ថ្លែងប្រាប់សារព័ត៌មានបាងកកប៉ុស្ដិ៍ នាពេលថ្មីៗនេះ លោកសំគាត គីមម៉ាវ៉ាហា អនុប្រធានធនាគាររដ្ឋថៃ BAAC បានលើកឡើងថា តម្រូវការប្រាក់កម្ចីពីកសិករ មានទាបនេះ គឺដោយសារពួកគេមានការស្ទាក់ស្ទើរក្នុងការវិនិយោគចំពេលដែលអំណាចទិញនិងសេដ្ឋកិច្ចកំពុងមានការធ្លាក់ចុះ។
លោក សំគាត បន្ថែមថា ជាទូទៅធនាគារកសិកម្មរដ្ឋថៃ BAAC ផ្ដល់កម្ចីប្រមាណ ១០ពាន់លានបាត ឬស្មើនឹងប្រមាណជាង ៣២០ លានដុល្លារ ចាប់ពីខែមេសា ដល់ខែមិថុនា។
តម្រូវការកម្ចីរបស់ធនាគារកសិកម្មរបស់រដ្ឋថៃនេះ ត្រូវបានរំពឹងថា នឹងប្រសើរឡើងវិញបន្ទាប់ពីមានកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលវាគួរតែជំរុញដល់ការចំណាយរបស់អ្នកប្រើប្រាស់។
ធនាគារ BAAC មានគោលដៅ ផ្ដល់ប្រាក់កម្ចីប្រមាណ ៣ពាន់លានដុល្លារ នៅក្នុងឆ្នាំសារពើរពន្ធនេះ ដោយចាប់ផ្ដើមពីថ្ងៃទី១មេសា។ ក្នុងនោះ ធនាគារនេះមានគម្រោងផ្ដល់កម្ចីប្រមាណ ១ពាន់៣០០ លានសម្រាប់កសិករខ្នាតូច និងមធ្យម និងជាង១២០០ លានដុល្លារទៀតសម្រាប់ផ្ដល់កម្ចីដល់គម្រោងកសិករឆ្លាតវៃ និងជាង៣២០ លានដុល្លារទៀត សម្រាប់កសិករធម្មតា។
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ មានគោលនយោបាយ សម្រាប់កសិករ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់អាចទទួលបានកម្ចីការប្រាក់ទាបរហូតដល់ ៥ម៉ឺនបាត ស្មើនឹងជាង១៦០០ ដុល្លារអាមេរិក។ ហើយប្រសិនបើ ទឹកជំនន់នោះបានបំផ្លាញដីស្រីចម្ការ និងផ្ទះសម្បែងរបស់កូនបំណុល នោះធនាគារជាម្ចាស់បំណុលនឹងពន្យារពេលសងរហូតដល់១៥ឆ្នាំ ហើយពិដានទំហំប្រាក់កម្ចីនឹងត្រូវបង្កើនឡើងដល់ទៅជាង ១ម៉ឺន៦ពាន់ដុល្លារ សម្រាប់អ្នកខ្ចីម្នាក់៕