ចេត្រាស់ធ៏ មួយនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៧ ដែលផ្តោតទៅលើ អាជីវកម្មហិរញ្ញវត្ថុជាចម្បង ហើយមានប្រតិបត្តិការនៅក្នុង ប្រទេសកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ម៉ុងហ្គោលី និងសិង្ហបុរី៕