តម្លៃរបស់ Bitcoin ដែលជារូបិយប័ណ្ណជីឌីថលដ៏ធំបំផុត និងពេញនិយមបំផុតរបស់ពិភពលោកបានកើនឡើង៣ដងឈានដល់៥ម៉ឺន២ពាន់ដុល្លារអាម៉េរិកក្នុង១ Bitcoin ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២។ ឆ្នាំ២០២២ គឺជាឆ្នាំដែលវិស័យគ្រីបតូបានដាំក្បាលចុះខ្លាំង ក្រោយក្រុមហ៊ុនប្ដូររូបិយប័ណ្ណគ្រីបតូ FTX បានដួលរលំ ដែលបានបង្កវិបត្តិសាច់ប្រាក់ងាយស្រួលនៅតាមក្រុមហ៊ុនគ្រីបតូតូចៗមួយចំនួន។
ហើយបន្ទាប់ពី Bitcoin បានហក់ឡើងថ្លៃវិញស្រឺតៗក្នុងឆ្នាំ២០២៣ អ្នកវិនិយោគលើវិស័យគ្រីបតូបានត្រលប់មកទីផ្សារវិញកាន់តែច្រើននៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលបានជំរុញឱ្យមូលធនទីផ្សារ (Market Cap) របស់ Bitcoin កើនឡើងលើស១ទ្រីលានដុល្លារអាម៉េរិក ជាលើកដំបូងចាប់តាំងពីឆ្នាំ២០២១ មក។ នេះបើយោងតាមទីន្នន័យពី CoinMarketCap ជាវេបសាយដែលផ្ដល់ព័ត៌មាន និងទិន្នន័យដូចជាតម្លៃ ទំហំនៃការជួញដូរ និងមូលធនទីផ្សាររបស់គ្រីបតូ។
យោងតាមវេបសាយនេះបានឱ្យដឹងថា ផ្ទុយពីរូបិយប័ណ្ណទូទៅធម្មតា ការផ្គត់ផ្គង់រូបិយប័ណ្ណឌីជីល Bitcoin នៅមានកម្រិតនៅឡើយ ហើយត្រូវបានរំពឹងថា នឹងកើនឡើងដល់កម្រិតកំពូលនៅឆ្នាំ២០៤០។ រំហូរប្រាក់វិនិយោគលើ Bitcoin បានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ក្រោយសហរដ្ឋអាម៉េរិក បានអនុម័តមូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin ETF កាលពីពេលថ្មីៗកន្លងទៅ ដែលធ្វើឱ្យអ្នកវិនិយោគរាយកាន់តែងាយស្រួលដាក់ប្រាក់វិនិយោគលើ Bitcoin។ តម្លៃរបស់ Bitcoin បានកើនឡើងខ្លាំងជិត១៣% ចាប់តាំងពីថ្ងៃទី១០ ខែមករា ដើមឆ្នាំ២០២៤ នេះ ជាពេលដែលនិយ័តករអាម៉េរិក បានផ្តល់ភ្លើងខៀវដល់បណ្ដាក្រុមហ៊ុនវិនិយោគ ដែលមានបំណងផ្តល់មូលនិធិបែបនេះ។
ទោះជាយ៉ាងណា ការហក់ឡើងថ្លៃដល់៥ម៉ឺន២ពាន់ដុល្លារអាម៉េរិកក្នុង១ Bitcoin នេះ គឺនៅទាបឆ្ងាយនៅឡើយ បើធៀបនឹងតម្លៃកំណត់ត្រា៦ម៉ឺន៩ពាន់ក្នុង១ Bitcoin កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ប៉ុន្តែអ្នកនៅក្នុងឧស្សាហកម្មគ្រីបតូបានទម្លាយប្រាប់សារព័ត៌មាន CNN កាលពីពេលថ្មីៗនេះថា Bitcoin នឹងបន្តហក់ឡើងថ្លៃបន្ថែមទៀត ហើយអាចនឹងហក់ឡើងថ្លៃលើសតម្លៃកំណត់ត្រា៦ម៉ឺន៩ពាន់ក្នុង១ Bitcoin ថែមទៀតផង៕
ដោយ: តែម សុខុម