កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២

សម្តេចតេជោ ហ៊ុន សែន៖សេដ្ឋកិច្ចប្រទេសក្នុងតំបន់អាស៊ានពឹងផ្អែកខ្លាំងលើសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី


អាស៊ានគឺជាតំបន់ ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័ស ពិសេសដោយសារមានការចូលរួមដ៏សកម្មរបស់ស្ត្រី។ ជាមួយគ្នានេះ សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាស៊ានទាំង១០ ពឹងផ្អែកខ្លាំងលើសហគ្រាសធុនមីក្រូ តូច និង មធ្យម ដែលដឹកនាំដោយស្ត្រីផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន​ ក្នុងពិធីបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២

ក្នុង​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី​២ ក្រោម​ប្រធានបទ «​ការ​កសាង​អនាគត​ប្រកបដោយ​ចីរភាព បរិ​យា​បន្ន និង កាន់តែ​រឹង​មាំ​៖​បំផុស​សហគ្រិនភាព​របស់​ស្ត្រី​នៅ​ក្នុង​អាស៊ាន​» នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន កត់​សម្គាល់ថា​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​អាស៊ាន ពឹងផ្អែក​ខ្លាំង​លើ​សហគ្រាស​ធុន​មីក្រូ ធុន​តូច និង​មធ្យម ដែល​ដឹកនាំ​ដោយ​ស្ត្រី​។

ជាក់ស្ដែង កម្ពុជា​មាន​សហគ្រាស​ទាំងនេះ​រហូត​ដល់​ទៅ ៩៨% នៃ​ចំនួន​សហគ្រាស​សរុប ដែល បាន​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ច​ជាតិប្រមាណ​៥៨% និង​បាន​ផ្តល់​ការងារ​ប្រមាណ ៧៣%​នៃ​ការងារ​សរុប​។ ក្នុង​នោះ​មាន​សហគ្រាស​៦១% ត្រូវ​បាន​បង្កើត​ឡើង​និង​គ្រប់គ្រង​ដោយ​ស្ត្រី​។ ការណ៍​នេះ បាន​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា កំណត់ និង ជំរុញ​ការ​លើកតម្កើង ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការ​បង្កើន​ការ​វិនិយោគ​លើ​សមភាព​យេ​ន​ឌ័​រ និង ការ​លើកកម្ពស់​តួនាទី​របស់​ស្ត្រី នៅ​ក្នុង​កិច្ច​អភិវឌ្ឍ​នៅ​គ្រប់​វិស័យ និង គ្រប់​កម្រិត ។

បើ​តាម​សម្តេច ហ៊ុន សែន ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត ស្ត្រី នឹង​បន្ត​ដើរតួ​នាទី​ជា​តួអង្គ​ដ៏​សំខាន់ ពិសេស​ក្នុង​ការ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​អាស៊ាន​ឡើង​វិញ ដែល​វា​ទាមទារ​ឱ្យ​មានការ​សហការ​គ្នា​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី ដែល​អំណោយផល​ដល់​ការ​រីក​លូតលាស់​របស់​សហគ្រិន និង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេង​ៗ​។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​មើលឃើញ​ថា សហគ្រិនភាព​របស់​ស្ត្រី​នៅ​ក្នុង​តំបន់​អាស៊ាន​បាន និង កំពុង​ប្រឈម​ឧបសគ្គ​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ និង​ការ​គ្រប់គ្រង ពិសេស​នៅ​តាម​តំបន់​ទី​ជនបទ ។ ម្យ៉ាងវិញទៀត ស្ត្រី​ភាគច្រើន ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​នៅ​កម្រិត​មីក្រូ កម្រិត​តូច​ៗ​និង​ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ ដោយ​ភាគច្រើន​មិន​ទាន់​បាន​ចុះបញ្ជី​អាជីវកម្ម​ផ្លូវការ​។ វា​អាច​បង្ក​ឱ្យ​មានការ​លំបាក​ដល់​រដ្ឋាភិបាល ក្នុង​ការ​កំណត់ និង​ផ្ដល់​ការ​គាំទ្រ​តាម​ការ​ចាំបាច់​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​ជា​ដំណោះស្រាយ​ថា​ចំនួន​៤​ចំណុច​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ដោយ​ក្នុង​នោះ​រួម​មាន​៖

ទី​១ - រៀបចំ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​សហគ្រាស​ធុន មីក្រូ តូច និង មធ្យម និង​សហគ្រិន​ស្ត្រី​។ កែ​លម្អ​ក្រប​ខណ្ឌ​គតិ​យុ​ត្ត និង ផ្នត់គំនិត​សង្គម​ដែល​រារាំង​ដល់​សក្តានុពល​របស់​ស្ត្រី​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​។

ទី​២ - ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស តាម​រយៈ​កម្មវិធី​លើកកម្ពស់​ជំនាញ និង​បណ្តុះបណ្តាល​ជំនាញ​ថ្មី ដល់​ស្ត្រី និង​ក្មេង​ស្រី រួម​ទាំង​កម្មវិធី​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិត​វិទ្យា​។

ទី​៣ - លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ និង ឌី​ជី​ថ​ល​សម្រាប់​ស្ត្រី​តាម​រយៈ​ការ​ផ្តល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ឌី​ជី​ថ​ល និង​ការ​សម្រួល​លទ្ធភាព​ទទួល​ឥណទាន ទីផ្សារ និង​ព័ត៌មាន ក្នុង​ការ​ចាប់ផ្តើម និង​អភិវឌ្ឍ​អាជីវកម្ម​។

ទី​៤ - ពង្រីក​វិសាលភាព​គ្របដណ្តប់​នៃ​ប្រព័ន្ធ​គាំពារ​សង្គម វិធានការ​គោលនយោបាយ​នានា​ផ្នែក​គាំពារ​សុ​ខុ​មា​ភាព​គ្រួសារ និង ការ​ឆ្លើយ​តប​លើ​ការងារ​ថែទាំ​គ្រួសារ និង​ការងារ​ផ្ទះ​របស់​ស្ត្រី ព្រមទាំង​ការ​វិនិយោគសាធារណៈ​លើ​វិស័យ​សេវា​ថែទាំ និង​សុខុមាលភាព​សង្គម​៕




អត្ថបទបន្ទាប់


រុស្ស៊ី និងបេឡារុសដាក់ពង្រាយទ័ពនៅតាមព្រំដែនអ៊ុយក្រែនបន្ថែម ក្រោយបាញ់ស្រោចមីស៊ីលលើទីក្រុងធំៗរបស់អ៊ុយក្រែន

ក្រុមអ្នកវិភាគលោកខាងលិចបាននិយាយថា ក្រោយពីប្រទេសរុស្ស៊ីបានបាញ់ស្រោចមីស៊ីលចូលទីក្រុងធំៗរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ ទី ១០ ខែតុលា បន្ទាប់ពីច…

ចិនសង្វាតលក់ខុនដូរបញ្ចុះតម្លៃ សម្រាប់អ្នកមានចំណូលខ្ពស់ធ្វើការក្នុងវិស័យរដ្ឋ ចំពេលទីផ្សារកំពុងធ្លាក់ចុះ

ដោយសារទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនកំពុងជួបនូវវិបត្តិអូសបន្លាយពេលយូរនោះ ពេលនេះរដ្ឋាភិបាលនៅតាមទីក្រុងតូចនិងមធ្យមមួយចំនួនកំពុងព្យាយាមធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ