វិស័យដឹកជញ្ជូន

កម្ពុជា នៅរង់ចាំភាគីវៀតណាម ក្នុងការដាក់ឱ្យដំណើរការកប៉ាល់ដឹកអ្នកដំណើរទៅមកកំពត-កោះត្រល់


ថ្នាក់ដឹកនាំក្រុមហ៊ុន វីរៈប៊ុនថាំ បានបង្ហាញក្តីរំពឹងថា ក្រោយកប៉ាល់ទំនើបដឹកអ្នកដំណើរទៅមករវាងខេត្តកំពត និងកោះត្រល់ របស់ក្រុមហ៊ុនខ្លួនដាក់ឱ្យដំណើរការជាផ្លូវការនោះ នឹងអាចស្រូបទាញភ្ញៀវទេសចរធ្វើដំណើរបានប្រមាណ៥០ម៉ឺន ទៅ៧០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៥នេះ។ ថ្នាក់ដឹកនាំរូបនេះបានគូសបញ្ជាក់ថា ភាគីកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់ឱ្យដំណើរការកប៉ាល់ទំនើបដឹកអ្នកដំណើរនេះ ដោយនៅរង់ចាំតែការរៀបចំនីតីវិធីមួយចំនួនពីភាគីវៀតណាម ប៉ុណ្ណោះ។
វិស័យដឹកជញ្ជូន
ដោយ

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានគូសបញ្ជាក់ថា មកទល់ពេលនេះ កប៉ាល់ទំនើបដឹកអ្នកដំណើរទៅមករវាងខេត្តកំពត និងកោះត្រល់ របស់ក្រុមហ៊ុនខ្លួន នៅពុំទាន់បានដាក់ឱ្យដំណើរជាផ្លូវការនៅឡើយទេ ខណៈកន្លងមកគ្រោងដាក់ឱ្យដំណើរការនៅក្នុងខែមីនា ឆ្នាំនេះ។ ភាពយឺតយ៉ាវនៃការដាក់ឱ្យដំណើរការនេះ ក៏ដោយសារកម្ពុជា នៅរង់ចាំការបើកផ្លូវទឹកពីភាគីវៀតណាម ខណៈកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ ទាំងការដាក់ច្រកអន្តោប្រវេសន៍ និងគយជាដើម។

យ៉ាងណាមិញ សម្រាប់ការដាក់ឱ្យបើកដំណើរការជាផ្លូវការបាននៅពេលណានោះ អ្នកឧកញ៉ា សួរ វីរៈ នៅមិនទាន់អាចកំណត់បាននៅឡើយនោះទេ ខណៈក្រសួងពាក់ព័ន្ធរបស់កម្ពុជា កំពុងពន្លឿនការចរចាជាមួយភាគីវៀតណាម លើបញ្ហានេះ និងរំពឹងថា នឹងអាចដាក់ឱ្យដំណើរជាផ្លូវការក្នុងពេលឆាប់ៗនេះ ស្របពេលដែលកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតនឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ ថ្នាក់ដឹកនាំរូបនេះ រំពឹងថា កម្ពុជានឹងអាចស្រូបទាញភ្ញៀវទេសចរបានចន្លោះពី៥០ម៉ឺន ទៅ៧០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៥ នេះ បន្ទាប់ពីកប៉ាល់ទំនើបដឹកអ្នកដំណើររវាងកំពង់ផែទេសចរណ៍ខេត្តកំពត និងកោះត្រល់ ដាក់ឱ្យដំណើរការ។

​គួរជម្រាបថា ក្រុមហ៊ុន វីរៈប៊ុនថាំ បានដាក់ឱ្យដំណើរការសាកល្បងកប៉ាល់ដឹកអ្នកដំណើរទៅមករវាងខេត្តកំពត និងកោះត្រល់ ​ទំនើបដំបូងគេ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ដោយការធ្វើដំណើរតាមកប៉ាល់ទំនើបនេះចំណាយពេលធ្វើដំណើរត្រឹមតែប្រមាណ៤០នាទីប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុន វីរៈប៊ុនថាំ កប៉ាល់ដឹកអ្នកដំណើរដ៏ទំនើបដឹកអ្នកដំណើរពីខេត្តកំពត ទៅកោះត្រល់នេះ មានច្រើនប្រភេទខុសៗគ្នា ដោយកប៉ាល់នីមួយៗ មានតម្លៃចាប់ពី៦០ម៉ឺន ដល់ជាង១លានដុល្លារ ក្នុង១គ្រឿង ជាមួយសមត្ថភាពអាចដឹកអ្នកដំណើរបានចាប់ពី១០០នាក់ ទៅជាង២០០នាក់ ក្នុង១ជើង ខណៈតម្លៃសំបុត្រធ្វើដំណើរមានន្លោះពី២៨ដុល្លារ ទៅ៣២ដុល្លារសម្រាប់មនុស្សម្នាក់​៕




អត្ថបទបន្ទាប់


តើបំណុលពលរដ្ឋកើនដល់ជិត៦០ពាន់លានដុល្លារ ជាទំហំគួរឱ្យព្រួយបារម្ភ ឬយ៉ាងណា?

គិតត្រឹមដំណាច់ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរជាង៥លាននាក់ កំពុងប្រើប្រាស់ឥណទាននៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាមួយទំហំកម្ចីជិត៦០ពាន់លានដុល្…

តើមានកត្តាប្រឈមអ្វីខ្លះធ្វើឱ្យការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យានៅតាមតំបន់មួយចំនួនហាក់មិនសូវមានប្រសិទ្ធភាព?

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ឃើញថា មានតែការធ្វើផលិតកម្មកសិកម្មក្រោមកិច្ចសន្យាប៉ុណ្ណោះ ដែលអាចជួយធ្វើវិស័យកសិកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ