បើតាមក្រុមហ៊ុន SinoPac Holding ការទិញយកទាំងស្រុងនូវគ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ Amret នេះ គឺជាយុទ្ធសាស្ត្រចម្បងមួយរបស់ក្រុមហ៊ុននេះ ក្នុងការបង្កើនប្រាក់ចំណូលនៅក្រៅប្រទេស និងការពង្រីកខ្លួនកាន់តែធំនៅលើទីផ្សារអន្តរជាតិ។
ការទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតនេះ ត្រូវបានក្រុមហ៊ុន SinoPac Holdings អះអាងថា នឹងធ្វើឡើងជា បីដំណាក់កាល ដោយដំណាក់កាលទីមួយក្រុមហ៊ុននឹងទិញយក ៨០% ក្នុងតម្លៃប្រហែល ៤៣៥ លានដុល្លារ ហើយបន្ទាប់មកនឹងទិញយក១០% ទៀតនៅចុងឆ្នាំទី១ ហើយ១០% ទៀតនឹងទិញយកនៅចុងឆ្នាំទី២។
ទាក់ទងនឹងការទិញលកភាគហ៊ុននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នៅមិនទាន់មានការឆ្លើយតបនៅ ឡើយទេ។
ក្រុមហ៊ុនរបស់តៃវ៉ាន់មួយនេះ ក៏បានកត់សម្គាល់ឃើញពីសក្ដានុពលរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា ដែលកំពុងមានកំណើនខ្ពស់ជាងគេបំផុតនៅមួយអាស៊ី។ តួយ៉ាងតាមរបាយការណ៍របស់ IMF បានព្យាករណ៍ថា កំណើន GDP របស់កម្ពុជានៅឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ នឹងសម្រេចបានក្នុងរង្វង់ ៦,៣% ក្នុងមួយឆ្នាំ។ មិនតែប៉ុណ្ណោះ SinoPac Holdings ក៏បានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសដែលមានភាពទាក់ទាញផ្នែកប្រជាសាស្ត្រខ្លាំងជាងគេមួយនៅក្នុងតំបន់ ដែលជាផ្នែកមួយនឹង ជួយជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។
បើតាមក្រុមហ៊ុនតៃវ៉ាន់ដដែលនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គឺជាគ្រឹះស្ថាមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដ៏ធំជាងគេមួយនៅកម្ពុជា បើគិតនៅក្នុងទំហំទ្រព្យសកម្ម។ ជាមួយគ្នានេះ ធនាគារ SinoPac ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SinoPac Holdings ក៏ជាអ្នកផ្ដល់កម្ចីដ៏ធំជាងគេមួយរបស់ អម្រឹត តាំងពីឆ្នាំ ២០១៧មកម្ល៉េះ។
សូមបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានសាខាសរុបចំនួន ១៥០ នៅទូទាំងប្រទេសកម្ពុជា ជាមួយនឹងទ្រព្យសកម្មសរុប្រមាណ ២ពាន់លានដុល្លារអាមេរិក។