បទបញ្ជាបិទបណ្ដោះអាសន្នក្រុងបាងកក ត្រូវបានអាជ្ញាធរចុះហត្ថលេខាដាក់ចេញ តាំងតែពីថ្ងៃទី ២៦ ខែមេសា និងបញ្ចប់នៅត្រឹមថ្ងៃទី ៩ខែឧសភា ប៉ុន្ដែ ដោយសារតែមើលឃើញពីភាពមិនស្រាកស្រាន្ដនៃករណីឆ្លងសោះនោះ អាជ្ញាធរក៏បានពន្យារពេលការបិទបណ្ដោះអាសន្ននេះ ៨ថ្ងៃបន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី១៧ ខែឧសភា។
ក្រៅតែពីក្រុងបាងកក ក៏មានខេត្តក្បែរៗនោះជាច្រើន ក៏កំពុងស្ថិតនៅក្នុងហានិភ័យឆ្លងខ្ពស់ដែរ ដូចជានៅខេត្តសាមុទ្រសាខន, សាមុទ្រប្រាកាន និង ណន់ថាបុរីជាដើម។
នៅក្នុងបទបញ្ជានោះ តម្រូវឲ្យសាលា មជ្ឈមណ្ឌលបង្រៀន និងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវតែបន្ដបិទដល់ថ្ងៃទី ១៧ ខែឧសភា។ បន្ថែមពីនេះ ទីតាំងកម្សាន្ដ សួនសត្វ ពហុកីឡដ្ឋានកីឡាប្រដាល់ កន្លែងហាត់ប្រាណ និងទីតាំងមិនចាំបាច់មួយចំនួនទៀតក៏ត្រូវបិទបណ្ដោះអាសន្នដែរ។ លើកលែងតែ ហាងលក់ទំនិញ (Convenience Store) អាចនៅបើកដល់ម៉ោង១០យប់ ខណៈដែលផ្សារទំនើបអាចបើកនៅត្រឹមម៉ោង៩យប់។ រីឯភោជនីយដ្ឋានវិញ សម្រាប់នៅតំបន់ក្រហម អាចបើកលក់ឲ្យភ្ញៀវចូលទទួលទានបានត្រឹមម៉ោង៩យប់ និងអាចបន្ដលក់ខ្ចប់បានដល់ម៉ោង១១យប់ ខណៈដែលនៅតំបន់ពណ៌ទឹកក្រូចវិញ អាចបើកឲ្យភ្ញៀវចូលទទួលទានបានដល់ម៉ោង១១យប់។ ទោះយ៉ាងណា ភោជនីដ្ឋានទាំងនោះ ហាមដាច់ខាតការលក់គ្រឿងស្រវឹងទៅឲ្យភ្ញៀវ។
ទោះយ៉ាងណា ក្រុមប្រតិបត្តិករភោជនីយដ្ឋានថៃ បានអំពាវនាវឲ្យរដ្ឋាភិបាលលុបចោលការរឹតត្បិតខ្លាំងនេះ រួមទាំងស្នើឲ្យមានការលើកលែងការហាមឃាត់ការទទួលទានអាហារក្នុងភោជនីយដ្ឋានជាដើម ដ្បិតថា កន្លងមកការបិទខ្ទប់នេះ បានធ្វើឲ្យភោជនីយដ្ឋានជាច្រើនរងផលប៉ះពាល់ និងបានធ្វើឲ្យបុគ្គលិកជាច្រើនត្រូវផ្អាកការងារផងដែរ។ សមាគមភោជនីយដ្ឋានថៃ ក៏បានស្នើដល់រដ្ឋាភិបាលឲ្យជួយប៉ះប៉ូវប្រាក់ចំណូលបុគ្គលិក ដែលបាត់បង់ការងារទាំងនោះ ដោយសូមឲ្យរដ្ឋជួយឧបត្ថម្ភ ៥០%នៃប្រាក់ខែរបស់ពួក និងពន្យារពេលបង់មូលនិធិសន្ដិសុខសង្គមជាដើម។
ស្របពេលដែល កូវីដ-១៩ កំពុងបន្ដរាតត្បាតខ្លាំង ប្រទេសថៃក៏កំពុងជំរុញផែនការចាក់វ៉ាក់សាំងរបស់ខ្លួនផងដែរ ដោយកន្លងមកថៃ បានអនុញ្ញាតឲ្យវិស័យឯកជនអាចទិញវ៉ាក់សាំងមកលក់ឲ្យប្រជាជនរបស់ខ្លួន។
មន្ត្រីរដ្ឋាភិបាលថៃ បានលើកឡើងថា នៅពេលឆាប់ៗនេះ មន្ទីរពេទ្យឯកជននឹងចាប់ផ្ដើមលក់វ៉ាក់សាំងរបស់អាមេរិកប្រភេទ Moderna ក្នុងតម្លៃខ្ពស់បំផុតត្រឹមជាង ៩៦ដុល្លារអាមេរិកក្នុងការចាក់ចំនួន២ដូស។ សមាគមមន្ទីរពេទ្យឯកជនថៃ បានឲ្យដឹងថា អង្គការឱសថរដ្ឋាភិបាល រំពឹងថា នឹងបញ្ជាទិញនាំចូលវ៉ាក់សាំង Moderna នេះ ជាលើកដំបូងក្នុងការប្រើប្រាស់ជាលក់ដូរជូនពលរដ្ឋ ដែលមានលទ្ធភាព។ អង្គការឱសថរដ្ឋាភិបាលថៃ នឹងដើរតួនាទីជាឈ្មួញកណ្ដាល ពីព្រោះជាទូទៅ ក្រុមហ៊ុនផលិតវ៉ាក់សាំង គឺលក់វ៉ាក់សាំង ក្នុងក្របខណ្ឌតែជាមួយរដ្ឋាភិបាលប៉ុណ្ណោះ។ វ៉ាក់សាំង Moderna អាចនឹងដឹកមកដល់ថៃនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២១នេះ ខណៈដែលវ៉ាក់សាំងរបស់អាមេរិកមួយនេះ ក៏ទើបតែបានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកសម្រាប់ឲ្យប្រើប្រាស់បន្ទាន់ផងដែរ។
ក្រៅពីនេះ ថៃក៏រំពឹងថា នឹងមានវ៉ាក់សាំងរបស់ក្រុមអាមេរិក និងអាល្លឹម៉ង់ Pfizer ប្រមាណ១០ ទៅ២០លានដូសទៀត នឹងដឹកមកដល់នៅពាក់កណ្ដាលឆ្នាំចុងក្រោយនៃឆ្នាំនេះ ខណៈគិតមកទល់ពេលនេះ ថៃទើបតែបានចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនប្រមាណ១លាន៦សែនដូសប៉ុណ្ណោះ ដែលចំនួននេះ បង្ហាញពីការយឺតយ៉ាវរបស់រដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំង បើធៀបជាមួយនឹងប្រទេសផ្សេងៗទៀត។
បើទោះបីជា ស្ថានភាពកូវីដ-១៩ នៅមិនទាន់ឃើញពីស្ថានភាពប្រសើរឡើងខ្លាំងក្ដី ប៉ុន្ដែ រដ្ឋាភិបាលថៃ នៅតែមានជំនឿចិត្ត និងរក្សាគោលជំហរបស់ខ្លួនថា នឹងលើកលែងការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច អាចចូលមកក្នុងរាជធានីបាងកក និងទិសដៅទេសចរសំខាន់ៗផ្សេងទៀត ចាប់ពីខែតុលាតទៅ រដ្ឋាភិបាលថៃ សង្ឃឹមថា ការស្ដារវិស័យទេសចរណ៍នេះ គឺជាកត្តាមួយនឹងជួយជំរុញដល់វិស័យសេដ្ឋកិច្ចថៃស្ទុះងើបឡើងវិញ៕