បើតាមអ្នកជំនាញ និងអ្នកជំនួញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុបានអះអាងថា វិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន មិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជានោះឡើយ ពោលគឺវិស័យនេះ នៅតែដំណើរការបានជាធម្មតា និងនៅតែបន្ដភាពរឹងមាំទោះបីជាកំពុងប្រឈមនឹងបញ្ហាកូវីដ១៩ និងភាពតានតឹងនៃស្ថានការពិភពលោកក្ដី។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ដែរថា វិបត្តិនៅអ៊ុយក្រែនមិនបានជះឥទ្ធិពលធ្ងន់ធ្ងរមកលើវិស័យធនាគារកម្ពុជានោះទេ។ ប៉ុន្តែវិបត្តិនេះធ្វើឲ្យកម្ពុជាអាចប្រឈបបញ្ហាអតិផរណា ដោយសារតម្លៃប្រេងសកលហក់ឡើងថ្លៃខ្ពស់។ បើតាមលោកបណ្ឌិត អ៊ិន ចាន់នី វិស័យធនាគារនៅតែឈរជើងរឹងមាំ ទោះបីស្ថានការពិភពលោកកំពុងតានតឹង និងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ ពោលគឺការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជននៅតែរក្សាបានកំណើនគួរឲ្យកត់សម្គាល់។
ជាមួយគ្នានេះដែរ លោក ផល វ៉ាន់ឌី ប្រធានសមាគមមីក្រូហិរញ្ញវត្ថុបានអះអាងថា ទោះបីកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ និងទទួលរងឥទ្ធិពលពីវិបត្តិភូមិសាស្ត្រនយោបាយសកល ពិសេសសង្គ្រាមនៅអ៊ុយក្រែន តែវាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុនោះទេ។ ពោលគឺការផ្តល់ប្រាក់កម្ចី និងទទួលប្រាក់បញ្ញើក្នុងវិស័យនេះនៅតែបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់។ សម្រាប់លោក ផល វ៉ាន់ឌី ហាក់មិនមានការព្រួយបារម្ភពីសង្គ្រាមនៅអ៊ុយក្រែនធ្វើឲ្យប៉ះពាល់វិស័យមីក្រូហិរញ្ញវត្ថុនោះទេ។
ទោះបីជា ស្ថានភាពសេដ្ឋកិច្ចប្រឈមនឹងបញ្ហាកូវីដ១៩ និងស្ថានការពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ក្ដី ប៉ុន្ដែ លោក ផល វ៉ាន់ឌី បានបន្ថែមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនខ្វះដើមទុនក្នុងការផ្តល់កម្ចីដល់វិស័យសហគ្រាសធុនតូចនិងមធ្យមនោះទេ។ ប៉ុន្តែអ្វីដែលជាឧបសគ្គក្នុងការទទួលបានឥណទានសម្រាប់វិស័យនេះ គឺដោយសារសហគ្រាសមួយចំនួនខ្វះលទ្ធភាពក្នុងការរៀបចំផែនការអាជីវកម្ម និងពុំមានរបាយការណ៍ហិរញ្ញវត្ថុជាដើម។ តែយ៉ាងណាអ្នកជំនាញរូបនេះសង្កេតថា បច្ចប្បន្នអ្នករកស៊ីក្នុងវិស័យនេះភាគច្រើនមានលទ្ធភាពខ្ពស់ក្នុងការទទួលបានដើមទុនពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុសម្រាប់ពង្រីក និងបើកអាជីវកម្ម បន្ទាប់ពីទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែង កាលពីចុងខែមីនា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ឲ្យដំណើរការសាជីវកម្មធានាឥណទានជាមួយដើមទុនដំបូង២០០លានដុល្លារអាមេរិក ដើម្បីបង្កើនលទ្ធភាពអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ។ សាជីវកម្មនេះ នឹងផ្តល់ហិរញ្ញប្បទានជូនដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំ ដោយផ្តល់ការធានា ដែលដើរតួនាទីជាទ្រព្យបញ្ចាំចន្លោះពី៧០%ទៅ៨០% នៃប្រាក់កម្ចីរបស់ក្រុមហ៊ុនទាំងនោះ៕