តើមានហេតុផលអ្វីខ្លះ ដែលធ្វើឲ្យរាំងស្ទះដល់គោលដៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅសហរដ្ឋអាមេរិក?
លោក ជេហ្វ្រី ហ្សាយអិន (Jeffrey Zient) ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកជំងឺកូវីដ-១៩ ប្រចាំនៅសេតវិមានអាមេរិក បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា អាមេរិកអាច នឹងសម្រេចគោលដៅចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យចាប់ពីអាយុ២៧ឆ្នាំឡើងបាននៅត្រឹមថ្ងៃទី៤ ខែកក្កដា។ ប៉ុន្តែអាមេរិកប្រហែលជាមិនអាចសម្រេចបានការចាក់វ៉ាក់សាំងសម្រាប់មនុស្សអាយុចាប់ពី១៨ឆ្នាំ ឡើងទៅឱ្យបានដល់ ៧០ភាគរយ បានទាន់ពេលវេលាកំណត់នៅខែកក្កដានោះទេ។
លោកបានបន្តថា អាមេរិកត្រូវបន្ថែមល្បឿនលើយុទ្ធនាការចាក់វ៉ាក់សាំងនេះ ជាពិសេសបង្កើនល្បឿនចាក់វ៉ាក់សាំងសម្រាប់ក្រុមមនុស្សអាយុចន្លោះពី ១៨ ដល់ ២៦ឆ្នាំ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោន ដូចនេះ ធ្វើឡើងក្រោយគេសង្កេតឃើញថា មានក្រុមយុវជនអាមេរិកភាគច្រើន មិនសូវចង់ចាក់វ៉ាក់សាំងបង្ការកូវីដ១៩នោះទេ ពីព្រោះពួកគេគិតថា ជំងឺកូវីដ១៩ មិនមានផលប៉ះពាល់ដល់ពួកគេដែលមានវ័យក្មេងឡើយ។
គួរជម្រាបថា ផែនការចាក់វ៉ាក់សាំងដល់ពលរដ្ឋពេញវ័យអាមេរិកឲ្យបានដល់៧០% ត្រឹមថ្ងៃទី៤ខែកក្កដានេះ ត្រូវបានដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដើម្បីទុកជាការអបអរសាទរ ថ្ងៃបុណ្យឯករាជ្យអាមេរិកនៅថ្ងៃទី៤ ខែកក្កដាផ្ទាល់តែម្តង។
យ៉ាងណាមិញ ចំពោះគោលដៅចាក់វ៉ាក់សាំងរបស់អាមេរិក ត្រូវបានមន្ត្រីជាន់ខ្ពស់សេតវិមានលើកឡើងថា ត្រូវការពេលបន្ថែម ពីរទៅបីសប្ដាហ៍ទៀត បន្ទាប់ពីថ្ងៃទី៤ ខែកក្កដាខាងមុខនេះ។
សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ន មានប្រជាជនអាមេរិកប្រមាណ ៤៥% នៃប្រជាជនសរុប ជាង ៣២០លាននាក់ បានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរដូស ខណៈប្រទេសចិនដែលជាដៃគូប្រកួតប្រជែងរបស់អាមេរិកស្ទើរគ្រប់វិស័យនោះ ទើបតែបានប្រកាសនៅដើមសប្តាហ៍នេះថា ខ្លួនបានចាក់វ៉ាក់សាំងដល់ពលរដ្ឋអស់ចំនួន ១ពាន់លានដូសហើយ ប៉ុន្ដែ ចិនមិនបានបញ្ជាក់ថា តើក្នុងចំណោមនោះ អ្នកទទួលបានការចាក់វ៉ាក់សាំងគ្រប់ចំនួន២នោះ មានក្នុងចំនួនប៉ុន្មាននោះនោះទេ៕