អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក សានសឺន ដែលបានដើរតួនាទី ជាប្រធានអ្នកចរចានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយសហភាពអឺរ៉ុប ចក្រភពអង់គ្លេស ប្រទេសស្វីសនិងរុស្ស៊ី បានឲ្យដឹងថា គណៈកម្មការពាណិជ្ជកម្មអឺរ៉ុបបានព្រមព្រៀងជាថ្មី លើការធ្វើពាណិជ្ជកម្ម និងវិនិយោគរួមគ្នាជាមួយអាស៊ានហើយ។
ភាគីទាំងពីរបានយល់ព្រមរៀបចំការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុបនិង រៀបចំកិច្ចប្រជុំអ្នកជំនាញរួមគ្នាមួយ ដើម្បីបង្កើនការស្វែងយល់ពីគ្នាទៅវិញទៅមក លើបញ្ហាពាណិជ្ជកម្មថ្មីៗ ដូចជាពាណិជ្ជកម្មអេឡិចត្រូនិក ការធ្វើលទ្ធកម្មរបស់រដ្ឋាភិបាល និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
រដ្ឋមន្ត្រីអាស៊ាន និងអឺរ៉ុប ក៏បានជួបជាមួយក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ដោយបានស្នើឱ្យអាស៊ានកាត់បន្ថយវិធានការណ៍ពាណិជ្ជកម្មមិនយកពន្ធ ដើម្បីលើកកម្ពស់ស្តង់ដារផលិតផល ព្រមទាំងស្នើឲ្យមាន ការការពារលើសិទ្ធិកម្មសិទ្ធិបញ្ញា លើកកម្ពស់ការប្រើប្រាស់ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន លើកកម្ពស់ការគ្រប់គ្រងទិន្នន័យសម្រាប់សេដ្ឋកិច្ចឌីជីថល និងអនុញ្ញាតឱ្យមានលំហូរទិន្នន័យឆ្លងកាត់ព្រំដែនផងដែរ។
គួររំឭកថា សហភាពអឺរ៉ុបបានផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ានកាលពីឆ្នាំ ២០០៧ម៉្លេះ។ ក្រោយមកដំណើរការចរចារ បានផ្អាកទៅវិញនៅឆ្នាំ២០០៩ ដោយសារតែអឺរ៉ុបដូរចិត្ត ងាកមកចរចាជាមួយប្រទេសនៅអាស៊ានជា លក្ខណៈកិច្ចព្រមព្រៀងទ្វេភាគីវិញ៕