មន្ត្រីសេតវិមានអាមេរិក ប្រាប់អ្នកសារព័ត៌មានថា លោក Biden បានព្រមានទៅលោក Putinថា ការលុកលុយទៅលើអ៊ុយក្រែន នឹងបង្កើតឱ្យមានការប៉ះពាល់រីករាលដាលពាសពេញពិភពលោក ហើយវាក៏នឹងប៉ះពាល់ដល់មុខមាត់រុស្ស៊ីលើឆាកអន្តរជាតិផងដែរ។ ប្រមុខដឹកនាំក្រុងវ៉ាស៊ីនតោនបន្តព្រមានទៀតថា ទោះបីជាផ្លូវការទូតនៅតែបើកចំហរ ប៉ុន្តែសេណារីយ៉ូផ្សេងទៀតរួមមាន ទណ្ឌកម្ម និងការបញ្ជូនទ័ពរបស់សម្ព័ន្ធមិត្តមកក្នុងតំបន់អឺរ៉ុបក៏នៅបន្តធ្វើដូចគ្នាដែរ។ សម្រាប់ទណ្ឌកម្មវិញ លោកបៃឌិនបានបង្ហើបឲ្យលោកពូទីនដឹងថា ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្ងន់ធ្ងរ ស្ថិតក្នុងចំណោមជម្រើសដែលគេកំពុងពិចារណា។
គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបញ្ជូនទ័ព៣ពាន់នាក់បន្ថែមទៀតទៅប្រទេសប៉ូឡូញ។ សម្រាប់សេតវិមាន អឺរ៉ុបកំពុងស្ថិតក្នុងភាពគ្រោះថា្នក់ជាងពេលណាៗទាំងអស់គិតចាប់ពីសង្គ្រាមត្រជាក់ចប់មក។
យ៉ាងណាមិញ បើតាមប្រភពរបស់វិមានក្រឹមឡាំងឲ្យដឹងថា លោកពូទីន បានប្រាប់លោក បៃឌិនអំឡុងការជជែកគ្នាតាមទូរសព្ទថា សហរដ្ឋអាមេរិកមិនបានយកការទាមទារដែលរុស្សីព្រួយបារម្ភពីបញ្ហាសន្តិសុខសំខាន់ៗមកពិចារណានោះទេ ហើយបានព្រមានថាទីក្រុងម៉ូស្គូនឹងឆ្លើយតបក្នុងពេលឆាប់ៗនេះ។
គួររំឭកថា ការសន្ទនាតាមទូរស័ព្ទដោយផ្ទាល់នេះ ជាការជួបជជែកគ្នាលើកដំបូងហើយរវាងមេដឹកនាំទាំងពីរចាប់តាំងពីការនិយាយគ្នាលើកចុងក្រោយកាលពីថ្ងៃទី៣០ខែធ្នូឆ្នាំទៅមិញ។
កាលពីចុងសប្តាហ៍មុននេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាឱ្យបុគ្គលិកអាមេរិកដែលធ្វើការនៅស្ថានទូតក្នុងប្រទេសអ៊ុយក្រែនឱ្យចាកចេញពីប្រទេសនេះភ្លាមៗ ខណៈដែលរុស្ស៊ីក៏បានប្រាប់បុគ្គលិកការទូតមួយចំនួននៅទីនោះឲ្យចាកចេញផងដែរ។ មិនមែនតែអាមេរិកនោះទេ សូម្បីអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្ត ក៏កំពុងជម្លៀសមន្ត្រីស្ថានទូតរបស់ខ្លួនពីទីក្រុងកៀវដែរ ស្របពេលដែលស្ថានភាពនៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺនឡើង។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន បានអំពាវនាវឱ្យប្រទេសចិនកុំនៅស្ងៀមស្ងាត់ចំពោះមុខវិបត្តិមួយនេះ ដោយបានស្នើឲ្យជួយចេញមុខអំពាវនាវឲ្យរុស្សីបន្ធូរបន្ថយភាពតានតឹងដែលមិនទាន់បានស្រាកស្រាន្តសោះមកទល់ពេលនេះ ទោះបីមានជំនួបចរចា និងពិភាក្សាគ្នារាប់មិនអស់ហើយក្តី ប៉ុន្ដែកន្លងមកចិនបានចេញមុខឆ្លើយតបថា ចិនមិនមានសិទ្ធិអ្វីក្នុងការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ីនោះទេ៕