រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក Marise Payne បាននិយាយនៅក្នុងសេចក្តីថ្លៃងការណ៍កាលពីថ្ងៃអង្គារទី០២វិចិ្ឆកាថា តម្រូវការទាំងអស់ត្រូវបានបំពេញតាមលក្ខខណ្ឌរួចរាល់ ហើយអូស្ត្រាលី និងញូហ្សេលែន ក៏បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP រួចហើយដែរ។
ទោះបីជា ភាគីប្រទេសញូហ្សេលែន ដែលជាសមាជិកមួយរបស់ RCEP ដែរនោះ មិនទាន់បានប្រកាសជាផ្លូវការពីរដ្ឋាភិបាលខ្លួនក្តី ប៉ុន្តែបើតាមប្រភពមិនបញ្ចេញឈ្មោះ ប្រាប់សារព័ត៌មាន Nikkei ថា ញូហ្សេលែនបានផ្តល់សច្ចាប័នរួចហើយដល់កិច្ចព្រមព្រៀងមួយនេះ។
បើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្មអូស្ត្រាលីបានឲ្យដឹងថា គិតមកទល់នឹងពេលនេះ សមាជិក RCEP ដែលបានផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងរួមមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ សិង្ហបុរី ថៃ វៀតណាម អូស្ត្រាលី ញូហ្សេលែន ជប៉ុន និងប្រទេសចិន។
គួរជម្រាបថា បើតាមគោលការណ៍ កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមាននៅ៦០ថ្ងៃ បន្ទាប់ពីប្រទេសសមាជិកអាស៊ានចំនួន ៦ក្នុងចំណោម១០ និងប្រទេសមិនមែនសមាជិកអាស៊ានចំនួន៣ ដែលសុទ្ធសឹងជាសមាជិក បានផ្តល់សច្ចាប័នទៅឲ្យកិច្ចព្រមព្រៀងរួចរាល់។ក្នុងនោះប្រទេសថៃទំនងជាបានផ្តល់សច្ចាប័ន ចុងក្រោយគេ ពោលថៃបានប្រកាសថាខ្លួនបានផ្តល់សច្ចាប័នដល់ RCEP កាលពីថ្ងៃទី២៨តុលា បន្ទាប់ពីបានចំណាយពេលជាង១០ខែដើម្បីអនុវត្តនីតិវិធី។ នេះបើតាមការចុះផ្សាយដោយការសែតបាងកកបុស្តិ៍។
ជាមួយនឹងសមាជិកចំនួន១៥ប្រទេស RCEP ត្រូវបានគេមើលឃើញថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតមិនធ្លាប់មាន ដែលនឹងគ្របដណ្តប់លើប្រជាជនសរុបជាង២ពាន់លាននាក់ ឬ ស្មើនឹងប្រមាណ៣០% នៃចំនួនប្រជាជនពិភពលោក។ បើបូកបញ្ចូល GDP របស់ប្រទេសជាសមាជិកទាំងអស់ គឺស្មើនឹងជាង ៣៣% ឬមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ហើយក៏ស្មើនឹងមួយភាគបីនៃពាណិជ្ជកម្មពិភពលោកផងដែរ៕