លោក អារីហ្វីន តាស្រ៊ីហ្វ (Arifin Tasrif) រដ្ឋមន្ត្រីថាមពល និងធនធានរ៉ែឥណ្ឌូនេស៊ីនៅក្នុងឋានៈជាប្រធានរដ្ឋមន្រ្តីថាមពលអាស៊ាន បាននិយាយថា ថាមពលកកើតឡើងវិញ គឺជាជម្រើសដ៏ប្រសើរមួយរបស់អាស៊ាន ។
ត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មាន Antara លោក អារីហ្វីន លើកឡើងថា យោងទៅតាមរបាយការណ៍របស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) អាស៊ានត្រូវការថវិកាចំនួនជាង ២៩ទ្រីលានដុល្លាររហូតដល់ឆ្នាំ ២០៥០ ដើម្បីអនុវត្តការផ្លាស់ប្តូរថាមពលក្រោមសេណារីយ៉ូនៃការកាត់បន្ថយកំដៅ ១,៥ អង្សាសេ តាមរយៈ ថាមពលកកើតឡើងវិញ ១០០%។
នៅក្នុងវេទិកាពិភាក្សាមួយ ដែលរៀបចំនៅកោះបាលី ស្តីអំពីហិរញ្ញប្បទានថាមពលប្រកបដោយនិរន្តរភាព និងការវិនិយោគថាមពល ដើម្បីធានាសន្តិសុខថាមពល លោកបាននិយាយថា ប្រទេសសមាជិកអាស៊ានបានដឹងពីសារៈសំខាន់នៃការអភិវឌ្ឍថាមពលប្រកបដោយនិរន្តរភាព ការកសាងសន្តិសុខថាមពល និងការដោះស្រាយការប្រែប្រួលអាកាសធាតុ ដោយឈរនៅលើមូលដ្ឋាននេះហើយ ។
លោកបានបន្តថា ដើម្បីទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរប្រភពថាមពល យុទ្ធសាស្រ្តជាច្រើនកំពុងត្រូវបានអនុវត្ត។ លោកបានកត់សម្គាល់ថា យន្តការដែលបានលើកឡើងរួមមានការបង្កើតគំនិតច្បាស់លាស់មួយសម្រាប់ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព សេចក្តីព្រាងផែនទីបង្ហាញផ្លូវរយៈពេលវែងសម្រាប់ថាមពលកកើតឡើងវិញ និងការអនុវត្តបច្ចេកវិទ្យាបៃតង។
លោកបានមានប្រសាសន៍បន្ថែមថា អាស៊ានទាមទារថវិកាសម្រាប់គោលបំណងផ្សេងៗ រួមទាំងការអភិវឌ្ឍរោងចក្រថាមពលកកើតឡើងវិញ ការបញ្ជូនថាមពលជាតិ និងអន្តរជាតិ ការចែកចាយ ការស្តុកទុក ការផ្គត់ផ្គង់ជីវឥន្ធនៈ យានជំនិះអគ្គិសនី និងការគ្របដណ្តប់លើថ្លៃប្រតិបត្តិការ និងការថែទាំជាដើម៕
ដោយៈ សរ សុជាតិ