ការលើកឡើងរបស់អ្នកជំនាញធនាគារ និង ហិរញ្ញវត្ថុដូចនេះ បន្ទាប់ពីមាន ការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាមហាជនមួយចំនួន ដែលតែងតែទទូចស្នើ ឲ្យគ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានការបន្ធូរបន្ថយដល់កូនបំណុលរបស់ខ្លួន ក្នុងអំឡុងពេល ដែលកម្ពុជា និង ពិភពលោកកំពុងតែមានការរីករាលដាលឆ្លងនៃវីរុសកូវីដ១៩។
ជុំវិញទៅនឹងបញ្ហានេះដែរ លោក បណ្ឌិត អុិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និង ជាប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នមិនទាន់មានអ្នកណាម្នាក់និយាយដល់នៅឡើយទេថា ធនាគារជាកូនបំណុលរបស់អ្នកដាក់ប្រាក់បញ្ញើក្នុងធនាគារ ប៉ុន្តែភាគច្រើនបំផុតនិយាយតែពីអ្នកជាប់បំណុលធនាគារតែប៉ុណ្ណោះ។ជាការពន្យល់របស់លោកបណ្ឌិត បានលើកឡើងថា បច្ចុប្បន្នអ្នកដែលខ្ចីប្រាក់ពីធនាគារអេស៊ីលីដា មានប្រមាណ ៤០ម៉ឺននាក់ សរុបជាទឹកប្រាក់កម្ចីប្រមាណ ៣,៨ពាន់លានដុល្លារគិតត្រឹមបំណាច់ខែមីនា ឆ្នាំ២០២០ ខណៈអ្នកផ្ញើប្រាក់មានរហូត ២លាននាក់ ដែលគិតជាសាច់ប្រាក់ជាង ៤,២ពាន់លានប៉ុណ្ណោះ។
លោកបណ្ឌិតបានពន្យល់ទៀតថា ជាមធ្យមអ្នកខ្ចីប្រាក់ពីធនាគារក្នុង១នាក់ គិតជាសាច់ប្រាក់មាន១ម៉ឺនដុល្លារ ខណៈអ្នកដាក់ប្រាក់បញ្ញើ១នាក់មានចំនួនតែ ២ពាន់ដុល្លារតែប៉ុណ្ណោះ ដូច្នេះមានន័យថាទំហំអ្នកខ្ចីប្រាក់មានចំនួនលើសពីអ្នកដែលបានដាក់ប្រាក់បញ្ញើក្នុងធនាគារទៅទៀត ដែលត្រង់ចំណុចនេះ ប្រាក់ដែលគេ(អតិថិជន) បានផ្ញើក្នុងធនាគារត្រូវយកទៅឲ្យអ្នកខ្ចីបន្តទៀត រីឯធនាគារគ្រាន់តែជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ។
លោក បណ្ឌិត អុិន ចាន់នី បានបញ្ជាក់ទៀតថា បើធនាគារជាកូនបំណុលរបស់អ្នកផ្ញើលុយដែរនោះ ថាតើ ការដែលឲ្យធនាគារមានការលើកលែងចំពោះអ្នកខ្ចីប្រាក់ពីធនាគារ តើធនាគារខ្លួនឯងនឹងមានប្រាក់មកពីណាដើម្បីសងបំណុលដែលគេបានផ្ញើ នៅពេលណាដែលអ្នកផ្ញើត្រូវការប្រាក់វិញនោះ នេះជាចំនុចមួយដែលមិនទាន់មានអ្នកណាម្នាក់និយាយដល់នៅឡើយទេ។ ប៉ុន្តែយ៉ាងណាក៏ដោយចុះ ស្ថាប័នធនាគារតែងតែស្តាប់ការណែនាំរបស់ធនាគារជាតិ ដែលជាអាណាព្យាបាលជានិច្ច។
សូមបញ្ជាក់ដែរថា បន្ទាប់ពីមានការរីករាលដាលនៃមេរោគកូវីដ ១៩ បានឆ្លងទៅដល់ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនឡើងៗ ដែលរំពឹងថាបញ្ហានេះនឹងអាចរងផលប៉ះពាល់រយៈពេលយូរ ដូច្នេះធនាគារជាតិនៃកម្ពុជា បានធ្វើការចេញប្រកាសអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សូមរក្សាភាពទន់ភ្លន់ចំពោះការដោះស្រាយបំណុល ជាមួយកូនបំណុល ក្នុងអំឡុងវិបត្តិដ៏ធ្ងន់ធ្ងរនេះ។
បើតាមលោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុ បានប្រាប់អ្នកសារព័ត៌មានតាមរយៈសារជាសម្លេងរបស់លោកឲ្យដឹងថា គ្រប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់សូមរក្សាភាពទន់ភ្លន់ដោះស្រាយបំណុលជាមួយកូនបំណុលតាមការអំពាវនាវ ក៏ដូចជាការណែនាំរបស់ធនាគារជាតិនៃកម្ពុជាដែលបានចេញនាពេលកន្លងមក និងចៀសវាងជាដាច់ខានមិនត្រូវរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុលខ្លួននោះឡើយ ក្នុងពេលដែលកំពុងមានការរីករាលដាលនៃវីរុស កូវីដ១៩។លោកបណ្ឌិត អុិន ចាន់នី បានបញ្ជាក់បន្ថែមថា ធនាគារ និង អតិថិជនគឺជាដៃគូអាជីវកម្មដ៏ស្មោះស្មគ្រ និង យូរអង្វែងនៃការធ្វើអាជីវកម្មជាមួយគ្នា ដែលជាក់ស្តែងក្នុងរយៈពេល៣ខែដំបូងឥណទានរបស់ធនាគារអេស៊ីលីដារមានកំណើនជិត ១០០លានដុល្លារ។លោកបណ្ឌិត បន្ថែមថា ក្នុងពេលដែលមានការរីករាលដាលជំងឺកូវីដ១៩ គុណភាពឥណទានបន្តរីកលូតលាស់ជាមួយនឹងកំណើនល្អជាធម្មតា ខណៈអតិថិជនដាក់ប្រាក់បញ្ញើនៅមានកំណើនជាធម្មតា ដែលពួកគាត់គិតថា ធនាគារជាកន្លែងទុកដាក់ប្រាក់មានសុវត្ថិភាពបំផុត។
សូមបញ្ជាក់ដែរថា ធនាគារអេស៊ីលីដា កាលពីថ្ងៃ ទី០២ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ បានប្រកាសចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គោលដៅមនុស្សធម៌នៅក្នុងពេលតែមួយ ដោយបរិច្ចាគថវិកាសរុបចំនួន ៣ពាន់លានរៀន ឬស្មើនឹងប្រមាណ ៧៤ ម៉ឺនដុល្លារអាមេរិក។
លោកបណ្ឌិត អុិន ចាន់នី បានមានប្រសាសន៍ថា សុខភាពរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ ពីព្រោះពួកគេជាកម្លាំងចលករនៃការកសាងជាតិ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ប្រជាជនមានសុខភាពល្អ មានការចូលរួមកាន់តែសកម្ម ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ ហេតុដូចនេះ ធនាគារចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សុខុមាលភាពសាធារណៈក្នុងការទប់ស្កាត់សភាពការណ៍គ្រោះភ័យ ដែលបង្កដោយជំងឺរីករាលដាលកូវីដ-១៩ និងបន្តការបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ដល់វិភាគទានសប្បុរសធម៌ មូលនិធិគន្ធបុប្ផាកម្ពុជា និងកាកបាទក្រហមកម្ពុជាដែលធនាគារបានធ្វើឡើងជារៀងរាល់ឆ្នាំ៕