នៅក្នុងម៉ោងដំបូងនៃការបើកជួញដូរផ្សារភាគហ៊ុននៅអាស៊ីនៅថ្ងៃចន្ទ ទី ៨ ខែកុម្ភៈ គេសង្កេតឃើញថា តម្លៃផ្សារភាគហ៊ុនរបស់អាល្លឺម៉ង់ DAX បានកើនឡើង ០,៧% ខណៈដែលផ្សារហ៊ុននៅទីក្រុងឡុងចក្រភពអង់គ្លេស ក៏កើន០,៦% និង S&P 500 កើន ០,៤%។
សម្រាប់សន្ទស្សន៍ ផ្សារហ៊ុននៅអាស៊ី ប៉ាស៊ីហ្វិកវិញ ក្រៅតែពីប្រទេសជប៉ុន ក៏មានកំណើន០៥% ដែរ ខណៈដែលផ្សារហ៊ុន ជប៉ុន Nikkei បានហក់ឡើងដល់ទៅ ២%។
ក្តីសង្ឃឹមនៃ ការងើបឡើងវិញលឿននៃសេដ្ឋកិច្ចពិភពលោក និងការកាត់បន្ថយចំនួនការផ្គត់ផ្គង់ប្រេង ដោយអង្គការប្រទេសផលិតប្រេង OPEC ក៏បានជំរុញឲ្យតម្លៃប្រេងបានហក់ឡើងដល់ប្រមាណ៦០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែលជាតម្លៃមួយខ្ពស់បំផុតក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ។
ជាមួយគ្នានេះ ទីផ្សារមូលធនសកលបានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ដែរ នៅរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារតែមានក្ដីរំពឹងនៃការស្ទុះងើបឡើងវិញលឿននៃសេដ្ឋកិច្ចពិភពលោក ដោយត្រូវបានចូលរួមជំរុញដោយការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយក៏មានក្ដីរំពឹងខ្ពស់ចំពោះកញ្ចប់ថវិកាសង្គ្រោះ សេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩របស់អាមេរិកផងដែរ៕