យោងតាមការស្ទង់មតិប្រចាំត្រីមាសដែលចងក្រងដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន និងសារព័ត៌មាន Nikkei បានឱ្យដឹងថា អ្នកសេដ្ឋកិច្ចបានបន្ទាបការព្យាករកំណើននៅឆ្នាំនេះសម្រាប់ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ដោយសារតែការធ្លាក់ចុះនៃការនាំចេញ ដែលផ្សារភ្ជាប់នឹងឥទ្ធិពលនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងកត្តាផ្សេងៗទៀត។ ការស្ទង់មតិដែលស្ថាប័នទាំងពីរបានធ្វើរួមគ្នា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកញ្ញា ជាមួយនឹងមេដឹកនាំសេដ្ឋកិច្ចចំនួន៣៧រូបនៅ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ក៏ដូចជាមកពីប្រទេសឥណ្ឌា សុទ្ធតែបានអះអាងបែបនេះ។
លទ្ធផលបានរកឃើញថា ការព្យាករសម្រាប់អត្រាកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះសម្រាប់ប្រជាជាតិអាស៊ានទាំង៥ ត្រូវបានកែសម្រួលថា នឹងមានការធ្លាក់ចុះមកនៅត្រឹមពី៣,៩ភាគរយ ទៅ ៤,២ភាគរយ ធៀបនឹងការស្ទង់មតិដែលបានធ្វើកាលពីខែមិថុនា កន្លងទៅ។
កំណើនសេដ្ឋកិច្ច ដែលរំពឹងទុករបស់ម៉ាឡេស៊ីសម្រាប់ឆ្នាំនេះ ត្រូវបានកែសម្រួលចុះមកនៅត្រឹម៤ភាគរយ ធ្លាក់ចុះ០,៤ភាគរយ ដោយសារការនាំចេញរបស់ប្រទេសនេះ បន្តធ្លាក់ចុះ ជាពិសេសគឺទាក់ទងនឹងការនាំចេញបន្ទះសៀគ្វីអេឡិចត្រូនិក ខណៈដែលស្ថានភាពសេដ្ឋកិច្ចចិនមានបញ្ហា ជាពិសេសគឺការស្រុតចុះនៃទីផ្សារអចលនទ្រព្យ ដែលមានបញ្ហាគឺជាកត្តាអូសទាញយ៉ាងខ្លាំងលើសេដ្ឋកិច្ច។
លោក មូស ស៊ីឌិក ជេនតាន ( Mohd Sedek Jantan) អ្នកជំនាញនៅក្រុមហ៊ុន UOB Kay Hian Securities បាននិយាយថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី ដែលមានចំនួនប្រហែល២០នៃការនាំចេញ និងការនាំចូលរបស់ប្រទេសម៉ាឡេស៊ី ដូចនេះការធ្លាក់ចុះនៅចិន អាចនាំឱ្យមានការថយចុះនៃតម្រូវការសម្រាប់ការនាំចេញរបស់ម៉ាឡេស៊ី ដូចជាគ្រឿងអេឡិចត្រូនិច ប្រេងដូង និងកៅស៊ូ និងការធ្លាក់ចុះនៃប្រាក់ចំណូលនាំចេញរបស់ម៉ាឡេស៊ី។
សម្រាប់ប្រទេសថៃវិញ ស្ថានភាពក៏មិនខុសគ្នាពីម៉ាឡេស៊ីដែរ លោកស្រី ឡាលីតា ធៀនប្រាស៊ីឌី (Lalita Thienprasiddhi) មកពីមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បាននិយាយថា ថៃនៅតែមានហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលប៉ះពាល់ដល់ការនាំចេញនិងវិស័យទេចរណ៍ ។
នៅប្រទេសសិង្ហបុរី ដែលជារដ្ឋកំពុង ពឹងផ្អែកយ៉ាងខ្លាំងលើតម្រូវការខាងក្រៅ ក៏ត្រូវបានគេអះអាងថាស្ថិតនៅក្នុងសម្ពាធមិនធម្មតា ។ ជុំវិញបញ្ហានេះ លោក ម៉ានូ បាការ៉ាន (Manu Bhaskaran ) នៅក្រុមហ៊ុន Centennial Asia Advisors បាននិយាយថា ក្នុងរយៈពេលដ៏ខ្លីនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ត្រូវបានថ្លឹងថ្លែងដោយការថយចុះនៃកំណើនសកល និងការធ្លាក់ចុះនៃវដ្តទីផ្សារផលិតផលអេឡិចត្រូនិក។
ក្រៅពីប្រទេសទាំង៥នេះ ការធ្លាក់ចុះរបស់ប្រទេសចិនក៏ជាកត្តាហានិភ័យកំពូលមកដល់ប្រទេសនានា នៅអាស៊ាន ពីព្រោះអាស៊ានទាំងមូលគ្មានប្រទេសណាមួយដែលមិនមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិននោះឡើយ ទាំងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍៕