បើតាមការអះអាងពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ កម្ពុជានិងវៀតណាម ក៏មានបំណងសាងសង់ផ្សារតាមព្រំដែនបន្ថែមទៀត ដែលវាជាផ្នែកមួយក្នុងកម្មវិធីនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ខណៈដែលបច្ចុប្បន្ន កម្ពុជា វៀតណាមក៏កំពុងសាងសង់ផ្សារជាប់ព្រំដែនមួយផងដែរ ដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ផ្សារនេះមានឈ្មោះថា ផ្សារដា ត្រូវបានចំណាយទុនសាងសង់ប្រមាណ២លានដុល្លារ ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម និងគ្រោងសាងសង់បញ្ចប់នៅចុងឆ្នាំ២០១៨នេះ។ ផ្សារនេះ នឹងអនុញ្ញាតឲ្យប្រជាជនប្រទេសទាំងពីរ អាចធ្វើការដោះដូរទំនិញ តាមព្រំដែនកាន់តែងាយស្រួលជាងមុន ពិសេស គឺកសិផល ដូចជា បន្លែ ផ្លែឈើ និងគ្រឿងទេស ក៏ដូចជា សម្ភារៈប្រើប្រាស់ផ្សេងៗទៀត។ នេះបើតាមការធ្លាប់អះអាងពីមន្ត្រីរដ្ឋាភិបាលកម្ពុជា។
កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀតណាម ត្រូវបានចាត់ទុកថា គឺមានសារសំខាន់ណាស់ ក្នុងទំនាក់ទំនង ពិសេសឆ្លងកាត់ព្រំដែន ក៏ដូចជា ការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ ហើយក៏ជាការបង្ហាញពីការពង្រឹងចំណងមិត្តភាពក្នុងកិច្ចសហប្រតិបត្តិការទូទៅផងដែរ។
តាមការដកស្រង់ពីគេហទំព័រ Vietnam Economic News បានឲ្យដឹងថា រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានលើកឡើង ទាក់ទងនឹងការរៀបចំសន្និសីទ ស្ដីពីការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីនៅតាមព្រំដែន ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំនេះថា ខាងរដ្ឋាភិបាលកម្ពុជានឹងជូនដំណឹងទៅខាងប្រទេសវៀតណាម នៅពេលក្រោយ អំពីពេលវេលាជាក់លាក់នៃការប្រារព្ធសន្និសីទដ៏សំខាន់នេះ។ ស្ថិតនៅក្នុងគម្រោងជាមួយគ្នានេះដែរ ការអភិវឌ្ឍពាណិជ្ជកម្មតាមព្រំដែនកម្ពុជា វៀតណាម សម្រាប់ឆ្នាំ២០២៥ និងចក្ខុវិស័យឆ្នាំ២០៣៥ នឹងត្រូវបានព្រាងឡើងដោយប្រទេសវៀតណាម។
ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏បានលើកឡើងដែរថា កម្ពុជានឹងសិក្សាអំពីគម្រោងនេះ និងការដោះដូរនានាជាមួយភាគីវៀតណាម ដើម្បីអាចឲ្យភាគីទាំងពីរឈានទៅសម្រេចសេចក្ដីព្រាងនេះ និងមានការចុះហត្ថលេខាជាផ្លូវការកាន់តែឆាប់។
សូមជម្រាបថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម នៅឆ្នាំ២០១៧ កន្លងទៅ សម្រេចបាន ៣ពាន់៨រយលានដុល្លារអាមេរិក ដែលមានកំណើន ២៥% ធៀបនឹងឆ្នាំ២០១៦។ ដោយឡែក នៅបណ្ដាឆ្នាំខាងមុខនេះ ប្រទេសទាំងពីរតាំងចិត្តថា នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិក៕