យោងតាមសារព័ត៌មានអង់គ្លេស ប៊ីប៊ីស៊ី ក្រសួងសុខាភិបាលអូស្ត្រាលី បាននិយាយថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយផ្អែកលើសមាមាត្រនៃប្រជាជននៅក្នុងការធ្វើចត្តាឡីស័ក ដែលបានឆ្លងជំងឺ កូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា ។
កាលពីដើមសប្តាហ៍នេះ ប្រទេសអូស្ត្រាលីបានហាមឃាត់រាល់ការហោះហើរមកពីប្រទេសឥណ្ឌា ។
នៅក្នុងប្រទេសឥណ្ឌា សព្វថ្ងៃ មានប្រជាជនអូស្ត្រាលីប្រមាណ ៩ពាន់នាក់ ដែលក្នុងនោះ ៦០០នាក់ ត្រូវបានកំណត់ថាជាជនងាយរងគ្រោះ ។
សារព័ត៌មាននៅក្នុងប្រទេសអូស្ត្រាលី បានផ្សាយថា នេះជាលើកទី១ហើយ ដែលប្រជាជនអូស្រ្តាលីត្រូវបានគេចាត់ទុកថាប្រព្រឹត្តបទឧក្រិដ្ឋ ដោយសារតែការធ្វើដំណើរវិលត្រឡប់ចូលប្រទេសកំណើតរបស់ខ្លួនវិញ ។
វិធានការដ៏តឹងរ៉ឹងនេះ ធ្វើឡើងជាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយក្រសួងសុខាភិបាលអូស្ត្រាលីបាននិយាយថា សេចក្ដីសម្រេចនេះនឹងត្រូវពិនិត្យសើរើឡើងវិញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ។
ដូច្នេះ ចាប់ពីតាំងពីថ្ងៃចន្ទ ទី២៦ មេសា មក ពលរដ្ឋអូស្ត្រាលីណាដែលបានស្នាក់នៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេល ១៤ថ្ងៃ គិតត្រឹមថ្ងៃគ្រោងចូលមកដល់ក្នុងប្រទេសអូស្ត្រាលី នឹងត្រូវហាមឃាត់មិនឲ្យចូលក្នុងប្រទេសអូស្ត្រាលីទេ ។
ការមិនអនុវត្តតាមច្បាប់ថ្មីបណ្ដោះអាសន្ននេះ អាចនឹងត្រូវប្រឈមនឹងការជាប់ទោសដាក់ពន្ធនាគារ ដល់ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ជាង ៦ម៉ឺនដុល្លារអូស្ត្រាលី ឬជាប់ទោសផង និងពិន័យផង ។
ប្រទេសឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ ១៩លាននាក់ហើយ ក្នុងនោះអ្នកស្លាប់មានចំនួនសរុប ២សែននាក់ ។ ក្នុងអំឡុងសប្ដាហ៍មុននេះ ករណីឆ្លងថ្មីនៅឥណ្ឌា បានកើនឡើងលើស ៣០ម៉ឺននាក់ ក្នុងមួយថ្ងៃ ៕