រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅ នៅឆ្នាំ ២០៣០ នឹងអភិវឌ្ឍកម្ពុជាពីប្រទេសចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសចំណូលខ្ពស់ ត្រឹមឆ្នាំ២០៥០។
ប៉ុន្ដែ បើតាមរបាយការណ៍ ដែលបានចេញផ្សាយដោយធនាគារពិភពលោក បានបង្ហាញថា គោលដៅនេះ ទំនងជាមិនអាចសម្រេចបានជោគជ័យនោះឡើយ ព្រោះថា បណ្ដាប្រទេសជាខ្លាសេដ្ឋកិច្ចមួយចំនួននៅអាស៊ី ដូចជា ប្រទេសម៉ាឡេស៊ី និងថៃ ជាដើម ធ្លាប់បានបរាជ័យលើគោលដៅនេះដូចគ្នាដែរ។ លើកលែងតែប្រទេសចិនប៉ុណ្ណោះ ដែលបានប្រើប្រាស់ពេលវេលា ១៣ឆ្នាំ ដើម្បីសម្រេចបានមហិច្ឆតាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ ប្រចាំធនាគារពិភពលោក បានលើកឡើងថា ប្រសិនបើកម្ពុជា មិនមានការកែប្រែអភិវឌ្ឍខ្លួនបន្ថែមឲ្យបានទាន់ពេលវេលានោះទេ ការឈានទៅសម្រេចមហិច្ឆតាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ដោយជោគជ័យ នឹងមានអត្រាភាគរយតិចណាស់។
តាមរបាយការណ៍ពីធនាគារពិភពលោក ដើម្បីក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០បាន កម្ពុជា ចាំបាច់ត្រូវបង្កើនចំណូលជាតិសរុប សម្រាប់មនុស្សម្នាក់ រហូតដល់ ៣.៨៩៦ ដុល្លារអាមេរិក ខណៈដែលកាលពីឆ្នាំ ២០១៧ ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ មានតែ ១.២៣០ ដុល្លារអាមេរិកប៉ុណ្ណោះ។ ដូច្នេះ រយៈពេលជាង១០ឆ្នាំទៅមុខទៀត កម្ពុជា ចាំបាច់ត្រូវបង្កើនអត្រា ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ រហូតដល់ ៩,៣% ពោលគឺលើស ៣ដង នាពេលបច្ចុប្បន្ន។
បើតាមរបាយការណ៍ដដែល បានគូសបញ្ជាក់ថា មាន ៤ចំណុច ដែលជាជម្រើសគោលនយោបាយ ដើម្បីអាចឲ្យកម្ពុជាឈានទៅសម្រេចគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ រួមមាន៖
ទី១ គឺកម្ពុជាគួរពិចារណាពន្យាពេល ពីការកំណត់គោលដៅត្រឹមឆ្នាំ២០៣០ ទៅឆ្នាំ ២០៣៥ វិញ ព្រោះថា ២០៣០ វាជាមហិច្ឆតាធំខ្លាំងពេក ហើយសូម្បីប្រទេសខ្លាសេដ្ឋកិច្ចមួយចំនួន ក៏បានបរាជ័យលើគោលដៅនេះដែរ។ ហើយនៅត្រឹមឆ្នាំ ២០៣៥ កម្ពុជាត្រូវធ្វើយ៉ាងណារក្សាកំណើនចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ឲ្យបានក្នុងអត្រា ៦,៦% ខណៈដែល៥ឆ្នាំ ចុងក្រោយមកនេះ ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់មានអត្រាកំណើន ៥,២%។
ទី២ កម្ពុជា ត្រូវរក្សាឲ្យបាននូវអត្រានៃមូលធនមនុស្ស និងកំណើនកត្តាផលិតភាពការងារឲ្យបានរឹងមាំ។
ទី៣ ត្រូវបង្កើនការវិនិយោគយ៉ាងហោចណាស់ ប្រមាណ ជាង ២៨% នៃGDP នៅត្រឹមឆ្នាំ២០៣០។
និងទី៤ ត្រូវបង្កើន ការសន្សំក្នុងស្រុក ប្រមាណ ១០% នៃ GDP នៅត្រឹមឆ្នាំ២០៣០ សំដៅកាត់បន្ថយនូវការពឹងផ្អែកលើលំហូរមូលធនពីក្រៅប្រទេស។
យ៉ាងណាក៏ដោយចុះ បើតាមការគូសបញ្ជាក់ ពីឯកឧត្តម ឈាង វណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា តាមអ្វីដែលរាជរដ្ឋាភិបាលបានសិក្សា និងវាយតម្លៃ នៅឆ្នាំ២០៣០ កម្ពុជា ពិតជាអាចសម្រេចបាននូវ គោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នេះ។ ហើយឯកឧត្តម បានបញ្ជាក់ទៀតថា ការលើកឡើងរបស់របាយការណ៍ធនាគារពិភពលោកដែលថា កម្ពុជា គួរតែពន្យារពេលទៅដល់ ២០៣៥ ដើម្បីសម្រេចគោលដៅនោះ គឺវាធ្វើឡើងទៅតាមបច្ចេកទេសផ្សេងគ្នា ពីអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ។ តែយ៉ាងណា ខាងរាជរដ្ឋាភិបាល នឹងបន្តពិភាក្សាបន្ថែមទៀតលើរឿងនេះ៕