នេះបើយោងតាមការចុះផ្សាយរបស់សារបព័ត៌មាន រ៉យទ័រ។ លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងព្យាយាមគ្រប់គ្រងសេដ្ឋកិច្ចអង់គ្លេស ដែលកំពុងជាប់គាំង ដោយសារតម្លៃថាមពលកើនឡើង ឲ្យងើបរឹងមាំឡើងវិញ ហើយលោកក៏កំពុងស្ថិតនៅក្រោមសម្ពាធ ក្នុងការព្យាយាមបង្ហាញជំនឿរបស់ខ្លួនថា ចក្រភពអង់គ្លេសនឹងអាចទទួលបានអត្ថប្រយោជន៍ ពីការចាកចេញពីសហភាពអឺរ៉ុប ដោយការបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីជាមួយដៃគូអន្តរជាតិ ក្នុងក្របខណ្ឌទ្វេភាគីផងដែរ។
លោក Sunak បាននិយាយនៅលើគណនី Twitter របស់លោកថា រដ្ឋាភិបាលទីក្រុងឡុងដ៍ ចាំបាច់ត្រូវឆ្លុះបញ្ចាំងពីអាទិភាពរបស់ប្រជាជនអង់គ្លេស ហើយត្រូវរៀបចំគោលនយោបាយមួយ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ពួកគេ។
លោកជឿជាក់ថា នាយកដ្ឋានថាមពលថ្មីដែលទើបបង្កើតឡើងនេះ នឹងជួយឲ្យចក្រភពអង់គ្លេសទទួលបានសន្តិសុខថាមពលកាន់តែប្រសើរ ដោយចាប់ផ្តើមផលិតថាមពលស្អាតជាងមុន និងមានតម្លៃថោកជាងមុន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
អ្នកនាំពាក្យរបស់ លោក Sunak បាននិយាយថា ការផ្លាស់ប្តូរថ្មីនេះទទួលបានការស្វាគមន៍ និងរិះគន់ស្មើៗគ្នាពីសំណាក់ក្រុមអាជីវករ និងក្រុមអ្នកគាំទ្រថាមពលបៃតង។ ទោះជាយ៉ាងណា គេគិតថានេះប្រហែលមិនមែនជាវិធីសាស្រ្ត ដែលអាចជួយស្ដារសេដ្ឋកិច្ចអង់គ្លេសបានឡើងវិញ ក្នុងពេលឆាប់ៗនេះទេ។
សូមជម្រាបថា នៅក្នុងការរុះរើក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីមួយចំនួនឡើងវិញនេះដែរ លេខាធិការពាណិជ្ជកម្ម អ្នកស្រី Kemi Badenoch ត្រូវបានផ្តល់តួនាទីពិសេសក្នុងតំបន់អាជីវកម្ម និងពាណិជ្ជកម្ម។ ដោយឡែកអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ អ្នកស្រី Michelle Donelan ត្រូវបានតែងតាំងឱ្យគ្រប់គ្រងនាយកដ្ឋានវិទ្យាសាស្ត្រ នវានុវត្តន៍ និងបច្ចេកវិទ្យា ខណៈដែលអតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី អ្នកស្រី Lucy Frazer បានចូលកាន់តួនាទីថ្មីសម្រាប់នាយកដ្ឋាន វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា៕