អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺតាមគម្រោងផែនការ នៅដើមឆ្នាំ២០២០ ធនាគារអេស៊ីលីដា នឹងក្លាយជាក្រុមហ៊ុនចុះបញ្ជីបន្ទាប់ ហើយក៏ជា ធនាគារពាណិជ្ជទី ១ នៅកម្ពុជា ដែលលក់ភាគហ៊ុនជាសាធារណៈ និងជាមេដែកឆក់ដ៏សំខាន់នៅក្នុងផ្សារមូលបត្រកម្ពុជា ផងដែរ។
ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៩ ផ្សារមូលបត្រកម្ពុជា សម្រេចបាននូវ ភាពរីកចម្រើនខ្លាំង គួរឲ្យកត់សម្គាល់ ទាំងសកម្មភាពជួញដូរមានកាន់តែច្រើន ចំនួនវិនិយោគិន ក៏បន្តកើនឡើងដល់ជាង២ម៉ឺននាក់ ត្រឹមដំណាច់ឆ្នាំ ២០១៩ ជាពិសេសគឺ ទទួលបានការចាប់អារម្មណ៍កាន់តែច្រើន ពីសំណាក់អ្នកវិនិយោគ ដែលមានបំណងចុះបញ្ជីនៅលើ ផ្សារមូលបត្រកម្ពុជា ហើយទំនោរវិជ្ជមាននេះ នឹងបន្តរហូតដល់ឆ្នាំ ២០២០។
ឯកឧត្តម ហុង សុហួរ ពន្យល់បន្ថែមថា វិស័យមូលបត្រកម្ពុជា ចាប់ដំណើរការ ក្នុងពេលដំណាលគ្នាជាមួយនឹងការរីកចម្រើននៃទីផ្សារអចលនទ្រព្យ ដែលនេះក៏អាចចាត់ទុកថា ជាឧបសគ្គនៃការរីកលូតលាស់របស់ផ្សារមូលបត្រកម្ពុជាដែរ។ ទោះយ៉ាងណា ក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ លទ្ធផលចាប់ផ្តើមប្រសើរឡើងជាបណ្តើរៗ ទាំងសកម្មភាពនៅក្នុងទីផ្សារ និងការចាប់អារម្មណ៍នៃសំណាក់សាធារណជនជាអ្នកទិញលក់ភាគហ៊ុន ក៏ដូចជាក្រុមហ៊ុនចុះបញ្ជី មានការចាប់អារម្មណ៍ជាងមុន។
លោក ហា ចុង វ៉ុន (HA Jong Weon) អគ្គនាយករងនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងដែរថា បើទោះបីជាវិស័យមូលបត្រនៅកម្ពុជា មានសញ្ញាល្អក្នុងឆ្នាំ ២០១៩នេះក៏ដោយចុះ ក៏លោកនៅតែរំពឹងថា នឹងទទួលបានការគាំទ្របន្ថែមពី សំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយជំរុញ វិស័យឯកជន ដូចជា ធនាគារ មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រង ព្រមទាំងជំរុញ ក្រុមហ៊ុនធំៗ កំពូលៗ ឈានមុខគេ នៅកម្ពុជា ឲ្យចូលរួមក្នុង ផ្សារមូលបត្រកម្ពុជា។
បើតាមទិន្នន័យចុងក្រោយពី ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា ទំហំនៃការជួញដូរគិតជាមធ្យមក្នុងឆ្នាំ ២០១៩ មានតម្លៃទឹកប្រាក់រហូត ១៧ម៉ឺនដុល្លារក្នុងមួយថ្ងៃ ធៀបនឹងឆ្នាំមុនទំហំទឹកប្រាក់នៃការជួញដូរក្នុងមួយថ្ងៃបានត្រឹមប្រមាណ ២ម៉ឺនដុល្លារប៉ុណ្ណោះ។
តួអង្គដ៏សំខាន់មួយទៀត ដែលគ្រោងនឹងបង្ហាញខ្លួននៅដើមឆ្នាំ ២០២០ ខាងមុខ គឺធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជទី ១ នៅកម្ពុជា ដែលនឹងចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ បន្ទាប់ពីធនាគារនេះទទួលបានលិខិតអនុញ្ញាតពីធនាគារជាតិ នៃកម្ពុជា ដែលជាអាណាព្យាបាល កាលពីថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាលើកដំបូង របស់ធនាគារអេស៊ីលីដា គឺ ដើម្បី បង្កើនប្រភពទុនដ៏សម្បូរបែប និងគាំទ្រការរីកចម្រើននាពេលអនាគត តាមរយៈទីផ្សារមូលធនកម្ពុជា។
ការសម្រេចចិត្ត ចូលក្នុងផ្សារមូលបត្រកម្ពុជា របស់ធនាគារ អេស៊ីលីដា នឹងជំរុញឲ្យផ្សារមូលបត្រកម្ពុជាកាន់តែមានការទទួលស្គាល់ និងភាពជឿជាក់ ដែលវានឹងជំរុញឲ្យមានការជួញដូរកាន់តែខ្លាំងឡើងៗ។
ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានបញ្ជាក់ដែរថា ផ្សារមូលបត្រកម្ពុជា ជាច្រកទ្វារថ្មីមួយ សម្រាប់ស្ថាប័នវិនិយោគមកពី វិស័យឯកជន ក្នុងការកៀរគរប្រមូលទុនបន្ថែម សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការរបស់ពួកគេ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងសិក្សាពីលទ្ធភាព ក្នុងការជំរុញស្ថាប័នរដ្ឋ ឲ្យបោះផ្សាយលក់មូលបត្ររដ្ឋ នាពេលអនាគតថែមទៀតផង។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានមានប្រសាសន៍ដែរថា ទីផ្សារមូលបត្រកម្ពុជា មិនស្ងប់ស្ងាត់ទៀតនោះទេ ចូរស្ថាប័នវិនិយោគ កុំបារម្ភខ្លាច មិនមានអ្នកទិញ នៅពេលដែលខ្លួនបោះផ្សាយលក់មូលបត្រនោះ ពីព្រោះមានអ្នកវិនិយោគច្រើនណាស់ ទន្ទឹងរង់ចាំមើលការបោះផ្សាយថ្មីៗទៀត។
សូមរម្លឹកបន្តិចដែរថា កាលពី ខែសីហា ឆ្នាំ ២០១៩កន្លងទៅ ធនាគារ ABA បានក្លាយជាធនាគារពាណិជ្ជទី ១ ដែលធ្វើការចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ នៅលើផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់សរុបជាង ២១លានដុល្លារអាមេរិក និងបានក្លាយជាស្ថាប័នហិរញ្ញវត្ថុទី ៣ បោះផ្សាយលក់មូលបត្របំណុលនៅកម្ពុជា ហើយក៏ជាក្រុមហ៊ុនចុះបញ្ជីចុងក្រោយគេបំផុតក្នុងឆ្នាំ ២០១៩ផងដែរ៕