បន្ថែមពីនេះ ភាគីទាំងពីរក៏បានលើកឡើងពីបញ្ហាដ៏រសើបនៅកោះតៃវ៉ាន់ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗ។
លោក Sullivan បានប្រាប់សេតវិមានដោយខ្លីៗថា ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបង្ហាញថា ប្រទេសកូរ៉េខាងជើងអាចនឹងកំពុងរៀបចំការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន អំឡុងពេលឬក្រោយពេលដែលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន នៅសប្តាហ៍នេះ។ ហើយលោកក៏បាននិយាយជាមួយសមភាគីចិន លោក Yang ផងដែរ អំពីបញ្ហានេះ។
ទីប្រឹក្សាសន្ដិសុខជាតិអាមេរិកដដែលនេះបន្តថា រាល់ការសាកល្បងផ្សេងៗ ដោយកូរ៉េខាងជើងនឹងឆ្លុះបញ្ជាំងពីការដើរថយក្រោយនៃកិច្ចពិភាក្សានៃរលុបបំបាត់អាវុធនុយក្លេអ៊ែរ ហើយនឹងធ្វើឲ្យអាប់អួរលើការផ្តោតអារម្មណ៍របស់រដ្ឋកាលលោក Biden ក្នុងអំឡុងពេលទស្សនកិច្ចនៅតំបន់អាស៊ីទៅលើការពិភាក្សាអំពីការដោះដូរពាណិជ្ជកម្ម និងកៀគរសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន។
គួររំលឹកថា សហរដ្ឋអាមេរិកបានជំរុញឱ្យអង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មបន្ថែម ទៅលើរដ្ឋផ្តាច់ការកូរ៉េខាងជើងមួយនេះ ប៉ុន្តែប្រទេសចិន និងរុស្ស៊ីបានបង្ហាញពីការជំទាស់យ៉ាងដាច់ខាត។
លោក Sullivan មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេក្នុងជំនួបតាមទូរសព្ទនេះ ប៉ុន្តែសេតវិមានបានស្រង់សម្តី លោក Sullivan និងភាគីចិន ក៏បានពិភាក្សាគ្នាអំពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនផងដែរ និងបញ្ហាចោទមួយចំនួនទាក់ទិននឹងទំនាក់ទំនងរវាងអាមេរិក-ចិន។
ជាមួយគ្នានេះដែរ សារព័ត៌មានចិន Global Times បានដកស្រង់សម្តីលោក Yang អ្នកការទូតចិនដែលបាននិយាយជាមួយលោក Sulivan តាមទូរស័ព្ទបានឲ្យដឹងថា "ប្រសិនបើភាគីអាមេរិកនៅតែបន្តលេងសន្លឹកបៀរតៃវ៉ាន់ វាប្រាកដជានឹងធ្វើឱ្យស្ថានការណ៍កាន់តែគ្រោះថ្នាក់ពិបាកប៉ាន់ស្មាន ក្នុងករណីបើអាមេរិកដើរលើផ្លូវខុសជាយថាហេតុណាមួយនោះ" ។
លោក Yang បានបន្ថែមថា សហរដ្ឋអាមេរិកបាននិងកំពុងសម្រេចដើរលើផ្លូវមួយគួរឲ្យព្រួយបារម្ភ និងមានសកម្មភាព ដែលមានលក្ខណៈជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍របស់ចិនផងដែរ។ ចិនបាននឹងកំពុងធ្វើការឆ្លើយតបយ៉ាងតឹងរ៉ឹង និងដាច់ខាត ដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនងរវាងចិន-អាមេរិក វិលទៅរកវឌ្ឍនភាពនិងស្ថិរភាពឡើងវិញ។
មួយវិញទៀត លោក Yang ក៏បានសង្កត់ធ្ងន់ថា សំណួរដែលពាក់ព័ន្ធនឹងកោះតៃវ៉ាន់គឺជា រឿងដ៏រសើប និងសំខាន់បំផុត ក្នុងទំនាក់ទំនងចិន-អាមេរិក ដោយបន្ថែមថា ភាគីអាមេរិកគួរតែយល់យ៉ាងច្បាស់ថា ប្រទេសចិន នៅតែអនុវត្តតាមគោលនយោបាយចិនតែមួយ និងមិនធ្លាប់គាំទ្រ "ឯករាជ្យភាពរបស់តៃវ៉ាន់ម្តងណាឡើយ"។
ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខជាតិរបស់ខ្លួន។
គួរបញ្ជាក់ថា លោក Sullivan និង លោក Yang បានជួបគ្នាចុងក្រោយនៅទីក្រុងរ៉ូមក្នុងខែមីនាកន្លងទៅ ក្នុងជំនួបរវាងលោក Biden ជាមួយមេដឹកនាំចិនលោក Xi Jinping។ ក្នុងនោះ ប្រធានាធិបតីអាមេរិកបានព្រមានចំៗ ទៅលើលោក ស៊ីជីនពីង អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទីក្រុងប៉េកាំងហ៊ានផ្តល់ជំនួយជាសម្ភារៈទៅឲ្យទីក្រុងម៉ូស្គូ ដើម្បីធ្វើសង្រ្គាមនៅអ៊ុយក្រែនមែននោះ៕
អត្ដបទ៖ ហ៊ុន គន្ធថៃ