នៅក្នុងសេចក្តីជូនដំណឹងផ្លូវការមួយ អាជ្ញាធរប្រេស៊ីលបានបញ្ជាឱ្យផ្អាកជាបន្ទាន់នូវការចែកចាយលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ដែលគេស្គាល់ថា មានម៉ាក iPhone ទាំងអស់នៅទូទាំងប្រទេស ដោយមិនគិតពីម៉ូដែល ឬជំនាន់ឆ្នាំរបស់វានោះទេ ឲ្យតែ iPhone ជំនាន់ណាដែលមិនបានភ្ជាប់មកជាមួយឆ្នាំងសាកថ្ម នោះគេត្រូវបញ្ឈប់ការលក់ជាបន្ទាន់។ ក្នុងនោះ គេសង្កេតឃើញថា ម៉ូឌែល iPhone 12 និង iPhone 13 នឹងត្រូវរងផលប៉ះពាល់ខ្លាំងជាងគេ ដោយហេតុថាវាជា ម៉ូឌែលស្មានហ្វូនចុងក្រោយមួយរបស់ Apple។
លើសពីនេះ ក្រសួងយុត្តិធម៌ និងសន្តិសុខសាធារណៈប្រេស៊ីល បានបញ្ជាឱ្យក្រុមហ៊ុនយក្សអាមេរិកមួយនេះ បង់ប្រាក់ពិន័យចំនួនជិត ២លាន៤សែនដុល្លារអាមេរិកផងដែរ ជុំវិញនឹងរឿងលក់ទូរស័ព្ទដោយគ្មានឆ្នាំងសាកថ្មនេះ។
គួររំឭកថា នេះមិនមែនជាបញ្ហាថ្មីនោះទេ ពោលគឺ Apple បានស្ថិតក្រោមការស៊ើបអង្កេតពីអាជ្ញាធរ ប្រេស៊ីលចាប់តាំងពីខែធ្នូឆ្នាំមុនមកសម្រាប់បទល្មើស ការលក់ផលិតផលមិនពេញលេញសម្រាប់អ្នកប្រើប្រាស់ និងពីបទមានការរើសអើងប្រឆាំងនឹងអ្នកប្រើប្រាស់ ក្រោយបានដាក់លក់ iPhone ដោយមិនមានភ្ជាប់ឆ្នាំងសាកមកជាមួយ។
មែនទែនទៅក្រុមហ៊ុន Apple ធ្លាប់ត្រូវអាជ្ញាធរប្រេស៊ីលផាកពិន័យម្តងរួចមកហើយជុំវិញបញ្ហាដដែលនេះ ប៉ុន្តែដោយសារ Apple មិនបានចាត់វិធានការណាមួយដោះស្រាយ ទើបអាជ្ញាធរប្រេស៊ីលសម្រេចហាមប្រាមការលក់តែម្តង។ បើតាមអាជ្ញាធរប្រេស៊ីល Apple បានចាត់ទុកការមិនដាក់បញ្ចូលឆ្នាំងសាកមកក្នុងប្រអប់ iPhone គឺដើម្បីជួយថែរក្សាបរិស្ថាន៕