ក្រុមនិយ័តកររបស់សហរដ្ឋអាម៉េរិក និងតំបន់អឺរ៉ុប ដែលនៅប៉ែកម្ខាងម្នាក់នៃមហាសមុទ្រអាត្លង់ទិកកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបណ្ដឹងប្រឆាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ដែលកំពុងធ្វើឱ្យបណ្ដាវិនិយោគិនមានការព្រួយបារម្ភ ព្រោះពួកគេអាចប្រឈមនឹងការផាកពិន័យ ហើយអាចនឹងធ្វើឱ្យក្រុមហ៊ុននេះបាត់បង់ការក្ដោបក្ដាប់ផ្ដាច់មុខរបស់ខ្លួននៅក្នុងទីផ្សារ។
នៅសហរដ្ឋអាម៉េរិក ក្រសួងយុត្តិធម៌ និងអគ្គរដ្ឋអាជ្ញាកំពុងប្តឹងក្រុមហ៊ុន Apple ពីបទបំពានច្បាប់ប្រឆាំងទំនុកចិត្ត ហើយនៅតំបន់អឺរ៉ុបឯណោះវិញ ក្រុមហ៊ុនយក្សមួយនេះ ត្រូវបានអះអាងថា កំពុងប្រឈមមុខនឹងការស៊ើបអង្កេតជុំវិញ ថាតើវាកំពុងអនុវត្តត្រឹមត្រូវតាមច្បាប់ស្ដីពីទីផ្សារឌីជីថលរបស់តំបន់អឺរ៉ុប ដែរឬយ៉ាងណា។
ជាលទ្ធផលដំណឹងដ៏រំជើបរំជួលនេះ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះ ធ្លាក់ចុះ៤,១% កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ដោយធ្វើឱ្យមូលធនទីផ្សាររបស់ក្រុមហ៊ុននេះធ្លាក់ចុះ ឬ ខាតបង់រហូតដល់ទៅប្រមាណ១១៣ពាន់លានដុល្លារ។
ក្រុមហ៊ុន Apple ធ្លាប់ក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោកជាមួយនឹងមូលធនទីផ្សារជាង៣ទ្រីលានដុល្លារ ប៉ុន្តែពេលនេះក្រុមហ៊ុននេះទទួលបានលទ្ធផលមិនសូវល្អប៉ុន្មានឡើយទាំងនៅផ្សារហ៊ុន Nasdaq 100 និងផ្សារហ៊ុន S&P 500 ក្នុងឆ្នាំ២០២៤ នេះ។
នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុន Apple ត្រូវស្ថិតក្រោមការពិនិត្យពិច័យផ្នែកផ្លូវច្បាប់។ ក្រុមហ៊ុននេះ និងក្រុមហ៊ុនផ្សេងៗទៀតបានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនឆ្នាំមកហើយថា ធ្វើការប្រកួតប្រជែងដោយមិនត្រឹមត្រូវ ពោលគឺគាបសង្កត់បណ្ដាដៃគូប្រកួតប្រជែងដើម្បីកុំឱ្យមានប្រៀបជាងខ្លួន។
ដោយ: តែម សុខុម