ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ 12 របស់អ៊ីស្រាអែល កាលពីថ្ងៃពុធ លោក Biden បានបញ្ជាក់ច្បស់ៗថា «លោកនឹងនៅតែដាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ទៅក្នុងបញ្ជីអង្គការយោធាភារវកម្មបរទេស (FTO) របស់សហរដ្ឋអាមេរិក ទោះបីជាការធ្វើនេះអាចសម្លាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នៅឆ្នាំ ២០១៥ ក្តី។
សូមបើកវង់ក្រចកបន្តិចថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) គឺជាក្រុមយោធាជាតិអ៊ីរ៉ង់ដ៏មានឥទ្ធិពលនយោបាយបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលគ្រប់គ្រងបណ្ដុំពាណិជ្ជកម្មធំៗ ក៏ដូចជាគាំទ្រកងកម្លាំងប្រដាប់អាវុធជ្រុលនិយមផ្សេងៗ រហូតដល់ការស៊ើបការណ៍សម្ងាត់នានា ដែលទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់យោធាជាតិអ៊ីរ៉ង់នេះថា ជាអ្នកធ្វើយុទ្ធនាការគាំទ្រក្រុមភេរវកម្មពាសពេញពិភពលោក។
លើសពីនេះទៅទៀត មានសំណួរសួរថា បើអាមេរិកមិនអាចរារាំងអ៊ីរ៉ង់ក្នុងផលិតការអាវុធនុយក្លេអ៊ែរបាន តើអាមេរិកនឹងដោះស្រាយដូចម្តេច? លោកបៃដិន ឆ្លើយដោយឥតលាក់លាមថា «សហរដ្ឋអាមេរិកនឹងប្រើកម្លាំងយោធាក្នុងការដោះស្រាយ» ជាជម្រើសចុងក្រោយ។
ទោះបីបែបនេះក្តី កន្លងមក អ៊ីរ៉ង់បដិសេធការចោទប្រកាន់របស់អាមេរិក ហើយថា ការដែលខ្លួនដំឡើងកម្មវិធីនុយក្លេអ៊ែររដើម្បីផលិតអាវុធនេះ គឺសម្រាប់គោលដៅសន្តិភាពតែមួយគត់។
មែនទែនទៅ ទីក្រុងតេអេរ៉ង់បានធ្វើកិច្ចព្រមព្រៀងមួយជាមួយប្រទេសមហាអំណាចចំនួនប្រាំមួយក្នុងឆ្នាំ ២០១៥ ដែលសន្យាថា នឹងដាក់កំហិតក្នុងការការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសទាំងប្រាំមួយនោះ។
ជាអកុសល ក្រោមអាណត្តិប្រធានាធិបតីអាមេរិកលោក Donald Trump បានបដិសេធចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងឆ្នាំ ២០១៨ ជាមួយអ៊ីរ៉ង់ ហើយថែមទាំងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើប្រទេសនេះដែលជំរុញឱ្យទីក្រុងតេអេរ៉ង់ (Tehran) ចាប់ផ្តើមរំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួនពីពេលនោះមក។
ក៏ប៉ុន្តែ ក្រោយរដ្ឋការលោកចូ បៃដិន អាមរិកបានចរចាបានឡើងវិញនូវកិច្ចព្រមព្រៀងថ្មីមួយនៅក្នុងខែមីនាកន្លងទៅ ប៉ុន្តែការពិភាក្សាមិនបានទទួលលទ្ធផលអ្វីបន្តិចសោះ ដោយសារតែសហរដ្ឋអាមេរិកបានទាត់ចោលចំពោះការទាមទាររបស់ទីក្រុងតេអេរ៉ង់ ដែលឱ្យទីក្រុងវ៉ាស៊ីនតោនដកយោធាឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ចេញពីបញ្ជីក្រុមភេរវកម្ម ដោយអាមេរិកលើកហេតុផលថា ការទាមទារនេះគឺជាប្រធានបទផ្សេងពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
ទោះបីជាយ៉ាងណាក៏ដោយចុះ នៅក្នុងដំណើរកិច្ចនេះលោក Biden ក៏បានរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់សហរដ្ឋអាមេរិកដែលចង់ឃើញ ជនជាតិប៉ាឡេស្ទីនដែលរស់នៅក្នុងទឹកដីដែលកាន់កាប់ដោយអ៊ីស្រាអែលមានការសម្រុះសម្រួលជាមួយជនជាតិអ៊ីស្រាអែល និងចាប់ផ្តើមកិច្ចចរចាដែលជាប់គាំងកាលពីឆ្នាំ ២០១៤ ក្នុងការឈានទៅរកឯករាជ្យភាពរដ្ឋប៉ាឡេស្ទីន។
គួររំលឹកឡើងវិញថា ភាពតានតឹងមានកើនឡើងសាជាថ្មីរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនជុំវិញការសម្លាប់អ្នកកាសែតជនជាតិអាមេរិក-ប៉ាឡេស្ទីនឈ្មោះ ស៊ើរីន អាបូ អាក្លេរ (Shireen Abu Akleh) ក្នុងខែឧសភាកន្លងទៅ ដែលដោយមានបាញ់ដោយកងកម្លាំងរបស់អ៊ីស្រាអែលនៅតំបន់ (West Bank)។
សូមបន្ថែមថា នៅថ្ងៃទីពីរនៃដំណើរទស្សនៈកិច្ចនៅមជ្ឈិមបូព៌ា គឺនៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកយ៉ែ ឡាភីប (Yair Lapid) បានប្រកាសថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយដោយសន្យាថា នឹងរារាំងប្រទេសអ៊ីរ៉ង់ក្នុងការផលិតអាវុធនុយក្លេអ៊ែរឲ្យបានផងដែរ។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់លោក Biden បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចសន្ទនាតាមទូរស័ព្ទថា៖ «កិច្ចព្រមព្រៀងនេះនឹងពង្រីកលើទំនាក់ទំនងសន្តិសុខយូរអង្វែងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមទាំងការប្តេជ្ញាចិត្ត ដែលនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរក្នុងដៃនោះទេ»។
សូមជម្រាបថា បន្ទាប់ពីអ៊ីស្រាអែលលោក Biden ក៏នឹងជួបជាមួយមេដឹកនាំប៉ាឡេស្ទីននៅតំបន់ West Bank នៅថ្ងៃសុក្រ ហើយនឹងជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេសអារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តនៅឈូងសមុទ្រផ្សេងទៀតនៅទីក្រុងចេដា (Jeddah) នៅថ្ងៃសៅរ៍។
ដំណើរទស្សនៈកិច្ចក្នុងប្រទេសសម្ព័ន្ធមិត្តនៅមញ្ឈឹមបូព៌ានេះ ត្រូវបានគេមើលឃើញថា អាមេរិកចង់គៀរករសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការខ្ទប់ឥទ្ធិពលអ៊ីរ៉ង់នៅក្នុងតំបន់ ក៏ដូចជាជំរុញឱ្យមានការពង្រីកផលិតកម្មប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីតជាដើម ដើម្បីបំពេញតម្រូវការក្នុងស្រុក និងពិភពលោកផងដែរ ក្រោយការដាក់ទណ្ឌកម្មលើរុស្សី។