លោក ប៊ុន រតនា អគ្គនាយក្រុមហ៊ុន S-AUTO CAMBODIA មានប្រសាសន៍យ៉ាងដូច្នេះ ៖ «ជាទូទៅ ហាងខ្ញុំលក់ដាច់ឡានបង់រំលស់ច្រើន ដោយសារប្រជាជនយើងចង់ទិញរថយន្ត ហើយអត់មានលុយគ្រប់ ដូច្នេះ គាត់មានជម្រើសតែមួយ គឺរថយន្តបង់រំលស់។ ឥឡូវ ពួកគេពេញនិយមច្រើន តែកាលមុន ដូចជា ពួកគាត់ខ្មាសនៅពេលទិញឡានបង់រំលស់»។
តាមពិតទៅ ការទិញរថយន្តបង់រំលស់គឺជានិន្នាការថ្មីមួយនៅកម្ពុជា ប៉ុន្ដែ ការទិញរថយន្តបង់រំលស់កើតមានជាច្រើនឆ្នាំមកហើយនៅប្រទេសជឿនលឿននៅជុំវិញពិភពលោក។ បើតាមលោក ប៊ុន រតនា ការទិញរថយន្តបង់រំលស់ មិនមែនជារឿងខ្មាសអៀននោះទេ តែផ្ទុយទៅវិញ វាបានផ្តល់អត្ថប្រយោជន៍ដល់អតិថិជនទៅវិញទេ។
លោក ប៊ុន រតនា បន្ថែមយ៉ាងដូច្នេះ ៖ «បើនិយាយពីភាពវិជ្ជមាន មានកត្តាពីរ គឺទី១ គាត់អាចមានថវិកាអត់គ្រប់គ្រាន់មែន តែគាត់អាចទិញរថយន្តបាន ទីពីរ គាត់មានថវិកាគ្រប់ តែគាត់អត់ចង់ទិញដោយបង់ប្រាក់ទាំងអស់ ដោយគាត់បង់រំលស់ដើម្បីសល់លុយខ្លះយកទៅរកស៊ី។…បើកត្តាអវិជ្ជមាន នៅពេលទិញបង់រំលស់ គាត់ត្រូវអស់ការប្រាក់»។
បច្ចុប្បន្ន មានស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារជាច្រើន បានសហការជាមួយឈ្មួញ ឬក្រុមហ៊ុនលក់រថយន្ត ម៉ូតូ ឬទូរស័ព្ទជាដើម ដើម្បីផ្តល់សេវាកម្ចីដល់អតិថិជនសម្រាប់ទិញសម្ភារៈទាំងនេះ។
លោក យុន សុវណ្ណា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានសមាជិក ១០៣ក្រុមហ៊ុន បានឲ្យដឹងថា មុនទិញរបស់របរបង់រំលស់ ពលរដ្ឋគួរទិញរបស់ណាដែលចាំបាច់បំផុត និងពិនិត្យឲ្យបានច្បាស់លាស់លើលំហូរសាច់ប្រាក់របស់ខ្លួន ដើម្បីជៀសវាងបញ្ហាគ្មានប្រាក់សងត្រឡប់ទៅម្ចាស់បំណុលវិញ។
លោក យុន សុវណ្ណា មានប្រសាសន៍ថា ៖ «ការប្រើប្រាស់សេវាហរិញ្ញវត្ថុ មិនមែនសុទ្ធតែជាឱសថទិព្វសម្រាប់ការព្យាបាលគ្រប់កាលៈទេសៈនោះទេ គឺត្រូវពិនិត្យឲ្យបានស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីសមត្ថភាព និងលំហូរសាច់ប្រាក់នៅពេលអនាគតរបស់គ្រួសារ មុននឹងយើងសម្រេចចិត្តប្រើសេវាហិរញ្ញវត្ថុយកទៅទិញសម្ភារៈ។ ពលរដ្ឋគួរតែប្រើសេវាហិរញ្ញវត្ថុនេះ ទិញសម្ភារៈណាដែលចាំបាច់ ត្រូវការប្រើប្រាស់ពិតប្រាកដ កុំព្រោះតែសម្ភារៈនិយម ហើយធ្វើការសម្រេចចិត្តដោយមិនយោងតាមស្ថានភាពជាក់ស្តែង វាអាចនឹងធ្វើឲ្យខ្លួន និងគ្រួសារមានបញ្ហា»។
បើតាមលោក យុន សុវណ្ណា ពលរដ្ឋមិនគួរចំណាយប្រាក់លើសពី១០ភាគរយនៃចំណូលប្រចាំខែ ដើម្បីទិញសម្ភារៈប្រើប្រាស់នោះទេ ហើយគួរតែទិញសម្ភារៈដោយផ្អែកលើតម្រូវការចាំបាច់ជាជាងទិញរបស់ដោយផ្អែកលើចំណង់ ដើម្បីជៀសវាងហានិភ័យនៃបំណុលវ័ណ្ឌកនៅថ្ងៃខាងមុខ៕