ការផលិត iPhone ក្នុងរោងចក្រមួយនៅចិន អាចនឹងខាតបង់ដល់ ៣០%

Apple ប្រឈមនឹងការធ្លាក់ចុះការផលិត iPhone ដល់ទៅ៣០% ក្នុងខែវិច្ឆិកា ដោយសារការផ្ទុះកូវីដ១៩ នៅរោងចក្រដំឡើងមួយក្នុងប្រទេសចិន


រោងចក្រមួយរបស់ក្រុមហ៊ុនតៃវ៉ាន់ Foxconn នៅក្រុងចឹងចូវ ប្រទេសចិន កំពុងជួបបញ្ហាប្រឈមដ៏ធំបំផុត ខណៈមានការផ្ទុះកូវីដ១៩ ក្នុងរោងចក្រនេះ ដែលត្រូវបានបិទខ្ទប់ ហើយមានកម្មករជាច្រើន បានចាកចេញទៀតផង។ បញ្ហានេះ ត្រូវបានប៉ាន់ស្មានថា នឹងប៉ះពាល់ដល់ការផលិត iPhone របស់ក្រុមហ៊ុន Apple ប្រមាណ ៣០% នៅក្នុងខែវិច្ឆិកា ខណៈដែល iPhone គឺជាផលិតផលដ៏សំខាន់ក្នុងការរួមមចំណែកនៃប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗ។
Apple ប្រឈមនឹងការធ្លាក់ចុះការផលិត iPhone ដល់ទៅ៣០% ក្នុងខែវិច្ឆិកា ដោយសារការផ្ទុះកូវីដ១៩ នៅរោងចក្រដំឡើងមួយក្នុងប្រទេសចិន
ដោយ

រោងចក្ររបស់ Foxconn ក្នុងក្រុងចឹងចូវ នៃខេត្តហ៊ឺណាននេះ គឺជារោងចក្រដ៏ធំបំផុតមួយក្នុងប្រទេសចិន ដែលដំឡើងផលិតផលសម្រាប់ក្រុមហ៊ុនអាមេរិក Apple ក្នុងនោះ រួមមានទាំង iPhone 14 ផងដែរ។

បើតាមប្រភពមួយប្រាប់សារព័ត៌មាន Reuters ឱ្យដឹងថា បញ្ហាកូវីដ១៩ ក្នុងរោងចក្រនេះ នឹងកាត់បន្ថយការដឹកជញ្ជូនទូរសព្ទ iPhone រហូតដល់ ៣០% នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ។ តែយ៉ាងណា Foxconn កំពុងជំរុញការផលិត iPhone នៅរោងចក្ររបស់ខ្លួនដែលស្ថិតនៅក្រុងស៊ីនជិនវិញហើយ។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Foxconn កាលពីថ្ងៃទី៣០ ខែតុលា ឱ្យដឹងថា ស្ថានភាពនេះកំពុងត្រូវបានគ្រប់គ្រងមកវិញជាបណ្តើរៗ ហើយក្រុមហ៊ុននឹងសម្របសម្រួលការផលិតជាមួយរោងចក្ររបស់ខ្លួនផ្សេងៗទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់។ ទោះយ៉ាងណា ក្រុមហ៊ុនតៃវ៉ាន់នេះមិនបានបញ្ជាក់ពីចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងរោងចក្រដែលមានកម្មករប្រមាណ ២០ម៉ឺននាក់របស់ខ្លួននេះឡើយ។

ក្រុមហ៊ុនបន្តថា ចំពោះការធ្វើចត្តាឡីស័ករបស់កម្មករខ្លួន គឺអាជ្ញាធរបានផ្តល់អាហារសម្រាប់ពួកគេ។ ក្នុងពេលហ្នឹងដែរ បើមានកម្មករណាចង់ទៅផ្ទះវិញ គឺខាងរោងចក្រមិនហាមឃាត់ទេ ហើយថែមទាំងសហការជាមួយអាជ្ញាធរ ដើម្បីរៀបចំរថយន្តសម្រាប់ដឹកជូនទៀតផង។

យោងតាមរូបភាព និងវីដេអូជាច្រើនដែលបានបង្ហោះនៅលើបណ្តាញសង្គមចិន កាលពីថ្ងៃទី៣០ ខែតុលា បានបង្ហាញពីកម្មកររបស់ក្រុមហ៊ុន Foxconn បានចាកចេញពីរោងចក្រទៅផ្ទះពួកគេវិញទាំងយប់ ដោយមានទាំងកាបូបខោអាវ និងភួយទៅជាមួយ។

គួររំលឹកថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន Apple បានប្រកាសពីប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ គឺមានចំនួនជាង ៣៩៤ ពាន់លានដុល្លារ កើនឡើង ៨% បើប្រៀបធៀបនឹងឆ្នាំមុន។ បើគិតត្រឹមតែត្រីមាសទី៤ នៃឆ្នាំសារពើពន្ធ ២០២២ របស់ Apple គឺមានចំនួនជាង ៩០ពាន់លានដុល្លារ កើនឡើង ៨% ផងដែរ។ ចំពោះការលក់ទូរសព្ទខ្សែស្រលាយ iPhone 14 ដែលទើបចេញកាលពីខែមុននោះ គឺមានចំនួនដល់ទៅជាង ៤២ពាន់លានដុល្លារ កើនឡើង ១០% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួននេះ គឺបានចូលរួមចំណែកជិតពាក់កណ្តាលនៃចំណូលសរុបរបស់ Apple៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ទំហំសេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍កំពុងរីកលូតលាស់ខ្លាំងក្លាយ៉ាងណាខ្លះ?

សេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងលឿនដល់ចំណុចកំពូលមួយជាងការរំពឹងទុកនៅក្នុងឆ្នាំ២០២២នេះ ពោលគឺនឹងឈានដល់តម្លៃ២០០ពាន់លា…

តើកត្តាអ្វីខ្លះធ្វើឲ្យការលក់ផលិតផលបន្ទះឈីបសាកលលោកបង្ហាញពីការធ្លាក់ចុះជាលើកដំបូង គិតតាំងពីឆ្នាំ២០២០កន្លងមកនេះ?

ការលក់បន្ទះឈីបនៅទូទាំងពិភពលោក បានធ្លាក់ចុះជាលើកដំបូងនៅក្នុងខែកញ្ញាកន្លងទៅ បើគិតចាប់តាំងពីឆ្នាំ២០២០មក ដោយសារតែតម្រូវការទាបដែលបណ្តាលមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ