
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយនឹងគណៈប្រតិភូសាធារណរដ្ឋបេឡារុស ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យកសិកម្ម។
ស្របពេលដែលការប្រើប្រាស់គ្រឿងយន្ដ ក្នុងវិស័យកសិកម្មកើនឡើងនេះ ឯកឧត្តម វេង សាខុន បានជំរុញឲ្យក្រុមហ៊ុនឯកជន ពិសេសក្រុមហ៊ុនបរទេស គួរតែពិនិត្យលទ្ធភាពក្នុងការផ្គត់ផ្គង់គ្រឿងយន្ដមានបច្ចេកទេសខ្ពស់ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មកម្ពុជា
បើតាមឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម ចំពោះស្ថានភាពក្នុងវិស័យកសិកម្មបច្ចុប្បន្ន កម្ពុជាបានវិវឌ្ឍន៍ពីការប្រើប្រាស់កម្លាំងអូសទាញដោយគោ ក្របី មកការប្រើប្រាស់គ្រឿងយន្តបានជាង ៩៧% ទៅហើយ ដែលនេះគឺជាយន្តការអាទិភាពក្នុងការលើកកម្ពស់ទំនើបកម្មកសិកម្ម និងយន្តុពាណិជ្ជកម្មកសិកម្ម នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួង។
មួយវិញទៀត ការវិវឌ្ឍន៍រីកចម្រើននៃការប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្មនេះ បានបង្កើនការប្រកួតប្រជែងជាខ្លាំងរវាងក្រុមហ៊ុនដែលផលិតគ្រឿងយន្ត ហើយទាមទារឲ្យមានការដាក់ចេញនូវបច្ចេកវិទ្យាថ្មីទំនើបជាបន្តបន្ទាប់។

ក្នុងន័យនេះ ឯកឧត្តម វេង សាខុន ក៏បានបញ្ជាក់ដល់ភាគីបេឡារុសថា គួរតែគួរពិនិត្យលទ្ធភាពក្នុងការផ្គត់ផ្គង់គ្រឿងយន្តដែលមានបច្ចេកវិទ្យាខ្ពស់សម្រាប់ប្រមូលផល និងក្រោយប្រមូលផល ធ្វើយ៉ាងណាបង្កើនភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ និងភាពប្រកួតប្រជែងដល់ប្រជាកសិកររបស់កម្ពុជា។ ហើយឯកឧត្តម ក៏បានស្នើឲ្យភាគីបេឡារុសពិនិត្យលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្ម វិនិយោគលើការកែច្នៃ និងនាំចេញផលិតផលកសិកម្មកម្ពុជាទៅបរទេសផងដែរ។
គួរបញ្ជាក់ដែរថា បើតាមប្រសាសន៍ របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថ្មីៗនេះ កម្ពុជាមានសមត្ថភាពផលិតផលិតផលកសិកម្ម ក្នុងមួយឆ្នាំៗ ប្រមាណ ៣០ លានតោនឯណោះ ខណៈដែល កាលពីឆ្នាំ២០១៨ កម្ពុជាបាននាំចេញផលិតផលកសិកម្មផ្លូវការសរុបជាង ៤លាន ៣សែនតោន ហើយបើសិនគិតទាំងផលិតផលនាំចេញក្រៅផ្លូវការ គឺមិនតិចជាង ៧លានតោនទេ។