អូស្ត្រាលីចាត់ទុក កិច្ចព្រមព្រៀងរវាងចិន និងកោះសូឡូម៉ុង ជាការជ្រៀតជ្រែកកិច្ចការនយោបាយបរទេសរបស់ខ្លួន ក៏ដោយសារតែ បក្សកាន់អំណាច ដឹកនាំរដ្ឋាភិបាលអូស្ត្រាលីកន្លង គឺខិតខំសម្បើមណាស់ក្នុងការទប់ទល់ និងការពារសន្ដិសុខ ពីការគំរាមកំហែងរបស់ចិន ប៉ុន្ដែ កិច្ចព្រមព្រៀងចិន និងកោះសូឡូម៉ុង ត្រូវបានគេរំពឹងថា នឹងអាចឲ្យយោធាចិនឈរជើងកាន់តែកៀកនឹងទឹកដីអូស្ត្រាលី។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចុះផ្សាយនៅថ្ងៃនេះ។
ដោយការស្ទង់មតិភាគច្រើនបានបង្ហាញថា ក្រុមចម្រុះអភិរក្សនិយមរបស់គណបក្សលោក ម៉ូរីសិន កំពុងតែឆ្ពោះទៅរកបរាជ័យនៅក្នុងការបោះឆ្នោត ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២១ ខែឧសភាខាងមុខនេះ ក្រុមចម្រុះអភិរក្សនេះបានប្រឹងប្រែងបង្ហាញពីគោលនយោបាយសន្តិសុខជាតិរបស់ខ្លួនដូចជាវិធីសាស្ត្រដ៏តឹងតែងចំពោះប្រទេសចិនជាដើម។
លោក ម៉ូរីសិន បានប្រាប់ក្រុមអ្នកកាសែតនៅក្នុងរដ្ឋតាស្មេនៀ (Tasmania) ប្រទេសអូស្ត្រាលីថា អូស្ត្រាលីបានដឹងយ៉ាងច្បាស់អំពីឥទ្ធិពលដែលរដ្ឋាភិបាលប្រទេសចិនកំពុងស្វែងរកនៅក្នុងប្រទេសនេះ រួមមាននូវទម្រង់នៃការជ្រៀតជ្រែកពីបរទេសនៅក្នុងប្រទេសអូស្ត្រាលី។
លោក ម៉ូរីសិន ថ្លែងថា ពេលវេលានៃការលាតត្រដាងរបស់ប្រទេសចិនអំពីកិច្ចព្រមព្រៀងជាមួយកោះសូឡូម៉ុងនាពេលថ្មីៗនេះ គឺជាទម្រង់នៃការជ្រៀតជ្រែកពីបរទេសនៅក្នុងការបោះឆ្នោតរបស់ប្រទេសអូស្ត្រាលីក្នុងពេលខាងមុខនេះ។
ប្រទេសចិនបាននិយាយថា កតិកាសញ្ញានេះមិនត្រូវបានកំណត់គោលដៅលើភាគីទី៣ណាមួយឡើយ ហើយប្រទេសចិនបានជំរុញឱ្យអូស្ត្រាលី «គោរពជម្រើសអធិបតេយ្យភាព និងឯករាជ្យភាពដែលធ្វើឡើងដោយប្រទេសចិន និងប្រទេសកោះសូឡូម៉ូង»។
ព័ត៌មានស្ដីពីកិច្ចព្រមព្រៀងសន្តិសុខរបស់ចិនជាមួយប្រជាជាតិប៉ាស៊ីហ្វិកមួយនេះ បានបង្កឱ្យមានការព្រួយបារម្ភចំពោះការរំពឹងទុកថា នឹងមានវត្តមានយោធារបស់ចិនស្ថិតនៅចម្ងាយមិនដល់ ២ ពាន់ គីឡូម៉ែត្រនោះទេ ពីមាត់ច្រាំងសមុទ្រនៃប្រទេសអូស្ត្រាលី ដែលវានឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងការពារសន្តិសុខជាតិរបស់ក្រុមសម្ព័ន្ធចម្រុះរបស់គណបក្សលោក ម៉ូរីសិន ស្ថិតក្នុងស្ថានភាពស្រអាប់គ្មានពន្លឺ។
បន្ទាប់ពីគណបក្សពលករដែលជាបក្សប្រឆាំងដ៏ធំនៅប្រទេសអូស្ត្រាលីក្នុងសប្តាហ៍នេះបានហៅកិច្ចព្រមព្រៀងនេះថា ជាការបរាជ័យផ្នែកសន្តិសុខជាតិរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ានោះ លោក ម៉ូរីសិន បានខំប្រឹងប្រែងពង្រឹងសេចក្ដីថ្លែងការណ៍ ឬសុន្ទរកថាស្ដីពីគោលនយោបាយរបស់ខ្លួននេះឡើងវិញ។
លោក ម៉ូរីសិន បានលើកឡើងពីការហាមប្រាមលើការរួមចំណែកនៃផ្នែកនយោបាយបរទេស និងការចុះបញ្ជីតំណាងបរទេសដោយនិយាយថា ប្រសិនបើមានការបង្ហាញណាមួយថា រដ្ឋាភិបាលចិនមិនបានព្យាយាមជ្រៀតជ្រែកនៅក្នុងប្រទេសអូស្ត្រាលីទេនោះ ដូច្នេះអូស្ត្រាលីក៏មិនចាំបាច់ទៅដាក់ច្បាប់នេះដោយគ្មានហេតុផលអ្វីនោះដែរ។
នៅមួយថ្ងៃមុននេះនាយករដ្ឋមន្ត្រីប្រទេសសូឡូម៉ុង ម៉ាណាសេះ សូហ្កាវ៉ារ៉េ (Manasseh Sogavare) បានប្រាប់សភារបស់ខ្លួនថា ប្រទេសនេះនឹងមិនចូលរួមក្នុងការធ្វើយោធាណាមួយនៅតំបន់ប៉ាស៊ីហ្វិកនោះទេ ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចិននេះ គឺដោយសារតែវាមិនគ្រប់គ្រាន់សម្រាប់កិច្ចព្រមព្រៀងសន្តិសុខរវាងសូឡូម៉ុង និងអូស្ត្រាលី៕
អត្ថបទ៖ សុខ ជា