
លោក ជីម ឆមមឺស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់អូស្ត្រាលី នឹងបង្ហាញកញ្ចប់ជំនួយលើកទី៤ សម្រាប់ជួយគាំទ្រការចំណាយរបស់ប្រជាជនអូស្ត្រាលី នៅយប់ថ្ងៃអង្គារ សប្ដាហ៍នេះ ដោយកញ្ចប់ជំនួយនេះនឹងឧបត្ថម្ភធនលើការចំណាយថ្លៃអគ្គិសនីរយៈពេល៦ខែក្នុងតម្លៃសរុប១,៨ពាន់លានដុល្លារអូស្ត្រាលី ប្រមាណជាង១ពាន់លានដុល្លារអាម៉េរិក។
រដ្ឋមន្ត្រីរូបនេះ រំពឹងថា ទំហំចំណូលរបស់រដ្ឋាភិបាលអូស្ត្រាលីនឹងត្រូវបានបង្កើនតិចតួចនៅក្នុងផែនការសារពើពន្ធនាពេលខាងមុខ ប៉ុន្តែផែនការនេះអាចនឹងរងការរំខានដោយសារភាពចលាចលនៃសេដ្ឋកិច្ចពិភពលោក ដែលបង្កឡើងដោយការដំឡើងពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Bloomberg នៅទីក្រុងកង់បេរ៉ា កាលពីចុងសប្តាហ៍មុន លោក ឆមមឺស បានព្រមានថា សង្គ្រាមពន្ធដែលបង្កឡើងដោយលោក ដូណាល់ ត្រាំ មិនត្រឹមបង្កឱ្យមានការភ្ញាក់ផ្អើល និងបង្កើតភាពមិនច្បាស់លាស់សម្រាប់សេដ្ឋកិច្ចពិភពលោកនោះទេ ថែមទាំងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករងការរង្គោះរង្គើផងដែរ។
ប្រទេសអូស្ត្រាលី គ្រោងនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី១៧ ខែឧសភា ដោយនាយករដ្ឋមន្ត្រី លោក អេនថូនី អាល់បានីស រំពឹងថា នឹងចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ គណបក្សការងាររបស់លោក អាល់បានីស មានសំឡេងគាំទ្រប្រកៀកប្រកិតនឹងក្រុមប្រឆាំងក្នុងការបោះឆ្នោតស្ទង់មតិ ប៉ុន្តែគណបក្សការងារមានការកែលម្អបន្តិចបន្តួចនៅប៉ុន្មានខែថ្មីៗនេះ ខណៈការបោះឆ្នោតខិតជិតមកដល់៕
អត្ថបទ៖ សុខ មង្គល