ប្រទេសថៃ

ក្រោយការព្យួរតំណែងនាយករដ្ឋមន្ត្រីថៃ តើវាអាចប៉ះពាល់ដល់ធុរកិច្ច និងវិនិយោគក្នុងប្រទេសថៃយ៉ាងណាខ្លះ?


ភាពចម្រូងចម្រាស់នៅក្នុងជួរអ្នកនយោបាយថៃ ក្រោយមានការព្យួរតួនាទីលោកប្រាយុទ្ធ ចាន់អូចា ពីតំណែងនាយករដ្ឋមន្ត្រី កំពុងធ្វើឲ្យមានការព្រួយបារម្ភមួយចំនួនជុំវិញបរិយាកាសធុរកិច្ច និង វិនិយោគនៅក្នុងប្រទេសថៃ។ តើការសម្រេចចិត្តរបស់តុលាការនេះនឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្មក៏ដូចជាសេដ្ឋកិច្ចនៅប្រទេសនេះដែរ ឬក៏យ៉ាងណា?
ភាពចម្រូងចម្រាស់នៅក្នុងជួរអ្នកនយោបាយថៃ ក្រោយមានការព្យួរតួនាទីលោកប្រាយុទ្ធ ចាន់អូចា ពីតំណែងនាយករដ្ឋមន្ត្រី

កាលពីថ្ងៃពុធតុលាការធម្មនុញ្ញថៃបានព្យួរតំណែងលោកប្រាយុទ្ធ ចាន់អូរចារ នាយករដ្ឋមន្ត្រីថៃ ជាបណ្ដោះអាសន្ន ខណៈដែលតុលាការកំពុងពិចារណាថា តើលោកប្រាយុទ្ធ បានរំលោភលើការកំណត់អណត្តិរយៈពេល ៨ ឆ្នាំ សម្រាប់តួនាទីជានាយករដ្ឋមន្រ្តី ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ មែនឬយ៉ាងណា រាប់ចាប់តាំងពីលោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានក្លាយជានាយករដ្ឋមន្ត្រីនៅខែសីហា ឆ្នាំ២០១៤មកនោះ។

តុលាការបានទុកពេលឱ្យលោក ប្រាយុទ្ធ រយៈពេល ១៥ ថ្ងៃដើម្បីឆ្លើយតប ឬក៏តវ៉ាពីការព្យួរតំណែងរបស់លោក ហើយឧបនាយករដ្ឋមន្ត្រីលោក ប្រាវីដ វ៉ុងស៊ូវ៉ុន Prawit Wongsuwon នឹងត្រូវឡើងជានាយករដ្ឋមន្ត្រីស្ដីទី ជំនួសឲ្យលោក Prayut ចាន់អូរចារដែលត្រូវបាត់ពីមុខតំណែង។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អានុចា ប៊ូរ៉ាប៉ាឆៃស្រ៊ី Anucha Burapachaisri បានឱ្យដឹងនៅថ្ងៃទី ២៥ ខែសីហានេះ។

ការព្យួរតំណែងរបស់លោក Prayut នេះត្រូវបានគេរំពឹងថា នឹងមានរយៈពេលប្រហែល១ខែ ខណៈដែល តុលាការធម្មនុញ្ញថៃ កំពុងពិចារណាពីការប្រកាសសាលក្រមដំបូងរបស់ខ្លួនពាក់ព័ន្ធនឹងករណីនេះ។

ការព្យួរតំណែងរបស់នាយករដ្ឋមន្ត្រីនេះដែរ វាបានធ្វើឲ្យក្រុមអ្នកដឹកនាំធុរកិច្ច និងវិនិយោគិនមួយចំនួនក្នុងប្រទេសថៃរំពឹងថា វានឹងមានផលប៉ះពាល់តិច ឬច្រើនជាក់ជាមិនខានឡើយ ទៅលើកិច្ចការរដ្ឋបាលនៃរដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃក្នុងការជំរុញបង្កើនសេដ្ឋកិច្ចដែលកំពុងតែផុយស្រួយរបស់ប្រទេសថៃ។

លោក សាណាន អានហ្គួបុលគុល Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃបាននិយាយថា ទោះបីជានាយករដ្ឋមន្ត្រីត្រូវបានព្យួរពីតំណែងរហូតដល់ករណីនេះត្រូវសម្រេចចុងក្រោយក៏ដោយ ប៉ុន្តែកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រី និងរដ្ឋបាលដែលកំពុងកាន់អំណាចនៅតែមិនរងផលប៉ះពាល់នោះទេ ប៉ុន្តែលោកក៏បានទទួលស្គាល់ដែរថា ការព្យួរតំណែងនេះ អាចជំរុញឱ្យក្រុមវិនិយោគិនមួយចំនួនពិចារណាពីការសម្រេចចិត្តដាក់ការវិនិយោគរបស់ពួកគេ។

ទោះយ៉ាងណាក៏ដោយចុះ លោក Sanan បានបញ្ជាក់ថា បើទោះបីជា មានអ្វីកើតឡើងចំពោះការព្យួរតំណែងនាយករដ្ឋមន្ត្រីក៏ដោយ ក៏វិស័យពាណិជ្ជកម្មថៃនៅតែមានចក្ខុវិស័យល្អដដែលគឺថាសេដ្ឋកិច្ចថៃអាចគ្រប់គ្រងបាននៅក្នុងកំណើនចន្លោះពីជាង ២,៧% ទៅ ៣,៥% ដូចទៅនឹងការព្យាករទុកអ៊ីចឹង។

ដោយឡែក លោកឆៃចាន់ ឆារឿនស៊ុក Chaichan Charoensuk ប្រធានក្រុមប្រឹក្សា ក្រុមហ៊ុនដឹកជញ្ជូនជាតិថៃ បាននិយាយថា ក្នុងរយៈពេលខ្លីនៃការផ្អាកតំណែងនាយករដ្ឋមន្ត្រីនេះ ទំនងជាមិនប៉ះពាល់ដល់ផែនការសេដ្ឋកិច្ចជាតិនោះទេ ជាពិសេសសម្រាប់វិស័យនាំចេញតែម្ដង ដោយសារការបញ្ជាទិញជាធម្មតាត្រូវបានធ្វើមុននេះរួចអស់ទៅហើយ។

ចំណែកឯ លោក ចំណាន ស្រ៊ីសាវ៉ាត Chamnan Srisawat ប្រធានក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ (TCT) បានអះអាងដែរថា ឧស្សាហកម្មទេសចរណ៍ឯណេះនេះវិញ គឺត្រូវរង់ចាំមើលលទ្ធផលសាលក្រមចុងក្រោយរបស់តុលាការ ដែលគេរំពឹងថានឹងប្រកាសនៅខែក្រោយនេះជាមុនសិន ទើបពួកគេអាចវិនិច្ឆ័យពីផលប៉ះពាល់នៃការព្យួរតំណែងនេះបាន។ ទោះយ៉ាងណា លោកបានបន្ថែមថា ស្ថានភាពនេះអាចប៉ះពាល់ខ្លះដល់អារម្មណ៍ភ្ញៀវទេសចរ ខណៈដែលដៃគូពាណិជ្ជកម្ម និងទេសចរណ៍អន្តរជាតិកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនេះ ជាពិសេសទាក់ទងនឹងសន្តិសុខផ្ទាល់តែម្ដង៕




អត្ថបទបន្ទាប់


តៃវ៉ាន់គ្រោងបង្កើនការចំណាយលើវិស័យការពារជាតិជិត១៤%នៅឆ្នាំក្រោយ ចំពេលស្ថានភាពតានតឹងជាមួយចិនកើនខ្លាំងមិនធ្លាប់មាន

តៃវ៉ាន់នៅថ្ងៃទី ២៥ ខែសីហានេះ បានស្នើសុំការចំណាយលើវិស័យការពារជាតិចំនួន ១៩ ពាន់លានដុល្លារសម្រាប់ឆ្នាំក្រោយ ដែលជាការកើនឡើងដល់តួលេខពីរ…

លោកចូ បៃឌិន ប្រកាសលើកលែងប្រាក់កម្ចីសិក្សាដល់និស្សិតរាប់លាននាក់ ប៉ុន្ដែរងការរិះគន់ថានឹងជំរុញអតិផរណាកើនកាន់តែខ្ពស់

ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃពុធ ទី ២៤ ខែ សីហាថា រដ្ឋាភិបាលអាមេរិកនឹងលើកលែងកម្ចីសិក្សាក្នុងចំនួនទឹកប្រាក់ ១ម៉ឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ