ការចរចាលើការទិញលក់ TikTok នេះ បានកើតឡើងក្រោយពេលដែល កាលពីខែមុននេះ លោកដូណាល់ ត្រាំប្រកាសទុកពេលឲ្យក្រុមហ៊ុន ByteDance ចំនួន ៤៥ ថ្ងៃ (ត្រូវផុតកំណត់នៅត្រឹមថ្ងៃទី ១៥ ខែកញ្ញា) ដើម្បីលក់ប្រតិបត្តិការកម្មវិធីនេះនៅអាមេរិក ទៅឲ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នេះទេ កម្មវិធីនេះ នឹងត្រូវហាមឃាត់ប្រើប្រាស់នៅអាមេរិក។
នៅក្នុងសំណើ ក្រុមហ៊ុន Oracle នឹងក្លាយជាដៃគូបច្ចេកវិទ្យារបស់ក្រុមហ៊ុន ByteDance ហើយក្រុមហ៊ុនអាមេរិកមួយនេះ នឹងមានសិទ្ធិគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់អាមេរិកទាំងអស់។ ក្នុងពេលជាមួយគ្នានេះ Oracle ក៏កំពុងចរចាដើម្បីទទួលបានចំណែកភាគហ៊ុននៃប្រតិបត្តិការ TikTok នៅអាមេរិកផងដែរ។ ទោះយ៉ាងណា ទិន្នន័យពីទំហំទឹកប្រាក់វិនិយោគ ក្នុងការចាប់ដៃគូគ្នានេះ មិនត្រូវបានបើកបង្ហាញជាសាធារណៈនោះទេ។
នៅក្នុងសេចក្ដីថ្លែងការ កាលពីថ្ងៃអាទិត្យ របស់ Microsoft ក៏បានបញ្ជាក់ថា ក្រុមហ៊ុនមេរបស់ TikTok បានឆ្លើយតបបដិសេធការលក់ TikTok មកឲ្យ Microsoft រួចហើយ។
ថ្មីៗនេះដែរ មានការចុះផ្សាយពីបណ្ដាសារព័ត៌មានអន្តរជាតិធំៗថា រដ្ឋាភិបាលចិន មិនពេញចិត្តឲ្យលក់ TikTok ទៅឲ្យអាមេរិកនោះទេ ពោលគឺចង់ឲ្យបិទចោលច្រើនជាងលក់។
កម្មវិធី TikTok នេះ មានអ្នកប្រើប្រាស់នៅអាមេរិក ជាង១០០លាននាក់។
ទោះយ៉ាងណា គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើលោកត្រាំ នឹងយល់ព្រមលើកិច្ចព្រមព្រៀងនេះដែរ ឬយ៉ាងណា។ គណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក (CFIUS) ដែលជាក្រុមប្រឹក្សារដ្ឋរបស់សហរដ្ឋអាមេរិកដែលពិនិត្យមើលកិច្ចព្រមព្រៀងសម្រាប់ហានិភ័យសន្តិសុខជាតិ កំពុងឃ្លាំមើលកិច្ចចរចារបស់ ByteDance និង Oracle នេះ៕