អាមេរិកគ្រោងលក់អាវុធទៅឲ្យតៃវ៉ាន់ ស្របពេលចិន និងរុស្សីប្រកាសធ្វើសមយុទ្ធ

លោក ចូ បៃឌិននឹងស្នើសុំអនុម័តផែនការលក់អាវុធឲ្យតៃវ៉ាន់តម្លៃជាង១ពាន់លានដុល្លារ ខណៈដែលចិន និងរុស្ស៊ីប្រកាសធ្វើសមយុទ្ធជាថ្មី


យោងតាមសារព័ត៌មាន Politico នៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden គ្រោងនឹងស្នើសុំសភាឱ្យយល់ព្រមលើការលក់សព្វាវុធប្រមាណជាង ១ ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ជួនពេលគ្នានោះដែរ មហាយក្សចិន និងមហាអំណាចរុស្សីឯណោះវិញក៏បានប្រកាសឡើងអំពីផែនការធ្វើសមយុទ្ធរួមគ្នាសាជាថ្មីទៀត នៅខែក្រោយនេះដែរ ដោយមានការចូលរួមពីប្រទេសម្ព័ន្ធមិត្តជាច្រើនផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានធំៗ។
លោក ចូ បៃឌិននឹងស្នើសុំអនុម័តផែនការលក់អាវុធឲ្យតៃវ៉ាន់តម្លៃជាង១ពាន់លានដុល្លារ ខណៈដែលចិន និងរុស្ស៊ីប្រកាសធ្វើសមយុទ្ធជាថ្មី
ដោយ

បើតាមប្រភពព័ត៌មានដែលដឹងពីរឿងរ៉ាវនេះបានបញ្ជាក់ថា កញ្ចប់នៃការលក់អាវុធ ដែលប្រធានាធិបតីអាមេរិក លោកចូ បៃឌិន គ្រោងស្នើឲ្យសភាអាមេរិកអនុម័តលក់ទៅឲ្យតៃវ៉ាន់នោះ រួមមានមីស៊ីលហាពូន (Harpoon Block II) ចំនួន ៦០ ដើម មានតម្លៃ ៣៥៥ លានដុល្លារ មីស៊ីលសាយវីនដើ (Block II Sidewinder) ចំនួន ១០០ ដើម ក្នុងតម្លៃជាង ៨៥ លានដុល្លារ និងជាង ៦៥៥ លានដុល្លារទៀត សម្រាប់រ៉ាដាឃ្លាំមើលដែនអាកាស។

របាយការណ៍នៃសព្វាវុធថ្មីនេះ កើតឡើងចំពេលដែលភាពតានតឹងរវាងអាមេរិកមានកាន់តែខ្លាំងជាមួយប្រទេសចិន ដោយនៅពេលថ្មីៗនេះ ទីក្រុងប៉េកាំងបានរៀបចំសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មានពីមុន តាមផ្លូវអាកាសផង និងផ្លូវសមុទ្រផងព័ន្ធជុំវិញកោះតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរបស់ឥស្សរជនអាមេរិកមកកាន់ដែនកោះមួយនេះជាបន្ដបន្ទាប់។

គួរជម្រាបថា នៅពេលដែលរដ្ឋបាល លោក Biden ធ្វើសេចក្តីជូនដំណឹងជាផ្លូវការ កិច្ចព្រមព្រៀងនេះនឹងត្រូវការការយល់ព្រមពីគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក ហើយបើតាមការបញ្ជាក់របស់ទីភ្នាក់ងារ Politico បាននិយាយថា សមាជិកសភាអាមេរិកត្រូវបានគេរំពឹងថា នឹងអនុម័តការលក់សញ្វាវុធនេះនៅទីបំផុត។

ទន្ទឹមនឹងអាមេរិកប្រកាសលក់អាវុធទៅឲ្យតៃវ៉ាន់នេះដែរ ប្រទេសរុស្សីបាននិយាយកាន់តែច្បាស់ថា ខ្លួននឹងចាប់ផ្តើមធ្វើសមយុទ្ធជាមួយសមភាគីចិនដែលឲ្យឈ្មោះថា វុសស្តុក (Vostok East 2022) ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែកញ្ញាខាងមុខនេះ នៅក្នុងតំបន់ភាគបូព៌ានៃប្រទេស និងនៅក្នុងសមុទ្រជប៉ុនផងដែរ។

ក្នុងនោះទៀតសោត បើយោងតាមក្រសួងការពារជាតិរុស្សី សមយុទ្ធនោះនឹងមានទាហានចូលរួមជាង ៥ ម៉ឺននាក់ និងអាវុធចម្រុះចំនួន ៥ ពាន់គ្រឿង រួមទាំងយន្តហោះ ១៤០ គ្រឿង បួករួមនឹងនាវាចម្បាំង ៦០ គ្រឿងទៀតផងដែរ។

សមយុទ្ធនេះនឹងធ្វើឡើងនៅទីតាំងចំនួនប្រាំពីរកន្លែង ស្ថិតនៅភាគខាងកើតប្រទេសរុស្សី ហើយនឹងមានការចូលរួមពីទាហានមកពីបណ្តាប្រទេសអតីតរដ្ឋសហភាពសូវៀតមួយចំនួនផងដែរ ដែលរួមមាន ចិន ឥណ្ឌា ឡាវ ម៉ុងហ្គោលី នីការ៉ាហ្គា និងប្រទេសស៊ីរី។

ក្រសួងការពារជាតិរុស្សីបាននិយាយថា អង្គភាពនៃកងទ័ពអាកាសរុស្ស៊ី យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ និងយន្តហោះដឹកទំនិញយោធា នឹងត្រូវបានដាក់ឲ្យចូលរួមក្នុងសមយុទ្ធនេះ រួមជាមួយនឹងកងកម្លាំងដទៃទៀតជាច្រើន។

ក្រសួងការពារជាតិរុស្សីបានបញ្ជាក់ទៀតថា សមយុទ្ធរួមគ្នា វុសស្តុក ក៏រួមបញ្ចូលកងទ័ពជើងទឹករុស្សី និងចិនដែលនឹងធ្វើសមយុទ្ធនៅក្នុងសមុទ្រជប៉ុនផងដែរ ដែលខ្លួនអះអាងថា ការធ្វើបែបនោះគឺដើម្បីពង្រឹងការការពារនៃទំនាក់ទំនងសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនៅច្រកសមុទ្រ ព្រមទាំងការគាំទ្រដល់កងទ័ពជើងគោកតាមតំបន់ឆ្នេរជាដើម។

មែនទែនទៅ លោក ពូទីន និងប្រធានាធិបតីចិន លោកស៊ី ជីនពីង ត្រូវបានគេមើលឃើញថា បានបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងរឹងមាំ ហើយនាពេលកន្លងមក ប្រទេសមហាអំណាចទាំងពីរក៏បានប្រកាសពីភាពជា «ដៃគូគ្មានដែនកំណត់» ផងដែរ ចំពេលដែលទាំងទីក្រុងម៉ូស្គូ និងប៉េកាំងកំពុងប្រឈមមុខនឹងភាពមិនត្រូវរូវគ្នាកាន់តែខ្លាំងឡើងជាមួយប្រទេសបស្ចិមលោក៕




អត្ថបទបន្ទាប់


សិង្ហបុរីនឹងផ្តល់ទិដ្ឋាការថ្មីដល់ជនបរទេសមានប្រាក់បៀវត្សរ៍ខ្ពស់ ដើម្បីស្រូបទាញបានអ្នកមានទេពកោសល្យមកធ្វើការក្នុងស្រុក

រដ្ឋាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសកាលពីថ្ងៃចន្ទ ទី ២៩ ខែ សីហាថា ប្រទេសសិង្ហបុរីនឹងណែនាំឲ្យប្រើប្រាស់ទិដ្ឋាការថ្មី សម្រាប់រយៈពេលរយៈពេល ៥ …

គ្រោះទឹកជំនន់បានផ្លិចបំផ្លាញប្រទេសប៉ាគីស្ថានអស់ប្រហែល ១០ ពាន់លានដុល្លារ

រដ្ឋមន្ត្រីផែនការរបស់ប្រទេសប៉ាគីស្ថានបាននិយាយកាលពីថ្ងៃច័ន្ទ ទី ២៩ ខែ សីហា ថា ការប៉ាន់ប្រមាណដំបូងនៃការខូតខាតដែលបង្កឡើង ដោយគ្រោះទឹកជំនន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ