ប្រទេសអឺរ៉ុបមួយចំនួនបានព្រួយបារម្ភ និងខឹងសម្បារយ៉ាងខ្លាំង ចំពោះច្បាប់កាត់បន្ថយអតិផរណាហៅកាត់ថា IRA បង្កើតឡើងដោយរដ្ឋបាលរបស់លោក Biden ដែលនៅក្រោមច្បាប់នេះ លោកគ្រោងនឹងចំណាយថវិកាចំនួន ៤៣០ ពាន់លានដុល្លារ ដើម្បីផ្តល់ការឧបត្ថម្ភធនដ៏ច្រើន សម្រាប់ផលិតផលដែលផលិតនៅសហរដ្ឋអាមេរិកក្នុងបំណងដោះស្រាយបញ្ហាអាកាសធាតុ និងការលើកកម្ពស់ថាមពលកកើតឡើងវិញ។
សេចក្ដីថ្លែងការណ៍របស់សេតវិមានបាននិយាយថា មេដឹកនាំទាំង២រូបនេះ នឹងពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការអាមេរិក និងអឺរ៉ុប ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុតាមរយៈការវិនិយោគលើបច្ចេកវិទ្យាស្អាតផ្អែកទៅលើខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយសុវត្ថិភាព។
ការិយាល័យរបស់លោកស្រី Von der Leyen បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ទី២មីនា រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិកលោកស្រី Janet Yellen បាននិយាយជាមួយអនុប្រធានគណៈកម្មការអឺរ៉ុបលោក វ៉ាល់ឌីស ឌូមប្រូវស្គីស៍ (Valdis Dombrovskis) អំពីការផ្ដល់មូលនិធិនៅក្រោមច្បាប់នេះ និងតម្រូវការក្នុងការលើកកម្ពស់ថាមពលបៃតងនៅក្នុងភាគីទាំងពីរ។
លោក Dombrovskis បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម tweet ថា ការពិភាក្សាជាមួយលោកស្រី Yellen ស្ដីពីច្បាប់កាត់បន្ថយអតិរណារបស់អាមេរិកនេះ គឺមានលក្ខណៈក្នុងន័យស្ថាបនា ហើយពួកគេបានបន្តពិភាក្សាអំពីក្ដីកង្វល់របស់សហភាពអឺរ៉ុបចំពោះច្បាប់នេះ និងអំពីលទ្ធភាពនៃការទទួលបាននូវឋានៈឯកសិទ្ធិសម្រាប់សហភាពអឺរ៉ុប ចំពោះវត្ថុធាតុដើមផងដែរ។
នៅក្នុងអំឡុងដំណើរទស្សនកិច្ចកាលពីខែធ្នូរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ទៅកាន់សេតវិមាន លោក Biden បាននិយាយថា សេចក្ដីព្រាងច្បាប់ ដែលតាក់តែងឡើងក្នុងបំណងជំរុញថាមពលកកើតឡើងវិញរបស់សហរដ្ឋអាមេរិក និងឧស្សាហកម្មផលិតបន្ទះឈីបនេះមាន«បញ្ហា» បន្តិចបន្តួចដែលអាចដោះស្រាយបាន។
គណៈកម្មការអឺរ៉ុបកាលពីខែមុនបានបង្ហាញផែនការឧស្សាហកម្មកិច្ចព្រមព្រៀងបៃតងរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងវិធានការរបស់សហរដ្ឋអាមេរិក ដោយបានបង្កើនកម្រិតជំនួយរបស់រដ្ឋ ដើម្បីជួយអឺរ៉ុបប្រកួតប្រជែងធ្វើជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ផលិតផលបច្ចេកវិទ្យាស្អាត។
សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា លោក បៃដិន និងលោកស្រី Von de Leyen ក៏នឹងពិភាក្សាគ្នាពីក្រុមការងារពិសេសរួមគ្នាមួយ ស្តីពីសន្តិសុខថាមពល ដែលត្រូវបានបង្កើតឡើងកាលពីមួយឆ្នាំមុនដើម្បីជួយកាត់បន្ថយការពឹងផ្អែករបស់សហភាពអឺរ៉ុបលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី និងពិភាក្សាអំពីបញ្ហាប្រឈមដែលបង្កឡើងដោយប្រទេសចិនផងដែរ៕