អគារជាប់គាំងនៅខេត្តព្រះសីហនុជាង៥០%គ្មានច្បាប់សាងសង់

អាជ្ញាធររកឃើញថាមានជាង ៥០% នៃអគារជាប់គាំង១៦០០អគារនៅខេត្តព្រះសីហនុ គឺគ្មានច្បាប់សាងសង់


មន្ត្រីជាន់ខ្ពស់ នៃរដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុមានអគារប្រមាណ១ពាន់៦រយអគារត្រូវបានជាប់គាំង ក្រោយអ្នកអភិវឌ្ឍន៍ដែលភាគច្រើនជាជនជាតិចិនបោះបង់ការសាងសង់ បន្ទាប់ពីពួកគជួបបញ្ហាហិរញ្ញវត្ថុ និងមានការរឹតបន្តឹងលើអាជីវកម្មល្បែងអនឡាញ។ ក្នុងចំណោមអគារជាប់គាំងទាំងនេះត្រូវបានមន្ត្រីជំនាញរកឃើញថា មានគម្រោងអគារមិនដល់៥០%នោះទេ ដែលមានច្បាប់សាងសង់ត្រឹមត្រូវ ក្រៅពីនេះពុំមានច្បាប់អនុញ្ញាតនោះទេ។ នេះបើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុ។
អាជ្ញាធររកឃើញថាមានជាង ៥០% នៃអគារជាប់គាំង១៦០០អគារនៅខេត្តព្រះសីហនុ គឺគ្មានច្បាប់សាងសង់
ដោយ

ឯកឧត្តម ឯម ភាព អភិបាលរងខេត្តព្រះសីហនុបានគូសបញ្ជាក់កាលពីពេលថ្មីៗថា តាមការចុះសិក្សាស្រាវជ្រាវខេត្តព្រះសីហនុមានអគារប្រមាណ១ពាន់៦រយអគារត្រូវបានជាប់គាំងការសាងសង់ បន្ទាប់ពីក្រុមហ៊ុន និងអ្នកអភិវឌ្ឍន៍ ដែលភាគច្រើនជាជនចិនបានបោះបង់ការអភិវឌ្ឍរបស់ពួកគេ។ មូលហេតុដែលធ្វើឲ្យក្រុមហ៊ុន និងអ្នកអភិវឌ្ឍន៍ទាំងនោះបោះបង់ការសាងសង់ គឺបន្ទាប់ពីពួកគេជួបបញ្ហាហិរញ្ញវត្ថុ ក្រោយរាជរដ្ឋាភិបាលរឹតបន្តឹងការបើកល្បែងអនឡាញ គួបផ្សំមានបញ្ហាការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នៅប៉ុន្មានឆ្នាំកន្លងមកនេះ។

អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងចំណោមអគារជាប់គាំងទាំងនេះមានលើស៥០%ត្រូវបានរកឃើញថា សាងសង់ដោយគ្មានច្បាប់ត្រឹមត្រូវ ដែលចេញដោយអាជ្ញាធរ ឬក្រសួងស្ថាប័នពាក់ព័ន្ធ ពោលគឺអគារជាប់ទាំងនេះមានមិនដល់៥០%នោះទេដែលមានច្បាប់សាងសង់ត្រឹមត្រូវ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ឯម ភាព។ ទន្ទឹមនឹងនេះឯកឧត្តម ជំរុញឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់ត្រូវសុំច្បាប់សាងសង់ឲ្យបានត្រឹមត្រូវក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ដើម្បីបញ្ចៀសបញ្ហានានា ក៏ដូចជាផ្តល់ទំនុកចិត្តដល់អតិថិជន។

បញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុកំពុងក្លាយជាទិដ្ឋភាពអវិជ្ជមានមួយសម្រាប់ខេត្តជាប់មាត់សមុទ្រមួយនេះក្នុងការស្រូបទាញវិនិយោគិនជាតិ និងអន្តរជាតិឲ្យមកបោះទុនវិនិយោគលើគម្រោងថ្មីៗបន្ថែមទៀតនៅខេត្តនេះ។ ជាពិសេសវាបាននិងកំពុងក្លាយជាក្តីបារម្ភក្នុងការធ្វើឲ្យប៉ះពាល់ដល់ផែនការប្រែក្លាយខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់រាជរដ្ឋាភិបាលនាពេលអនាគតផងដែរ។ ជុំវិញបញ្ហានេះដែរ ឯកឧត្តម ឯម ភាព បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនឹងមិនអាចប្រែក្លាយខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងបាននោះទេ ប្រសិនបើបញ្ហាអគារជាប់គាំងមិនត្រូវបានដោះស្រាយ។

ពាក់ព័ន្ធបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុនេះលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានចាត់ទុកការជាប់គាំងគម្រោងអភិវឌ្ឍន៍មួយចំនួននៅខេត្តព្រះសីហនុនេះ គឺជាបញ្ហាអវិជ្ជមានមួយដែលបានកើតឡើងដោយមិនបានព្រាងទុក ពោលគឺវាបានកើតឡើងដោយចៃដន្យ ដែលបង្កឡើងដោយការឆ្លងរាតត្បាតនៃមេរោគកូវីដ-១៩ បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាមួយចំនួនទៀត។ តែយ៉ាងណាលោក ប្តេជ្ញាថានឹងខិតចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយលើបញ្ហានេះ ក៏ដូចជាផ្សព្វផ្សាយពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងឱកាសទីផ្សារសក្តានុពលរបស់ខេត្តព្រះសីហនុដល់វិនិយោគិនអន្តរជាតិ សំដៅជួយទាក់ទាញការវិនិយោគពីក្រៅប្រទេសមកកាន់ខេត្តនេះបន្ថែមទៀត។

គួរបញ្ជាក់ថា បញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុកំពុងក្លាយជាវិញ្ញាសាដ៏លំបាកមួយសម្រាប់រដ្ឋបាលខេត្តព្រះសីហនុក៏ដូចជារាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់លើបញ្ហានេះ។ ពិបាកដោះស្រាយ ក៏ដោយសារបញ្ហានេះមានភាពស្មុគស្មាញ ដោយសារការខ្វែងគំនិតគ្នា និងខ្វះការសម្បទានឲ្យគ្នារវាងភាគីម្ចាស់ដី និងក្រុមហ៊ុនអភិវឌ្ឍន៍។ ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមការងារអន្តរក្រសួងកំពុងខិតខំដោះស្រាយលើបញ្ហានេះ តាមរយៈការជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំគោលនយោបាយជាក់លាក់មួយក្នុងការដោះស្រាយលើបញ្ហានេះ។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុ គោលនយោបាយដែលរាជរដ្ឋាភិបាលគ្រោងដាក់ចេញក្នុងការដោះស្រាយបញ្ហានេះ គឺមានទាំងការលើកទឹកចិត្តផ្នែកពន្ធ និងមិនមែនពន្ធ៕




អត្ថបទបន្ទាប់


អ្នកជំនាញថា ទីផ្សារដីធ្លីនៅកម្ពុជាចាប់ផ្ដើមកម្រើកឡើងវិញហើយ ប៉ុន្ដែការវិនិយោគត្រូវតែធ្វើឡើងដោយប្រុងប្រយ័ត្ន

ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានកត់សម្គាល់ឃើញថា វិស័យដីធ្លីនៅកម្ពុជា នៅតែមានភាពធន់រឹងមាំ និងកំពុងបង្ហាញពីសញ្ញាណវិជ្ជមានឡើងវិញនៅឆ្ន…

អាមេរិក និងជប៉ុនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពីសារធាតុរ៉ែសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី

សហរដ្ឋអាមេរិក និងប្រទេសជប៉ុននៅថ្ងៃអង្គារទី២៨មីនា បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយស្ដីពីសារធាតុរ៉ែផលិតអាគុយរថយន្តអគ្គិសនី ដែលសំខាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ