ជិះកង់

ជិះកង់ទៅធ្វើការ ចំណេញប្រាក់ បង្កើតឱកាសជំនួញ និងសុខភាពល្អ?


ខណៈដែលប្រជាជនកម្ពុជាជាទូទៅ បានប្រើប្រាស់ម៉ូតូ និងរថយន្តផ្ទាល់ខ្លួន ជាមធ្យោបាយធ្វើដំណើរទៅធ្វើការ មានពលរដ្ឋមួយក្រុម បែរជាមានចំណង់ចំណូលចិត្តជិះកង់ទៅធ្វើការទៅវិញ។ ពួកគេ លើកឡើងថា ជិះកង់មិនត្រឹមតែផ្តល់នូវសុខភាពរឹងមាំនោះទេ ប៉ុន្ដែ វាថែមទាំងបង្កើតនូវឱកាសជំនួញ និងបង្កើតភាពសាមគ្គី ព្រមទាំងបានរួមគ្នាធ្វើសកម្មភាពសប្បុរសធម៌ជាច្រើនទៀតផង។
ជិះកង់ទៅធ្វើការ ចំណេញប្រាក់ បង្កើតឱកាសជំនួញ និងសុខភាពល្អ?
ដោយ

លោក កុក ថា អ្នកជិះកង់ម្នាក់ បានរៀបរាប់យ៉ាងដូច្នេះ៖ «ទីមួយ ភាពកកស្ទះនៅទីក្រុងភ្នំពេញវាច្រើន អ៊ីចឹងកង់វាអាចលឿន និងកាត់បន្ថយការកកស្ទះ។ ទី២ យើងជាក្រុមដែលស្រឡាញ់បរិស្ថាន ដូច្នេះការជិះកង់បានកាត់បន្ថយផ្សែងពុលតាមរយៈឡាន និងម៉ូតូជាដើម។ ទីបី ជិះកង់ដើម្បីសុខភាព ព្រោះ បទពិសោធដែលខ្ញុំជិះកង់តាំងពីឆ្នាំ២០១៣មកដល់ថ្ងៃនេះ ខ្ញុំទទួលស្គាល់ និងឲ្យតម្លៃលើការជិះកង់ ព្រោះ វារួមចំណែកធ្វើឲ្យការងាររបស់ខ្ញុំមានប្រសិទ្ធភាពជាមុន ដោយសារតែការជិះកង់ធ្វើឲ្យខ្ញុំអាចធ្វើការបានរហ័សរហួនជាងមុន និងធ្វើការបានស៊ូជាងមុន»។ 

បើតាមលោក កុក ថា លោកមានក្រុមជិះកង់ស្ទើររៀងរាល់សប្តាហ៍ ហើយនៅពេលមុនជិះកង់ ក្រុមរបស់លោកបានរ៉ៃអង្គាសលុយគ្នា ដើម្បីរួមចំណែកដល់ការងារសង្គម និងអប់រំ ដូចជា៖ ទិញសម្ភារសិក្សាដល់ក្មេងៗ ទិញសៀវភៅដាក់ក្នុងបណ្ណាល័យ និងដាំដើមឈើប្រណីតនៅតាមសាលារៀន ឬវត្តអារាមជាដើម។ ក្រៅពីការងារសង្គម ការជិះកង់ បានធ្វើឲ្យលោក កុក ថា មានឱកាសដើរមើលអាជីវកម្ម ជាពិសេស លើវិស័យដីធ្លី និងអចលនទ្រព្យទៀតផង។ 

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចូលរួមជាក្រុមដើរមើលដី និងស្ថានភាពអចលនទ្រព្យ ព្រោះ វាងាយស្រួលជាងជិះឡាន។ ខ្ញុំនិយាយត្រង់ទៅ ពេលខ្លះជារឿងអស់សំណើចដែរ តែវាជាការពិត បើសិនយើងជិះកង់ទៅមើលដី ឬទិញដី អ្នកភូមិមិនសូវកាត់ថ្លៃយើងទេ តែបើយើងជិះឡានថ្លៃៗ ល្អៗពេក តម្លៃដី គាត់កាត់ថ្លៃខ្លាំងដែរ នេះជាបទពិសោធន៍ពិតៗ»។ 

ដូចគ្នាដែរ លោក តាត់ សុខ អ្នកជិះកង់ម្នាក់ទៀតបានប្រាប់ខេមបូណូមីសថា លោករស់នៅបុរី ប៉េង ហួត ស្ទឹងមានជ័យ ហើយជារៀងរាលថ្ងៃ លោកត្រូវជិះកង់ទៅធ្វើការនៅម្តុំបឹងឈូកដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃ និងជួយផ្នែកសុខភាពផងដែរ។


ជិះកង់ទៅធ្វើការ ចំណេញប្រាក់ បង្កើតឱកាសជំនួញ និងសុខភាពល្អ?

លោករៀបរាប់ថា៖ «រឿងសុខភាពជារឿងសំខាន់ ព្រោះ តាំងពីជិះកង់មក អត់ដែលកោសខ្យល់ទេ។ ម្យ៉ាងទៀត ជិះកង់មិនស្ទះចរាចរណ៍នោះទេ ព្រោះ បើខ្ញុំជិះឡានមួយ ស្មើកង់ចំនួន៥ឯណោះ។ ដូច្នេះ ជិះកង់ជួយកាត់បន្ថយចំនួនយានយន្តតាមផ្លូវ។ ខ្ញុំបានទុកឡានចោលនៅផ្ទះ ព្រោះជិះឡាន ខ្ញុំត្រូវចំណាយលើថ្លៃសាំង និងជួសជុលរង្វង់ប្រហែល ១៥០ទៅ២០០ដុល្លារក្នុងមួយខែ»។ 

បើគេសង្កេតនៅតាមដងផ្លូវនៅក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន អ្នកជិះកង់ នៅមានចំនួនតិចតួចនៅឡើយ។ ប៉ុន្ដែ បើគេធៀបនឹងមួយទសវត្សរ៍មុន បច្ចុប្បន្ន អ្នកជិះកង់ ហាក់បានកើនឡើងជាងមុនបន្តិច ដោយភាគច្រើន ពលរដ្ឋទិញកង់ ដើម្បីជិះហាត់ប្រាណ ជាជាងទិញជិះទៅធ្វើការ។ នេះជាការបញ្ជាក់របស់លោក អឿ ស៊ីផា អ្នកគ្រប់គ្រងផ្នែកលក់ហាងកង់ហោះពីរ ដែលជាហាងកង់តម្លៃថ្លៃៗនៅភ្នំពេញ។

ជិះកង់ទៅធ្វើការ ចំណេញប្រាក់ បង្កើតឱកាសជំនួញ និងសុខភាពល្អ?

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងមួយឆ្នាំ ហាងរបស់ខ្ញុំលក់កង់បានប្រមាណ២០០កង់ ដោយមានកំណើនជាលំដាប់។ កង់នៅទីនេះ មានតម្លៃចាប់ពី២៩៩ដុល្លារទៅ​១ម៉ឺន៣ពាន់ដុល្លារក្នុងមួយគ្រឿង។ កាលមុន អ្នកជិះកង់ គេថាជាអ្នកក្រ ប៉ុន្ដែ ឥឡូវមិនដូច្នេះទេ អ្នកជិះកង់សុទ្ធតែមានជីវភាពមធ្យម និងខ្ពស់ ដែលគាត់មានលទ្ធភាពទិញកង់មានតម្លៃថ្លៃៗ»៕   

None



អត្ថបទបន្ទាប់


អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រើទុនជាង ១លានដុល្លារ បំពាក់ប្រព័ន្ធចំណតស្វ័យប្រវត្តិ

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានចំណាយទុន ជាង ១លានដុល្លារអាមេរិក ដើម្បីរៀបចំ និងបំពាក់ប្រព័ន្ធចតយានយន្ដតាមបច្ចេកវិទ្យាស្វ័យប្រវត្តិ សម្រាប…

ឱកាសអាជីវកម្ម៖ តំបន់ទេសចរណ៍ WB Arena បើកជួលហាងផ្លូវការសម្រាប់អាជីវករ

តំបន់ទេសចរណ៍ដ៏ថ្មីសន្លាង និងពិសេសមួយ គឺ WB Arena ដែលគ្រោងនឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរឲ្យចូលកម្សាន្ដ នៅក្នុងខែវិច្ឆិកា ខាងមុខនោះ បានប្រក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ