ពិធីបុណ្យច្រត់ព្រះនង្គ័លនេះត្រូវបានធ្វើឡើងនៅខេត្តតាកែវ និងត្រូវបានផ្សាយតាមកញ្ចក់ទូរទស្សន៍នៅទូទាំងប្រទេស។ ពិធីនេះគឺជាការចាប់ផ្តើមនៃរដូវធ្វើស្រែនៅកម្ពុជាហើយមានអ្នកចូលរួមរាប់ពាន់នាក់ និងក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី។
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបាននិយាយតាមបណ្តាញសង្គមហ្វេសប៊ុកថា ពិធីបុណ្យច្រត់ព្រះនង្គ័លនេះក៏ជាការដាស់តឿនក្រើនរំឭកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។
បន្ទាប់ពីការភ្ជួរដីជានិមិត្តរូបនៅក្នុងកីឡដ្ឋានមួយក្នុងក្រុងដូនកែវរួចហើយ គោឧសភរាជពីរក្បាលបានបរិភោគស្រូវ និងសណ្តែក ៨៥ភាគរយ ខណ:ដែលបរិភោគពោត ៩០ភាគរយ។ ម្ហូបអាហារផ្សេងទៀតមានដូចជាល្ងរ ស្មៅ ទឹក និងស្រា។
លោក កង កេន ហោរាប្រចាំព្រះបរមរាជវាំង បានឧទិសប្រកាសបួងសួងឲ្យមានទឺកភ្លៀងធ្លាក់ចុះតាមរដូវកាល អាកាសធាតុដើរទៀងទាត់បំផុត និងឲ្យកម្ពុជាជៀសចាកផុតពីគ្រោះធម្មជាតិទាំងឡាយដែលតាមយាយីដល់ភោគផលកសិកម្មដែលជាអាយុជីវិតរបស់ប្រជាជន និងប្រទេសជាតិ។
លោក កាន់ គន្ធី នាយករងរបស់ក្រុមហ៊ុន AMRU Rice បានយល់ឃើញថា នឹងមានទិន្នផលស្រូវល្អនៅឆ្នាំនេះ ព្រោះភ្លៀងបានចាប់ផ្តើមនៅទូទាំងប្រទេសអស់រយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ហើយដែលអាចឲ្យកសិករចាប់ផ្តើមភ្ជួររាស់ដីបាន។
លោក កាន់ គន្ធីបាននិយាយដូច្នេះថា«ប្រសិនបើគ្មានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរនៅចុងខែកក្កដា និងខែសីហាទេ និងមិនមានទឹកជំនន់ឆ្នាំនេះ នោះយើងនឹងមានឆ្នាំដ៏ល្អបំផុត។»
លោក កាន់ គន្ធីបានបន្តថា«ការព្យាករណ៍ដោយសត្វគោមិនត្រូវរហូតទេ ប៉ុន្តែអាចទទួលយកបាន។»
ការទស្សន៍ទាយរបស់គោឧសភរាជនេះក៏មានភាពវិជ្ជមានសម្រាប់អង្ករកម្ពុជាបន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ពន្ធគយនាពេលថ្មីៗនេះ។
សហភាពអឺរ៉ុប កាលពីខែមករា បានចាប់ផ្ដើមយកពន្ធលើការនាំចេញអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅកាន់ទីផ្សារអឺរ៉ុប សម្រាប់រយៈពេលបីឆ្នាំ ដើម្បីការពារកសិករអឺរ៉ុប ដូចជា ប្រទសអ៊ីតាលី ជាដើម។
ក៏ប៉ុន្តែធនាគារពិភពលោក បាននិយាយថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនបានកើនឡើងខ្លាំងទៅវិញ បន្ទាប់ពីមានការយកពន្ធលើការនាំចូលអង្ករពីកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
គួរបញ្ជាក់ថា ថ្មីៗនេះ ប្រទេសចិនក៏បានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ដើម្បីទិញអង្ករពីកម្ពុជាប្រមាណ ៤០ ម៉ឺនតោនផងដែរ៕