គុណភាពសំឡេងល្អធ្វើឱ្យអ្នកទទួលបានអារម្មណ៍ ហាក់ដូចជាស្ថិតនៅក្នុងបន្ទប់ជាមួយមិត្តភក្តិ គ្រួសារ និងអង្គុយញ៉ាំអាហាររួមគ្នាដូច្នេះដែរ បើទោះជាអ្នកនៅឆ្ងាយពីគ្នាក្តី។
បន្ទាប់ពីឃើញការកើនឡើងនៃមាតិកាជាសំឡេងលើកម្មវិធីនានា ដូចជាមាតិកាហៅជាសំឡេង និងមាតិកាសារជាសំឡេងលើកម្មវិធី WhatsApp និង Messenger ក្រុមហ៊ុន Facebook បានសម្រេចដាក់ដំណើរការកម្មវិធីពិសេសថ្មីៗ (New features) ដើម្បីធ្វើឱ្យសារជាសំឡេងកាន់ តែងាយស្រួលក្នុងការថតចម្លងទុក។ ដើម្បីធ្វើឱ្យការផ្ញើសារជាសំឡេងកាន់តែមានភាពរីករាយ ក្រុមហ៊ុន Facebook ក៏នឹងបន្ថែមកម្មវិធីនានា ដូចជាកម្មវិធី គ្លីបសំឡេង ដែលអាចផ្ញើទៅកាន់មិត្តភក្តិ របស់ពួកគេ ជាមួយនិងកម្មវិធី sound effect ជាច្រើនដូចជា ដូចជាសំឡេងចង្រិតយំ និង ឃ្លានៃទំនុកច្រៀងល្បីៗជាដើម។
ក្រុមហ៊ុន Facebook បានវិនិយោគលើបច្ចេកវិទ្យាសោតទស្សន៍ក្នុងវិសាលភាពធំធេង ដើម្បីពង្រឹងគុណភាពសំឡេង ធ្វើឱ្យប្រសើរឡើងនូវការដាក់ចំណងជើងមាតិកា ការបកប្រែសារ សំឡេង និងគុណភាពសំឡេងខ្ពស់បំផុត ដោយមានគោលដៅធ្វើឱ្យគុណភាពសំឡេង ឮច្បាស់បែបធម្មជាតិ ដូច្នេះអ្នកប្រើប្រាស់ អាចទទួលបានបទពិសោធកាន់តែច្រើនពីការប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេ។
កម្មវិធីថ្មីៗមួយចំនួនដែលក្រុមហ៊ុន Facebook នឹងដាក់ដំណើរការសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន រួមមាន ស្ទូឌីយោសំឡេង (Sound Studio) សម្រង់សំឡេង (Soundbites) បន្ទប់សោតទស្សន៍ផ្សាយបន្តផ្ទាល់ (Live Audio Rooms) និងផតខាសត៍ (Podcast)។
ស្ទូឌីយោសំឡេងរបស់ក្រុមហ៊ុន Facebook កំពុងនាំយកមុខងារអាជីពសម្រាប់មនុស្សរាល់គ្នា រួមទាំងបច្ចេកវិទ្យាផ្សេងៗ ដូចជាការបំលែងពីសំដីទៅជាអត្ថបទ ការបំលែងសំឡេងជាដើម។ អ្នកប្រើប្រាស់នឹងអាចប្រើតន្ត្រីពីបណ្តុំសំឡេង (Sound Collection) របស់ក្រុមហ៊ុន Facebook ធ្វើជាសំឡេងផ្ទៃខាងក្រោយ (background sound) នៃសាច់រឿងរបស់ពួកគេ ហើយអាចលាយសំឡេង បញ្ចូលគ្នា ពោលគឺជាបណ្តុំដែលកើនឡើងនៃកម្មវិធី sound effects កម្មវិធី voice effects និងកម្មវិធី filters។
កម្មវិធីទាំងនេះនឹងអាចឱ្យអ្នកប្រើប្រាស់បង្កើតសម្រង់សំឡេង គ្លីបសំឡេងខ្លីៗ ប្រកបដោយ ភាពច្នៃប្រឌិត សម្រាប់ការចាប់យករឿងខ្លីៗដែលគួរឱ្យចាប់អារម្មណ៍ កំប្លែង គ្លីបជំរុញទឹកចិត្ត គ្លីបកំណាព្យ និងអ្វីៗផ្សេងទៀតជាច្រើនដែលយើងស្រម៉ៃមិនដល់។ ក្រុមហ៊ុន Facebook នឹងចាប់ផ្តើមធ្វើតេស្តសម្រង់សំឡេងក្នុងរយៈពេលប៉ុន្មានខែខាងមុខជាមួយនឹងអ្នកបង្កើតមាតិកាមួយចំនួន និងធ្វើឱ្យផលិតផលនេះកាន់តែប្រសើរឡើងមុនពេលដាក់ឱ្យមនុស្សគ្រប់គ្នាប្រើប្រាស់។
ក្នុងរយៈពេលពីរបីខែខាងមុខ អ្នកប្រើប្រាស់គ្រប់គ្នាក៏នឹងអាចស្តាប់ផតខាសត៍ (Podcast) ដោយផ្ទាល់នៅលើ Facebook App ផងដែរ និងអាចស្វែងរកបានយ៉ាងងាយស្រួលនូវកម្មវិធី ផតខាសត៍ថ្មីៗ និងព្រឹត្តិការណ៍នានាដោយផ្អែកលើចំណាប់អារម្មណ៍របស់ពួកគេ បញ្ចេញ មតិយោបល់ចំពោះព្រឹត្តិការណ៍ទាំងនោះ និងណែនាំកម្មវិធី ឬព្រឹត្តិការណ៍នានាទៅកាន់មិត្តភក្តិ។ អ្នកបង្កើតផតខាសត៍ នឹងអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្តាប់ថ្មីៗ ដោយផ្ទាល់នៅក្នុង Facebook App។
លោកស្រី Fidji Simo ប្រធានផ្នែក Facebook App បានមានប្រសាសន៍ថា៖ «យើងគិតថាមានការ ផ្លាស់ប្ដូដ៏អស្ចារ្យជាច្រើននឹងកើតឡើង ក្នុងកម្មវិធីមាតិកាសំឡេង និងភាពស្របគ្នានៃអត្ថបទ សោតទស្សន៍ និងវីដេអូ។ ឧទាហរណ៍ ជាមួយនឹងកម្មវិធី Live Audio អ្នកបង្កើតមាតិកានឹង អាចប្រែក្លាយការសន្ទនាដែលកំពុងផ្សាយបន្តផ្ទាល់ ទៅជាកម្មវិធីផតខាសត៍សម្រាប់មនុស្សគ្រប់គ្នា ស្តាប់នៅពេលក្រោយ។ យើងក៏ចង់ផ្តល់ជូនអ្នកបង្កើតមាតិកា និងអ្នកគាំទ្រនូវឧបករណ៍នានា ដើម្បីចែករំលែកការដកស្រង់ល្អៗ ពី Live Audio ឬកម្មវិធីផតខាសត៍ផងដែរ ហើយចេញផ្សាយការ ដកស្រង់ទាំងនេះជាសម្រង់សំឡេងដើម្បីជម្រុញឱ្យមានការពិភាក្សាបន្ថែមទៀត។ លើសពីនេះទៀត យើងនឹងផ្តល់ជូនមាតិកាដាក់ចំណងជើង (Caption) ចំពោះបទពិសោធន៍សំឡេងទាំងនេះ ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់គ្នាអាចចូលយកបាន។»
ក្រុមហ៊ុន Facebook ក៏នឹងចាប់ផ្តើមធ្វើតេស្តកម្មវិធី Live Audio Rooms ដែលជាកម្មវិធី មួយសម្រាប់ការប្រាស្រ័យទាក់ទងគ្នាក្នុងសហគន៍ ដើម្បីលើកឡើងអំពីប្រធានបទ ដែលពួកគេចង់ ពិភាក្សា ដែលនឹងអាចដាក់ឱ្យដំណើរការក្នុងរយៈពេលពីរបីខែទៀត។ ក្រុមអ្នកបង្កើតមាតិកា នឹងធ្វើ តេស្ត Live Audio Rooms in Groups ដែលអាចដាក់ដំណើរការសម្រាប់មនុស្ស ១,៨ពាន់លាននាក់ ដែលប្រើប្រាស់ Groups រៀងរាល់ខែ និងសហគមន៍អ្នកប្រើប្រាស់ Facebook សកម្ម រាប់សិនលាននាក់។ មាតិកាកម្មវិធីថ្មីនេះក៏នឹងដាក់ដំណើរការនៅលើ Messenger ផងដែរ។
ព័ត៌មានកាន់តែចាប់អារម្មណ៍ជាងនេះនោះគឺថា អ្នកបង្កើតមាតិកាអាចរកប្រាក់កម្រៃបានពីការប្រឹងប្រែងរបស់ពួកគេ។ នៅពេលកម្មវិធី Audio Live Rooms ដាក់ដំណើរការ អ្នកគាំទ្រនឹងអាចគាំទ្រដល់អ្នកបង្កើតមាតិកា និងបុគ្គលល្បីឈ្មោះដែលពួកគេចូលចិត្ត ឬឧបត្ថម្ភប្រាក់ ដើម្បីបុព្វហេតុដែលពួកយកចិត្តទុកដាក់លើ។ ដើម្បីចាប់ផ្ដើមកម្មវិធី Soundbites ក្រុមហ៊ុន Facebook នឹងបង្កើតមូលនិធិ Audio Creator Fund ដើម្បីគាំទ្រអ្នកបង្កើតមាតិកាសោតទស្សន៍ ដែលកំពុងលេចធ្លោ និងទទួលយកមតិយោបល់ចំពោះបទពិសោធផលិតផលថ្មីនេះ។
អ្នកនាង Fidji Simo បានថ្លែងថា៖ «យើងមើលឃើញយូរមកហើយពីថាមពលនៃភាពច្នៃប្រឌិតត្រូវបាន បញ្ចេញ ពេលដែលអ្នកបង្កើតឧបករណ៍កម្មវិធីផលិត និងកែសម្រូលដ៏មានឥទ្ធិពល ហើយអាចយកមក ប្រើប្រាស់ដោយឥតគិតថ្លៃ និងងាយស្រួលប្រើ ហើយជាមួយកម្មវិធីសុវត្ថិភាព និងការការពារ ឯកជនភាព នឹងអនុញ្ញាតឱ្យពួកគេទទួលបានបទពិសោធន៍នៃពិភពលោកថ្មី។ តាមរយៈការនាំយក ភាពអស្ចារ្យនេះនៃកម្មវិធីមានតិកាសំឡេង យើងកំពុងផ្តល់ឱ្យអ្នកប្រើប្រាស់នូវមធ្យោបាយថ្មីមួយ ដើម្បីឱ្យពួកគេបញ្ចេញយោបល់បន្ថែមនូវយោបល់ដែលពួកគេតែងតែងបញ្ចេញ។»
សូមចុចទីនេះ ដើម្បីស្តាប់កម្មវិធីប្រកបដោយភាពច្នៃប្រឌិតថ្មីមួយចំនួនរបស់ក្រុមហ៊ុន Facebook (ជាភាសាអង់គ្លេស)