ស្ថិតិថ្មីបង្ហាញថា រៀបការប្រពន្ធត្រូវចំណាយលុយជាមធ្យមជិត ១ម៉ឺន ៤ពាន់ដុល្លារអាមេរិក នៅតំបន់ជនបទប្រទេសចិន ខណៈដែលពលរដ្ឋចិនម្នាក់មានចំណូលមធ្យមប្រចាំឆ្នាំមិនដល់ ១៥០០ដុល្លារផង។
យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានចិន People’s Daily Online សមាមាត្រភេទស្រីភេទប្រុស នៅប្រទេសចិន គឺប្រុស ១១៥នាក់ ទល់នឹងស្រី ១០០នាក់។ អ្នកជំនាញនិយាយថា គិតត្រឹមឆ្នាំ២០២០ គម្លាតនេះ នឹងធ្វើឲ្យបុរសចិន ៣០លាននាក់រស់នៅកម្លោះគ្មានប្រពន្ធ។
បើយោងតាមអ្នកជំនាញ សព្វថ្ងៃនេះ ប្រទេសចិនមានបុរសប្រមាណ ២០លាននាក់ អាយុចន្លោះពី ២០ ទៅ ៤៥ឆ្នាំ រស់នៅជនបទ ដែលមិនអាចរកប្រពន្ធបាន ហើយពីរភាគបីនៃពួកគេរកប្រពន្ធមិនបានដោយសារតែថ្លៃចំណាយពាក់ព័ន្ធនឹងការរៀបការប្រពន្ធខ្ពស់ពេក។
អស់សង្ឃឹមនឹងរកប្រពន្ធនៅចិន បុរសចិនខ្លះងាកមករកកូនក្រមុំនៅកម្ពុជា វៀតណាម និងភូមា
កត្តាពីរយ៉ាងដែលធ្វើឲ្យបុរសជនបទនៅប្រទេសចិនពិបាករកប្រពន្ធ គឺទីមួយ ការធ្វើចំណាកស្រុកពីជនបទទៅរកការងារធ្វើនៅទីក្រុងប្រជុំជន និងទីពីរ ការចំណាយលើមង្គលការកាន់តែកើនខ្ពស់ឡើងៗ។
សេចក្ដីរាយការណ៍ខ្លះ បង្ហាញថា ដោយអស់សង្ឃឹមក្នុងការរកប្រពន្ធនៅស្រុកចិន កម្លោះចិនខ្លះបានរត់រកទីភ្នាក់ងារនៅក្នុងប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីឲ្យផ្គូរផ្គងរកប្រពន្ធឲ្យ ពីព្រោះថ្លៃចំណាយរៀបការប្រពន្ធនៅតំបន់ជនបទនៃប្រទេសទាំងនេះ គឺធូរថ្លៃជាងនៅប្រទេសចិន៕