
នៅទំព័រដំបូងនៃគេហទំព័រនេះ ផ្សាយអំពីការសម្រេចជ្រើសរើស និងប្រគល់កិច្ចសន្យាស្តីពីការផ្គត់ផ្គង់ ផលិតសៀវភៅមគ្គុទេ្ទសក៍ទេសចរណ៍កម្ពុជា ផែនទីទេសចរណ៍ ប័ណ្ណផ្នត់ទេសចរណ៍ ថង់យួរដើម្បីប្រើប្រាស់ឆមាសទី១ តាំងពីឆ្នាំ២០១៧ នៅទីស្តីការក្រសួង។
ក្រៅពីមិនមានព័ត៌មានបច្ចុប្បន្នភាព វេបសាយក្រសួងទេសចរណ៍ក៏ប្រើប្រាស់បច្ចេកវិទ្យាមិនខ្ពស់ដូចវេបសាយក្រសួងទេសចរណ៍ប្រទេសដទៃ ដូចជា ថៃ ឬវៀតណាម នោះដែរ ។ ចំណែកឯគុណភាពសោភ័ណភាពខាងក្រៅក៏រឹតតែយ៉ាប់ទៅទៀត។

គេហទំព័រក្រសួងទេសចរណ៍វៀតណាម បានរំលេចទំព័រមុខដោយផែនទីប្រទេសវៀតណាម អមទៅដោយរូបថតទេសភាពស្អាតៗល្អប្រណីតរបស់រមណីយដ្ឋានទេសចរណ៍ល្បីៗក្នុងប្រទេស។
វៀតណាមរចនាវេបសាយរបស់ខ្លួនជា ៧ភាសា រួមមាន ភាសាចិន អង់គ្លេស បារាំង ជប៉ុន កូរ៉េ រុស្ស៊ី និងភាសាជាតិរបស់ខ្លួន។ វៀតណាមទទួលទេសចរអន្តរជាតិ ជិត១៣លាននាក់ក្នុងឆ្នាំ២០១៧។

ចំពោះគេហទំព័រក្រសួងទេសចរណ៍ថៃវិញ ក៏បានបង្ហាញរូបភាពស្អាតៗក្នុងប្រទេសរបស់ខ្លួន ដូចជា ទេសចរណ៍ធម្មជាតិ ទេសចរណ៍តាមរដូវ ទេសចរណ៍វប្បធម៌ ជាដើម។ល។ ប្រទេសថៃរចនាគេហទំព័ររបស់ខ្លួន ជា ៣៧ភាសា ក្នុងពិភពលោក ដែលសក្តិសមបំផុតនឹងការទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ ៥៧លាននាក់ក្នុងឆ្នាំ២០១៧។
ទោះជាយ៉ាងណាក្តី ក្រសួងទេសចរណ៍កម្ពុជាបានផុសព័ត៌មាននៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនច្រើនគួរសមដែរ ប៉ុន្តែ ភាគច្រើនជាព័ត៌មានពិធីការរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន។ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៤លាននាក់ក្នុងឆ្នាំ២០១៧ ដែលភាគច្រើនជាភ្ញៀវទេសចរមកពីប្រទេសក្នុងតំបន់អាស៊ី មាន ចិន វៀតណាម និងកូរ៉េខាងត្បូង៕