កិច្ចព្រមព្រៀងហិរញ្ញប្បទានទាំងនេះ ត្រូវបានចុះហត្ថលេខា នាថ្ងៃទី ២២ខែធ្នូ ឆ្នាំ២០២២ ដោយ ឯកឧត្តមអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាយកស្ថានតំណាងរបស់ ADB នៅកម្ពុជា និងនាយកស្ថានតំណាង AFD ប្រចាំកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
បើតាមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង/កម្មវិធីចំនួន៦ មានដូចជា ទី១-កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល-អនុកម្មវិធី មានគោលបំណងរួមចំណែកគាំទ្រកម្ពុជាក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាតដែលនឹងជំរុញក៏ណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ជំរុញល្បឿននៃការប្រែក្លាយទៅជាសេដ្ឋកិច្ចបៃតង និងកាត់បន្ថយការបញ្ចេញកាបួន ព្រមទាំងជំរុញការវិនិយោគប្រកបដោយភាពប្រកួតប្រជែង ក្នុងវិស័យថាមពល តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ទី២-គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីភាព មានគោលបំណងអភិវឌ្ឍស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធតំបន់សមុទ្រ ដើម្បីលើកកម្ពស់ផលិតភាពផលនេសាទសមុទ្រ, ពិពិធកម្មជីវភាពប្រជានេសាទដែលធន់នឹងអាកាសធាតុ, ជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងជំរុញពាណិជ្ជបនីយកម្មផលនេសាទសមុទ្រ។
ទី៣- គម្រោង សុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ មានគោលបំណងចម្បង ២ គឺលើកកម្ពស់ផលិតភាព, គុណភាព, ពាណិជ្ជកម្ម,ពិពិតកម្ម និងពង្រីកការចិញ្ចឹមសត្វ និងកែច្នៃផលិតផលបសុសត្វ ស្របតាមក្របខណ្ឌនៃផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍបសុសត្វឆ្នាំ២០១៦-២០២៥ និងលើកកម្ពស់សុខភាពបសុសត្វ និង ពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃប្រកបដោយភាតរៈបរិស្ថាន។ ទី៤- គម្រោងសុខភាពតាមតំបន់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ មានគោលបំណងលើកកម្ពស់ការទទួលបានសេវាសុខាភិបាលរបស់ប្រជាជនដែលរស់នៅតាមព្រំដែន និងប្រជាជនចំណាកស្រុកឆ្លងកាត់ព្រំដែនមួយចំនួន ដោយផ្តោតជាចម្បងលើការពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល និង ការគាំពារហិរញ្ញវត្ថុសម្រាប់សេវាថែទាំសុខភាពជូនប្រជាជនចំណាកស្រុក។
ទី៥- កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង-អនុកម្មវិធីទី១ មានគោលបំណងជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងភាពប្រកួតប្រជែងនៅកម្ពុជា ដោយផ្តោតជាចម្បងលើកត្តាចំនួន៣ មានជាអាទិ៍ ទី១.ការលើកកម្ពស់បរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគ និងការធ្វើកិច្ច, ទី២.ជំរុញការរីកលូតលាស់នៃសហត្រាសខ្នាតតូច និងមធ្យម, និងទី៣.កែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។
ដោយឡែកចំពោះគម្រោងទី៦- គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា មានគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការអប់រំថ្នាក់មធ្យមសិក្សាទុតិយភូមិ ដោយផ្តោតជាចម្បងលើកត្តាចំនួន៣ មានជាអាទិ៍ ទី១.ការពង្រីកវិសាលភាពនៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិតាមស្ដង់ដារ និងប្រកបដោយសមធម៌, ទី២.ការពង្រឹងគុណភាពនៃការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងទី៣.ការលើកកម្ពស់ស្ថាប័នក្នុងការធ្វើផែនការ, ការគ្រប់គ្រងនិងការបង្រៀន។
ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ជាក់ឡើងវិញអំពីកិច្ចសហប្រតិបត្តិការរបស់ធនាគារ ADBនាពេលកន្លងមក ដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤,៧៧ពាន់លានដុល្លារ ដែលក្នុងនោះឥណទានសម្បទានមានទឹកប្រាក់សរុបចំនួនប្រមាណ ៤,២០ ពាន់លានដុល្លារ សម្រាប់អនុវត្តតម្រោង/កម្មវិធីចំនួន ១៣០ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨លានដុល្លារអាមរិកសម្រាប់អនុវត្តគម្រោងកម្មវិធីចំនួន ៦៩ ផងដែរ៕