ប្រជាជន​លែង​សូវ​ដើរ​ផ្សារដោយសារតែខ្លាច​វីរុស​កូវីដ១៩

ផ្សារធំៗ​​នៅ​ភ្នំពេញស្ងប់​ស្ងាត់​ ដោយសារតែ​​វីរុស​កូវីដ១៩


ចាប់​តាំង​ពី​វីរុស​កូវីដ១៩​បាន​ឆ្លង​រីករាល​ដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​មក ប្រជាពលរដ្ឋ​ជា​ច្រើន​មាន​ការ​បារម្ភ​និង​ភ័យខ្លាច ដោយ​ម្នាក់ៗ​មិន​ហ៊ាន​ចាកចេញ​ពី​ផ្ទះ​ទៅ​ក្រៅ​នោះ​ទេ។ បែបនេះ ទើប​ធ្វើ​ឲ្យ​ផ្សារ​ធំៗ​របស់​រដ្ឋ​មួយ​ចំនួន ដូចជា ផ្សារកណ្តាល ផ្សារ​អូរឫស្សី ផ្សារចាស់ និងផ្សារថ្មី ជាដើម ដែលធ្លាប់តែមាន​សភាព​អ៊ូរអរ​ខ្លាំង បែរ​ជា​ស្ងាត់​ជ្រងំ ពោល​គឺ​ស្ងាត់​ទាំង​វត្តមាន​អាជីវករ និង​អតិថិជន។
ផ្សារធំៗ​​នៅ​ភ្នំពេញស្ងាត់​ព្រោះ​ខ្សត់​អតិថិជន ដោយសារតែ​​វីរុស​កូវីដ១៩។
ដោយ

នៅ​ឯ​ផ្សារធំថ្មី ដែល​ជា​ផ្សារ​មួយ​មាន​អាយុកាល​ចាស់​ជាង​គេ ពោល​គឺ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ជំនាន់​អាណានិគមបារាំង និង​ល្បី​ថា សម្បូរ​ទៅ​ដោយ​ជន​បរទេស​គ្រប់​ជាតិ​សាសន៍ ទៅ​ទិញ​អីវ៉ាន់​និង​វត្ថុ​អនុស្សាវរីយ៍​នោះ ក៏​មាន​សភាព​ស្ងប់ស្ងាត់​ដែរ បើ​ប្រៀបធៀប​នឹង​កាល​ពី​ដែល​មិន​ទាន់​មាន​មេរោគ​កូវីដ១៩​រាតត្បាត។ 

លោកស្រី ប៉ុន ដានី អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំ​​ថ្មី​ បាន​ឲ្យ​ដឹង​ថា ផ្សារ​ធំ​ថ្មី​មាន​តូប​សរុប​ចំនួន ៣២៨០​តូប តែ​មាន​តូប​ចំនួន​៦៣០​តូប ត្រូវ​បាន​បិទ​ទ្វារ​​ដោយសារ​តែ​អាជីវករ​ភ័យ​ខ្លាច​វីរុស​កូវីដ១៩ ផង និង​ដោយសារ​ខ្សត់​ភ្ញៀវ​ផង។ 

លោកស្រី​បាន​បន្ត​ថា ក្រោយ​ពេល​ដែល​មាន​ករណី​ឆ្លង​វីរុស​កូវីដ១៩ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​មក ផ្សារ​ធំ​ថ្មី​ចាប់​ផ្តើម​ធ្លាក់​ចុះ​នូវ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ប្រមាណពី ២០ ទៅ ៤០% នា​ប៉ុន្មាន​សប្ដាហ៍​ចុង​​ក្រោយ​នេះ។

អាជីវករ​ខ្លះ​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុមការងារ​សារព័ត៌មាន ខេមបូណូមីស ដោយ​មាន​ពាក់​ម៉ាស់​ការពារ​ការ​ឆ្លង​មេរោគ​ផង​នោះ បាន​រៀបរាប់​ថា ការរាត​ត្បាត​នៃ​វីរុស​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគាត់​ធ្លាក់​ចុះ​ខ្លាំង ស្ទើរតែ​គ្មាន​ដើម​ទុន​គ្រប់​គ្រាន់​ដើម្បី​បង្វិល​ផង។

ប្រជាជនអ្នកដើរ​ផ្សារ​​ដែល​បាន​ទៅ​ផ្សារ​ធំ​ថ្មី​ដើម្បី​ទិញ​សម្ភារ​ប្រើប្រាស់​ចាំបាច់​មួយ​ចំនួន បាន​ផ្ដល់​សម្ភាសន៍​ដល់​សារព័ត៌មាន​ ខេមបូណូមីស ដោយ​​ពួកគាត់​​​អះអាង​ថា មាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លះ​ដែរ ពេល​មក​ផ្សារ​ដូច្នេះ ប៉ុន្តែ ពួកគាត់​មាន​អារម្មណ៍​ប្រសើរ​ឡើង​​បន្តិច​វិញ ព្រោះ​បាន​ឃើញ​ផ្សារ​ធំ​ថ្មី រៀបចំ​នូវ​វិធានការ​ការពារ​អតិថិជន​ពី​វីរុស​កូវីដ​១៩​នេះ។

អាវីជករ​ខ្លះ​បាន​បិទ​តូប​លែង​លក់ដូរ ដោយសារភ័យខ្លាច​នឹង​ការឆ្លងរាតត្បាតនៃ​វីរុសកូវីដ១៩។

បើតាម​លោក​ស្រី​ប្រធាន​ផ្សារ​ធំថ្មី​បញ្ជាក់​ថា គ្រប់​ច្រក​ទាំង​អស់​នៅ​ផ្សារ​នេះ សុទ្ធតែ​បាន​ដាក់​ឧបករណ៍​វាស់​កម្តៅ និង​ទឹក​អាល់កុល​សម្រាប់​បុគ្គលិក​ផ្សារ​ផង សម្រាប់​ភ្ញៀវ និង​អាជីវករ​ផង។ ហើយ​មិន​ត្រឹមតែ​ផ្សារ​ថ្មី​ទេ នៅតាម​បណ្តា​ផ្សារ​មួយ​ចំនួន​ទៀត ក៏​បាន​ដាក់​ចេញ​នូវ​ឧបករណ៍​ទាំងនេះ និង​វិធានការ​អនាម័យ​មួយ​ចំនួន​ទៀត ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​វីរុស​កូវីដ​១៩​នេះ​ខ្លាំង​ពេក។

បើតាម​អ្នក​នាំពាក្យ​សាលា​រាជ​ធានីភ្នំពេញ ថ្វីត្បិត​តែ​មាន​ផ្សារ​មួយ​ចំនួន​ធំ​ក្នុង​រាជ​ធានី​ភ្នំពេញ ហាក់​មាន​សភាព​ស្ងប់​ស្ងាត់​ពិត​មែន តែ​រហូត​មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​ការ​សម្រេច​បិទ​ផ្សារ​ណាមួយ​ជា​ផ្លូវការ​នោះ​ទេ ពោល​គឺនៅ​ដំណើរការ​ជា​ធម្មតា​គ្រប់​ផ្សារ​ទាំងអស់ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​រាជធានី៕

None



អត្ថបទបន្ទាប់


កូវីដ១៩ នៅអាមេរិក៖ ពលរដ្ឋអាមេរិក​ដើម​កំណើត​អាស៊ី​ផ្អើល​ទិញ​កាំភ្លើង​ទុក​ការពារ​ខ្លួន

ខណៈដែល​ពលរដ្ឋ​អាមេរិកាំង​ដែលភ័យ​ស្លន់ស្លោ​ដោយសារ​ការរាតត្បាត​នៃ​វីរុស​កូវីដ​១៩ នាំ​គ្នា​សម្រុក​ទិញ​គ្រឿង​ទេស​និងក្រដាស​បង្គន់​ ដូចដែល…

កូវីដ១៩៖ រកឃើញករណីឆ្លងថ្មី ៤នាក់; ជា​សះស្បើយ ៤នាក់; សរុបករណីឆ្លងឡើងដល់ ៩១នាក់

នៅថ្ងៃទី២៤ មីនា ២០២០​នេះ កម្ពុជា​បានរកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ១៩ ថ្មី ចំនួន ៤នាក់ទៀត លើ​ជនជាតិ​អង់គ្លេស​ ២នាក់ និង​ជនជាតិ​អាមេរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ